រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​របស់​ប្រទេស​តួកគី ​បាន​ឱ្យ​ដឹង​ថា ប្រទេស​តួកគី ​ប្រហែល​ជា​មាន​ឆន្ទៈ​ក្នុង​ការ​បញ្ឈប់​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដែល​ទិញ​ពី​រុស្ស៊ី​កាល​ពី​ពេល​កន្លង​ទៅ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក។

លោក HulusiAkar បាន​និយាយ​នៅ​ក្នុង​បទសម្ភាស​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​កាសែត Hurriyet ប្រចាំ​ថ្ងៃ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ថា លោក​បាន​បើក​ចិត្ត​ទូលាយ​ចំពោះ​ការ​សម្របសម្រួល​ជាមួយ​នឹង​អាមេរិក​វិញ ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ប្រទេស​ក្រិក ​ដែរ ក្រោយ​ទទួល​ទណ្ឌកម្ម​ពី​អាមេរិក​ទាក់ទិន​នឹង​ការទិញ​មីស៊ីល​ពី​រុស្ស៊ី។

លោក Akar បាន​មាន​ប្រសាសន៍​ថា៖ «យើង​បាន​និយាយ​រឿង​នេះ​ពី​មុន​មក​រួច​ហើយ ទោះបី​ម៉ូដែល​ណា​ក៏​ដោយ យើង​ព្រម​ក្នុង​ការ​ចរចា​មុន​នឹង​ទិញ»។

ដោយ​ឡែក​សារព័ត៌មាន Bloomberg កាល​ពី​ថ្ងៃ​អង្គារ ​បាន​ដកស្រង់​សម្តី​មន្ត្រី​តួកគី ២ រូប ​ដែល​ដឹង​ច្បាស់​ពី​ទំនាក់ទំនង​រវាង​តួកគី និង​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ទីក្រុង​អង់ការ៉ា​បាន​ត្រៀម​ធ្វើ​អ្វី​តាម​តែ​អាមេរិក​ចង់​បាន ពី​ព្រោះ​ប្រទេស​នេះ ចង់​ធានា​ការ​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​នាពេល​អនាគត​សម្រាប់​ប្រព័ន្ធ​អាវុធ​ដែល​ផលិត​នៅ​អាមេរិក និង​ចៀសវាង​ការ​ខូចខាត​សេដ្ឋកិច្ច​របស់​ខ្លួន៕