ក្រុង​រ៉ាស ​អាល់​អាន៖ ​ប្រទេស តួកគី ​បាន​បើក​កា​រវាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​មួយ​ទៅ​លើ​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​ឃើដ​នៅ​ស៊ីរី​ភាគ​ឦសាន​កាល​ពី​ថ្ងៃ​ពុធ​ ដោយ​ការ​ទម្លាក់​គ្រាប់​បែក​យ៉ាង​ខ្លាំងក្លា ​ដែល​បាន​អនុវត្ត​ធ្វើ​ឡើង​ដោយ​ការ​វាយ​ប្រហារ​ថ្មើរ​​ជើង​ទ្រង់ទ្រាយ​ធំ​ អាច​​ធ្វើ​ទៅ​​បាន​​ដោយសារ​ការ​ដក​កងកម្លាំង​អាមេរិក​ចេញ​ពី​ទីនោះ​។​

ប្រធានាធិបតី​​​​​​តួកគី​​​លោក រ៉េសិប​ តៃ​យីប​ អេរដូហ្គែន​​ បាន​​​ប្រកាស​ចាប់​ផ្តើម​​​វាយ​ប្រហារ​​​​នៅ​លើ​​គេហទំព័រ​ធ្វីធើរ​​ ហើយ​ភ្លាមៗ​នោះ​​​​ក្រុម​យន្តហោះ​​​ចម្បាំង ​​​និង​​​​​កាំភ្លើង​ធំ​ដណ្តើម​បាន​ទីតាំង​ឈរ​ជើង​​ជា​ច្រើន​កន្លែង​​​របស់​​ក្រុម​ឃើដ​នៅ​​តាម​ព្រំដែន​​​​​ជា​គោលដៅ​​នៃ​ការ​វាយ​ប្រហារ​​យ៉ាង​ពេញ​ទំហឹង​​ដោយ​បាន​​​ធ្វើ​​ឲ្យ​​​​ក្រុម​ជន​ស៊ីវិល​​រាប់​ពាន់​នាក់​បាន​រត់​ភៀស​ខ្លួន​​​​ចេញ​ពី​ផ្ទះ​សំបែង​របស់​ពួក​គេ​​​។

ក្រសួង​ការពារ​ជាតិ​តួកគី​បាន​ថ្លែង​ថា​ ការ​វាយ​ប្រហារ​នោះ​ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ពុធ​ ដោយ​ការ​ចាប់​ផ្តើម​ប្រតិបត្តិការ​ថ្មើរ​ជើង​មួយ​នៅ​ទីនោះ​។​

ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​មាន​មូលដ្ឋាន​នៅ​អង់គ្លេស ​(SOHR) ​បាន​ថ្លែង​ថា​ សមាជិក ​១៦ ​នាក់ ​នៃ​ក្រុម​ជីវពល​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ (SDF) ដឹកនាំ​ដោយ​ឃើដ ​បាន​ស្លាប់​នៅ​ប៉ុន្មាន​ម៉ោង​ថ្មីៗ​នេះ ​ដោយសារ​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​របស់​តួកគី​។​

តួកគី​​វាយប្រហារផ្លូ​វអាកាស​ និង​កាំភ្លើង​ធំ​ទៅ​លើ​​​ទី​តាំង​ឃើដនៅ​ស៊ី​រី​​។ AFP

ទាំង​កងកម្លាំង ​SOHR និង​កងកម្លាំង ​SDF ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ មាន​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា​នៅ​ជិត​ទីក្រុង​តែល​អាប៊េដ​។​

ក្រសួង​ការពារ​ជាតិ​របស់​ប្រទេស ​តួកគី ​បាន​ថ្លែង​នៅ​លើ​គេហ​ទំព័រ​ធ្វីធើរ​ថា​ រហូត​មក​ទល់​ពេល​នេះ​ កងកម្លាំង​របស់​ខ្លួន​បាន​វាយ​ប្រហារ​ទៅ​លើ​ទីតាំង​គោលដៅ​ឈរ​ជើង​​របស់ «ក្រុម​ភេរវកម្ម» ​ឃើដ​ចំនួន ​១៨១ ​កន្លែង​។​

អ្នក​នាំពាក្យ​ឲ្យ​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ជីវពល​សកម្ម​ប្រយុទ្ធ​ស៊ីរី ​គាំទ្រ​តួកគី​បាន​ថ្លែង​ប្រាប់ ​AFP ថា​ ប្រតិបត្តិការ​វាយ​ប្រហារ​ថ្មើរ​ជើង​បាន​ចាប់​ផ្តើម​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​តែល​ អាប៊េដ ​ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តួកគី​បាន​រាយការណ៍​ថា​ កងកម្លាំង​ពិសេស​ និង​​កងកម្លាំង​រថពាស​ដែក​ បាន​ចូល​ទៅ​កាន់​ចំណុច​ខ្លះ​នៅ​តាម​ព្រំដែន​នោះ​ហើយ​។​

ការ​វាយ​ប្រហារ​​ហាក់​ដូច​ជា​រឿង​មួយ​ដែល​ចៀស​មិន​រួច​ ចាប់​តាំង​ពី​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់​ ត្រាំ ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ប្រកាស​ដក​កងកម្លាំង​ចេញ​ពី​ព្រំដែន​នោះ​ ប៉ុន្តែ​ការ​ប្រយុទ្ធ​បាន​បង្ក​ឲ្យ​មាន​ការ​ថ្កោល​ទោស​ពី​អន្តរជាតិ​ ហើយ​មាន​ការ​ជួប​ប្រជុំ​ជា​បន្ទាន់​មួយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​គ្រោង​រៀបចំ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​៕ AFP/SK