កាល​ពី​ថ្ងៃ​សុក្រ​ទី ២៧ តុលាការ​ឧទ្ធរណ៍​ប្រចាំ​ទីក្រុង Philadelphia បាន​ច្រានចោល​ពាក្យ​បណ្ដឹង​របស់​ក្រុម​រៀបចំ​យុទ្ធនាការ​បោះឆ្នោត​របស់​លោក Trump ដែល​បាន​ស្នើ​ឱ្យ​រារាំង​ការ​បញ្ជាក់​លទ្ធផល​ថា លោក Joe Biden បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី ៣ វិច្ឆិកា ​នៅ​រដ្ឋ Pennsylvania។

លោក​ចៅក្រម Stephanos Bibas ដែល​ត្រូវ​បាន​លោក​ Trump តែងតាំង​កាល​ពី​ឆ្នាំ ២០១៧ ក្នុង​នាម​អង្គ​ចៅក្រម​ឧទ្ធរណ៍​ទាំង ៣ រូប បាន​សរសេរ​ក្នុង​ការ​សម្រេច​ចិត្ត​ជា​ឯកច្ឆន្ទ​ថា៖ «ការ​បោះឆ្នោត​ ដោយ​សេរី​និង យុត្តិធម៌​ គឺ​ជា​សរសៃ​ឈាម​នៃ​លទ្ធិប្រជាធិបតេយ្យ​យើង។ ​ការ​ចោទ​ប្រកាន់​ពី​ភាព​អយុត្តិធម៌​គឺ​ធ្ងន់ធ្ងរ​ណាស់​តែ​ការ​ហៅ​ការ​បោះឆ្នោត​ថា អយុត្តិធម៌ គឺ​មិនមែន​មាន​ន័យ​ថា​វា​អយុត្តិធម៌​ទេ។ ការ​ចោទ​ប្រកាន់​ត្រូវ​ការ​អំណះអំណាង និង​បន្ទាប់​ភ័ស្តុតាង។ ឥឡូវ​នេះ យើង​មិន​មាន​ទាំង ២»។

លោក Bibas បាន​សរសេរ​បន្ត​ទៀត​ថា៖ «អ្នក​បោះឆ្នោត​មិន​មែន​មេធាវី​ទេ ​ដែល​ជា​អ្នក​ជ្រើស​រើស​ប្រធានាធិបតី​សន្លឹកឆ្នោត​មិនមែន​​ពាក្យ​បណ្ដឹង​ទេ​​ដែល​សម្រេច​ការ​បោះឆ្នោត»។

មុន​នឹង​រឿង​ក្ដី​នេះ​បាន​ទៅ​ដល់​តុលាការ ឧទ្ធរណ៍ ចៅក្រម​ តុលាការ​ដំបូង លោក Matthew Brann បាន​ច្រានចោល​ម្ដង​រួច​ទៅ​ហើយ ដោយ​លោក​បាន​សរសេរ​ក្នុង​ការ​សម្រេច​ចិត្ត​ថា៖ «តុលាការ​ត្រូវ​បាន​បង្ហាញ​អំណះអំណាង​គ្មាន​​គុណ​សម្បតិ្ត​ការ​ចោទ​ប្រកាន់​តាម​ការ​ប៉ាន់​ស្មាន និង​ភ័ស្តុតាង​មិន​មាន​ការ​គាំទ្រ។ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នេះ មិន​អាច​ធ្វើ​ជា​ហេតុផលសម្រាប់​ការ​ដក​សិទ្ធិ​អ្នក​បោះឆ្នោត​ម្នាក់​ដោយ​មិន​បាច់​និយាយ​ពលរដ្ឋ​ទាំង​អស់​របស់​រដ្ឋ​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​ទី៦ ។ ប្រជាជន ​ច្បាប់ និង​ស្ថាប័ន​របស់​យើង​ទាមទារ​ច្រើន​ជាង​នេះ»។

ក្រោយ​ពី​ការ​សម្រេច​របស់​តុលាការ​ឧទ្ធរណ៍ ​មេធាវី​តំណាង​លោក Trump គឺ​លោក​ស្រី Jenna Ellis បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម Twitter ក្នុង​នាម​លោកស្រី និង​លោក​មេធាវី ​Rudy Giuliani ថា៖ «សកម្មជន​នៅ​ក្នុង​រដ្ឋ Pennsylvania នៅ​តែ​បន្ត​បិទបាំង​ការ​ចោទ​ប្រកាន់​ពី​ការ​ក្លែង​បន្លំ​ដ៏​ធំ»។

ក្នុង​សារ​ដដែល​លោកស្រី Ellis បាន​បង្ហាញ​ថា ក្រុម​មេធាវី​នឹង​បន្ត​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​កំពូល​អាមេរិក។ អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា ក្រុមមេធាវី លោក Trump នឹង​រំពឹង​លើ​សំឡេង​ចៅក្រម​អភិរក្ស​និយម ៦-៣ តែ​មាន​ភាគរយ​តិច​ណាស់ ដែល​លោក​ទទួល​ជ័យជម្នះ​ដោយ​មិនមាន​ភ័ស្តុតាង​ច្បាស់​លាស់។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចៅក្រម​តុលាការ​ដំបូង លោក Matthew Brann និង​ចៅក្រម​តុលាការ​ឧទ្ធរណ៍​ទាំង ៣ រូប គឺ​ជា​ចៅក្រម​អភិរក្ស​និយម​ទាំង​អស់ ​ដែល​បាន​ណែនាំ​តែងតាំង​ដោយ​ប្រធានាធិបតី​មក​ពី​បក្ស​សាធារណរដ្ឋ។

តាំង​ពី​ពេល​មាន​សញ្ញា​ថា លោក Biden នឹង​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្រុម​លោក Trump បាន​ព្យាយាម​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា និង​រារាំង​ការ​បញ្ជាក់​លទ្ធផល​ការ​បោះឆ្នោត​នៅ​រដ្ឋ​សំខាន់ៗ​ដែល​លោក​បាន​ឈ្នះ​ដូចជា Arizona, Georgia, Michigan, Nevada, និង Pennsylvania។

ពាក្យ​បណ្ដឹង​របស់​ក្រុម​លោក Trump បាន ទទួល​បរាជ័យ​សឹង​តែ​ទាំង​អស់​ហើយ ​ដោយសារ​ការ​ចោទ​ប្រកាន់​របស់​លោក Trump ថា​មាន​ការ​​ក្លែងបន្លំ​ខ្នាត​ធំ​ក្នុង​ការ​បោះឆ្នោត​ ២០២០ គឺ​គ្មាន​អំណះអំណាង និង​ភ័ស្តុតាង​ច្បាស់លាស់។

នៅ​ឯរដ្ឋ Wisconsin វិញ លោក Trump បាន​ទាមទារ​ឱ្យ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ នៅ​ស្រុក​ដែល​លោក Biden បាន​ឈ្នះ ចំនួន ២ ក្នុង​គោល​បំណង​ពិនិត្យ​រក​កំហុស​លើ​សន្លឹក​ឆ្នោត និង​ធ្វើ​ការ​តវ៉ា​សន្លឹក​ឆ្នោត​ទាំង​នោះ។ ការ​រាប់​ឡើង​វិញ តូ្រវ​បាន​បញ្ចប់​នៅ​ថៃ្ង​សុក្រ​ដដែល ដោយ​ចុង​ក្រោយ​លទ្ធផល​ គឺ​នៅ​តែ លោក Biden ឈ្នះ និង​ថែម​ទាំង​កើន​សន្លឹក​ឆ្នោត​បាន​ចំនួន ១៣២ ទៀត​ផង​ដែរ។

តាម​ច្បាប់​រដ្ឋ Wisconsin បេក្ខជន​ដែល​បាន​ស្នើ​ឱ្យ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ត្រូវ​តែ​បង់​ប្រាក់​សម្រាប់​ការ​រាប់​ឡើង​វិញ​កុ្នង​ករណី​នេះ ក្រុម​រៀបចំ​យុទ្ធនាការ​បោះឆ្នោត លោក Trump បាន​បង់​អស់​ប្រមាណ ៣ លាន​ដុល្លារ។

យ៉ាង​ណា​មិញ ការ​បោះឆ្នោត​អាសនៈ​ព្រឹទ្ធសភា​ទាំង ២ របស់​រដ្ឋ Georgia នៅ​មិន​ទាន់​ចប់​នៅ​ឡើយ ដោយ​គ្មាន​បេក្ខជន​ណា​ទទួល​បាន​សំឡេង​ឆ្នោត ៥០% ក្នុង​ការ​បោះឆ្នោត ៣ វិច្ឆិកា ដូច្នេះ ការ​បោះ​ឆ្នោត​នឹង​បន្ត​ទៅ​ជុំ​ទី២។ ការ​ចោទ​ប្រកាន់​ដោយ លោក Trump ទៅ​លើ​ភាព​ត្រឹមត្រូវ​របស់​ការ​បោះឆ្នោត​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ប្ដេជ្ញា​ធ្វើ​ពហិការ​មិន​ទៅ​បោះឆ្នោត​ជុំទី២។

បើសិន​បក្ស​ប្រជាធិបតេយ្យ​បាន​ឈ្នះ​អាសនៈ​ទាំង ២ នេះ ​នោះ​បក្ស​សាធារណ​រដ្ឋ​នឹង​បាត់បង់​សំឡេង​ភាគ​ច្រើន​ហើយ​សំឡេង​ក្នុង​ព្រឹទ្ធសភា​នឹង​ស្មើគ្នា ៥០-៥០។

បើ​សិន​រឿង​នេះ​កើត​ឡើង​អនុប្រធានាធិបតី​ជាប់​ឆ្នោត Karmala Harris នឹង​ត្រូវ​ដើរ​តួ​ជា​​អ្នក​បំបែក​ភាព​ស្មើ​គ្នា​នៅ​ក្នុង​ព្រឹទ្ធសភា។ លោក Trump ​បាន​អំពាវនាវ​ក្រុម​អ្នក​គាំទ្រ​លោក​ឱ្យ​ចូលរួម​ការ​បោះ​ឆ្នោត​នេះ ដើម្បី​ការពារ​សំឡេង​ភាគ​ច្រើន​ក្នុង​ព្រឹទ្ធសភា។

លោក Biden ត្រូវ​បាន​គេ​សន្មត​ថា លោក​បាន​ទទួល​អង្គ​បោះឆ្នោត​ចំនួន ៣០៦ ធៀប​នឹង ២៣២ របស់​លោក Trump។

ថ្មីៗ​នេះ លោក Trump បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ផេ្ទរ​អំណាច​ប្រព្រឹត្ត​ទៅ​ជា​ផ្លូវ​ការ​តែ​លោក​នៅ​តែ​ប្រកាន់​ជំហរ​ថា មាន​ការ​ក្លែងបន្លំ​សន្លឹក​ឆ្នោត​ខ្នាត​ធំ និង​បន្ត​ការ​តវ៉ា។ រីឯ​លោក Biden វិញ បាន​ចាប់​ផ្ដើម​បញេ្ចញ​ឈ្មោះ​គណៈរដ្ឋមន្ត្រី​ដោយ​ធ្វើ​ការ​ប្រកាស​ជម្រើស​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ជាតិ​មុន​គេ៕