
លោកSamuel A. Alito Jr. សមាជិកតុលាការយុត្តិធម៌កំពូលឈរថតនៅក្នុងតុលាការក្រុងវ៉ាស៊ីនតោន។ AFP
កាលពីថ្ងៃចន្ទ តុលាការជាន់ខ្ពស់បានជជែកវែកញែកលើរឿងក្ដីលួចវត្ថុបុរាណពីជនជាតិជ្វីហ្វ ដោយប្រទេសអាល្លឺម៉ង់ និងហុងគ្រី ក្នុងសម័យណាហ្ស៊ី ដោយស្ទាក់ស្ទើរថា តើគួរឱ្យបន្តបណ្ដឹងនេះទៅតុលាការសហរដ្ឋអាមេរិកដែរ ឬយ៉ាងណា?។
ករណីនេះ ត្រូវបានលើកឡើងដោយក្រុមជនជាតិជ្វីហ្វ ១៤ នាក់ ដែលនៅរស់រានមានជីវិតពីសម័យណាហ្ស៊ី ដោយទាមទារសំណងទ្រព្យសម្បត្តិពីពួកគេ និងក្រុមគ្រួសារ ខណៈ ពេលអាល្លឺម៉ង់បានបង្ខំឱ្យជនជាតិជ្វីហ្វរាប់រយពាន់នាក់ចេញពីទីលំនៅរបស់ពួកគេដោយជិះរថភ្លើងទៅកាន់ជំរំប្រមូលផ្តុំ ដើម្បីត្រៀមសម្លាប់ផ្ដាច់ពូជកាលពីរដូវក្ដៅឆ្នាំ ១៩៤៤។
លោកស្រី Sarah E. Harrington មេធាវីដើមបណ្តឹងបានជំរុញឱ្យចៅក្រមពិចារណាលើករណីនេះ ដោយនិយាយថា៖ «ជនជាតិហុងគ្រី បានយកអ្វីៗទាំងអស់ ដែលជាកម្មសិទ្ធិដើមបណ្តឹង រួមទាំង ទ្រព្យសម្បត្តិ ដែលចាំបាច់សម្រាប់ការរស់រានមានជីវិត ដូចជាទីជម្រក សម្លៀកបំពាក់ និងថ្នាំពេទ្យក្នុងគោលបំណងធ្វើបាប និងបំផ្លាញផ្លូវកាយជនជាតិជ្វីហ្វនៅក្នុងប្រទេសហុងគ្រី។ វាជាអំពើប្រល័យពូជសាសន៍»។
ករណី ១ ទៀត គឺពាក់ព័ន្ធនឹងអ្នកទទួលចែកចាយវត្ថុសិល្បៈបុរាណជ្វីហ្វ នៅ Frankfurt បានលក់ស្នាដៃសិល្បៈគ្រីស្ទានមជ្ឈិមសម័យ (ឆ្នាំ ១៩៣៥) មានឈ្មោះថា Guelph Treasure ក្នុងតម្លៃថោកជាងតម្លៃដើមទាំងបង្ខំ ដែលគ្រឿងសិល្បៈបុរាណទាំងអស់នេះលក់តែក្នុងតម្លៃប្រមាណ ២៥០ លានដុល្លារប៉ុណ្ណោះ។
វត្ថុបុរាណចំនួន ៤២ ឥឡូវនេះកំពុងត្រូវបានគេតម្កល់នៅក្នុងសារមន្ទីរសិល្បៈតុបតែង (Museum of Decorative Arts) នៅប៊ែរឡាំង។ កាលពីឆ្នាំ ២០១៤ គណៈកម្មការអាល្លឺម៉ង់បានកំណត់ថា សារមន្ទីរមានសិទ្ធិកាន់កាប់វត្ថុបុរាណទាំងអស់នេះ ដោយស្របច្បាប់ហើយ មិនចាំបាច់សងមកវិញទេ។
គណៈកម្មការបាននិយាយថា ការលក់វត្ថុបុរាណក្នុងឆ្នាំ ១៩៣៥ គឺជាការលក់ដោយស្ម័គ្រចិត្តធ្វើឡើងបន្ទាប់ពីមានការចរចារយៈពេល ១ ឆ្នាំ ដែលតម្លៃនេះ គឺតម្លៃប្រហែលពាក់កណ្តាលកើតមកពីការចរចារវាងភាគីទាំង ២។
យ៉ាងណាមិញ តុលាការជាន់ខ្ពស់កំពុងពិចារណាលើករណីទាំង ២ ពោលគឺគួរតែបន្តឱ្យតុលាការសហរដ្ឋអាមេរិកដែលជាអ្នកដោះស្រាយដែរ ឬយ៉ាងណា។ ទាក់ទិននឹងករណីនេះ តុលាការជាន់ទាបបានយល់ព្រមឱ្យតុលាការអាមេរិកអ្នកចាត់ចែងរឿងនេះ។
ក្នុងការជជែកវែកញែកអស់រយៈពេលជិត ៣ ម៉ោង តាមទូរស័ព្ទខាងអ្នកអភិរក្សនិយម និងខាងតុលាការយុត្តិធម៌ហាក់ដូចជាមានការព្រួយបារម្ភអំពីការដែលឱ្យអាមេរិកកាត់ក្ដីរឿងនេះ ដោយសារតែខ្លាចអាមេរិកកាត់ក្ដីរឿងនេះ ដូចរឿងក្ដី ២ កាលលើកមុន បូកជាមួយនឹងភាពស្មុគស្មាញនៃគោលការណ៍តុលាការរបស់អាមេរិកលើការកាត់ក្ដីលើរឿងក្ដីបរទេស។
អ្នកនាំមុខតុលាការយុត្តិធម៌លោក John Roberts បាននិយាយថា៖ «ដោយមើលឃើញពីរបៀបនៃទំនាក់ទំនងអន្តរជាតិ វាជាករណីស្រួលសន្និដ្ឋានណាស់ថា ការចូលរួមរបស់អាមេរិកក្នុងការកាត់ក្ដីរឿងនេះ ហាក់ដូចមិនសមរម្យសោះ»។ ប៉ុន្តែគាត់បានបន្តថា ជាធម្មតាតុលាការមិនគួរពាក់ព័ន្ធនឹងករណីបែបនេះ ប៉ុន្តែអាចជាករណី «សមរម្យនិយាយឱ្យត្រង់ទៅ គឺលើករណីណា ដែលធ្វើឱ្យរសើបទំនាក់ទំនងអន្តរជាតិ»។
ការជជែកវែកញែកនេះក៏បានលើកឡើងអំពីគោលការណ៍នៃ «ផលប្រយោជន៍ទាំងសងខាងនៃទំនាក់ទំនងអន្តរជាតិផង» ដែលអាចអនុញ្ញាតឱ្យតុលាការសហព័ន្ធបញ្ចៀសការដោះស្រាយបណ្តឹងរបស់ដើមបណ្តឹង ទោះបីជាតុលាការមានយុត្តាធិការក៏ដោយ។
លោក Gregory Silbert មេធាវីរបស់ប្រទេសហុងគ្រី បាននិយាយថា តុលាការប្រទេសខ្លួនគួរតែជាអ្នកដោះស្រាយបញ្ហានេះមុនគេបង្អស់។ លោកបាននិយាយថា «នៅពេលមានពាក្យបណ្តឹងចោទប្រកាន់ថា មានភាគីបរទេសមួយធ្វើបាបភាគីបរទេសផ្សេងទៀតក្នុងប្រទេសក្រៅតុលាការ សហព័ន្ធអាចបដិសេធយុត្តាធិការក្នុងការគាំទ្ររឿងក្តីបរទេសនេះ។»
លោកបានអះអាងថា ករណីនេះក៏អាចអនុវត្តបានលើករណីនៅអាមេរិកដែរ ពោលគឺបើមានរឿងកើតឡើងធ្វើដោយជនជាតិអាមេរិកនៅអាមេរិក ច្បាប់ប្រទេសហុងគ្រី ក៏មិនអាចអនុម័តរឿងក្ដីនៅអាមេរិកបានដូចគ្នា។
សមាជិកតុលាការយុត្តិធម៌កំពូល លោក Samuel A. Alito Jr. មានការងឿងឆ្ងល់អំពីមូលហេតុអ្វី ដែលត្រូវឱ្យចៅក្រមជាអ្នកកាត់ក្ដីរឿងនេះវិញ ខណៈដែលរឿងក្ដីនេះគួរតែជារឿងរបស់អ្នកការទូតទេ ដែលជាអ្នកវាយតម្លៃពីផលប៉ះពាល់នៃទំនាក់ទំនងអន្តរជាតិ និងសម្រេចឱ្យដើមបណ្ដឹងប្តឹងប្រទេសចុងចោទ ឬត្រូវបន្តដំណើរការនេះទៅតុលាការអាមេរិក ឬអត់។
លោកបាននិយាយថា៖ «ចៅក្រមក្នុងស្រុកទាំងអស់មានជិត ៧០០ នាក់។ តើអ្នកឯងចង់ឱ្យគាត់ម្នាក់ៗហ្នឹងអ្នកកាត់ក្ដីថា បណ្តឹង ១ ៗហ្នឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងបរទេសដែរឬ?»។
អ្នកស្រី Elena Kagan ជាសមាជិកតុលាការយុត្តិធម៌អាមេរិកបានបញ្ចេញអារម្មណ៍ថា នេះគឺជាការទម្លាក់រឿងឱ្យអ្នកចាត់ចែងខុស។ អ្នកស្រីនិយាយថា ហេតុអ្វីបានឱ្យតុលាការអាមេរិករំពឹងថា ពួកយើងនឹងដោះស្រាយរឿងក្ដីដ៏ពិបាក និងរសើបមួយនេះអ៊ីចឹង? ហេតុអ្វីបានជាខាងអាមេរិកត្រូវប្រឡាក់ដៃរឿងនេះ?
អ្នកស្រីបាននិយាយថា លុះត្រាតែរឿងនេះ ជារឿងមួយដែលអាចធ្វើឱ្យប្រទេស ១ ទៀត ក្ស័យធន ឬក៏ធ្វើឱ្យទំនាក់ទំនងប្រទេសទាំង ២ បែកខ្ចាត់ខ្ចាយទើបតុលាការអាមេរិកជួយដោះស្រាយដូចករណីនៅហុងគ្រីមួយ ដែលគេវាយតម្លៃថា រឿងក្ដីនេះអាចនឹងធ្វើឱ្យបាត់បង់ចំណូលក្នុងស្រុកប្រទេសនេះ ៤០ ភាគរយអីទើបសមហេតុផលនឹងឱ្យតុលាការអាមេរិកជួយដោះស្រាយ៕