ក្រុងអ៊ីស្តង់ប៊ុលៈ តួកគី កាលពីថ្ងៃអាទិត្យ បានថ្កោលទោសទៅនឹងអ្វីដែលខ្លួនហៅថាពាក្យសម្តី «មិនទទួលខុសត្រូវ» របស់ លោក បេនចាមីន នេតានីយ៉ាហ៊ូ ក្រោយពីមេដឹកនាំអ៊ីស្រាអែល បានថ្លែងថា លោកមានផែនការរឹបអូសយកលំនៅឋានទាំងអស់នៅក្នុងទឹកដីតំបន់វេសប៊ែង ប្រសិនបើលោកឈ្នះការបោះឆ្នោតនៅពេលខាងមុខនេះ។
រដ្ឋមន្ត្រីការបរទេស លោក Mevlut Cavusoglu បានថ្លែងនៅលើគេហទំព័រធ្វីធើរថា៖ «តំបន់វេសប៊ែង គឺជាទឹកដីរបស់ប៉ាឡេស្ទីន ដែលបានកាន់កាប់ដោយអ៊ីស្រាអែលដែលជាការរំលោភច្បាប់អន្តរជាតិ»។
សេចក្តីថ្លែងការណ៍គ្មានការ ទទួលខុសរបស់ លោក នាយករដ្ឋមន្ត្រី នេតានីយ៉ាហ៊ូ ដើម្បីគ្រាន់តែស្វែងរកសន្លឹកឆ្នោតនៅមុនការបោះឆ្នោតទូទៅរបស់អ៊ីស្រាអែលគឺមិនអាចនោះទេ ហើយនឹងមិនអាចផ្លាស់ប្តូរការពិតបានទេ។
ការអត្ថាធិប្បាយរបស់លោកនេតានីយ៉ាហ៊ូកាលពីថ្ងៃសៅរ៍ បានធ្វើឡើងនៅប៉ុន្មានថ្ងៃមុនពេលស្វែងរកសំឡេងឆ្នោតត្រូវបានបិទបញ្ចប់កាលពីថ្ងៃអង្គារ ហើយត្រូវបានគេមើលឃើញជាទូទៅថា ជាការបង្ហាញដល់អ្នកបោះឆ្នោតស្តាំនិយម ដែលមិនជឿជាក់នៅក្នុងលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពមួយជាមួយប៉ាឡេស្ទីននោះ។
អ្នកនាំពាក្យប្រធានាធិបតីតួកគី លោក រ៉េសិប តៃយីបអេរដូហ្គែន គឺ លោក Ibrahim-Kalin បានថ្លែងថា៖ «នៅមិនទាន់មានឧទាហរណ៍ផ្សេងទៀតអំពីរបៀបដែលលោកនេតានីយ៉ាហ៊ូប្រើប្រាស់នយោបាយនៃការបោះឆ្នោត ដើម្បីធ្វើឲ្យការងារត្រឹមត្រូវ និងធ្វើឲ្យប៉ះពាល់ដល់ដំណោះស្រាយរដ្ឋ ២» នេះ។
លោក Kalin បានថ្លែងនៅលើគេហទំព័រធ្វីធើររបស់លោកថា៖ «ប្រសិនបើលោកបានជាប់ឆ្នោតជាថ្មី បញ្ហានេះនឹងជាជ័យជម្នះមួយតាមបែបប្រជាធិបតេយ្យ ឬដោយសារតែការដណ្តើមកាន់កាប់តំបន់វេសប៊ែង និងតាមបែបប្រជាធិបតេយ្យលោកខាងលិច ឬ ពួកគេនឹងធ្វើឲ្យមានសន្តិភាពដែរឬយ៉ាងណា? បើមិនដូច្នេះទេ ពួកគេនឹងទទួលការអាម៉ាស់ជា មិនខានឡើយ»។
លំនៅឋានទាំងអស់ត្រូវបានសាងសង់នៅលើទឹកដី ដែលបានដណ្តើមកាន់កាប់ដោយអ៊ីស្រាអែល នៅក្នុងសង្គ្រាមមានរយៈពេល ៦ ថ្ងៃកាលពីឆ្នាំ ១៩៦៧ ត្រូវបានគេចាត់ទុកថាខុសច្បាប់ ដោយសហគមន៍អន្តរជាតិ៕ AFP/SK