The Phnom Penh Post Search

Search form

តួ​ក​គី ​ជំរុញ​ឲ្យ​ពិភព​អ៊ិ​ស្លាម ​សើរើ​ទំនាក់​ទំនង​ជាមួយ​អ៊ីស្រាអែល

Content image - Phnom Penh Post
សមាជិក ​និង​អ្នក​គាំទ្រ​គណបក្សកាន់អំណាចតួកគី លើក​ទង់​ជាតិ​ប៉ាឡេស្ទីន​​ និង​បដា​ តវ៉ាប្រឆាំង​នឹង​អាមេរិក​ផ្លាស់ប្ដូរ​ស្ថានទូត​​​ទៅ​ក្រុង​ហ្ស៊េរុយសាឡិម​។ AFP

តួ​ក​គី ​ជំរុញ​ឲ្យ​ពិភព​អ៊ិ​ស្លាម ​សើរើ​ទំនាក់​ទំនង​ជាមួយ​អ៊ីស្រាអែល

ក្រុងអង់ការ៉ាៈ កាលពី​ម្សិល-មិញ​តួ​ក​គី​បាន​ជំរុញ​ឲ្យ​ប្រទេស​អ៊ិ​ស្លាម សើរើ​មើល​ទំនាក់​ទំនង​របស់​ពួកគេ​ជាមួយ​អ៊ីស្រាអែល​ឡើង​វិញ និង​បាន​និយាយ​ថា ខ្លួន​នឹង​កោះ​ប្រជុំ​វិសាមញ្ញ​មួយ​នៅ​អង្គការ​អ៊ិស្លាម​ធំ​បំផុត​របស់​ពិភពលោក ក្រោយ​ពី​ពលរដ្ឋ​ប៉ាឡេស្ទីន​រាប់​សិប​នាក់ ត្រូវ​កងកម្លាំង​អ៊ីស្រាអែល​បាញ់​សម្លាប់​នៅ​ព្រំដែន​តំបន់​ហ្គាហ្សា។

ក្រុង​អង់កា​រ៉ា បាន​ប្រតិកម្ម​ចំពោះ​ការសម្លាប់​ពលរដ្ឋ​ប៉ាឡេស្ទីន ៦០ នាក់​នៅក្នុង​ការ​ប៉ះ​ទង្គិច និង​ការ​តវ៉ា​នៅ​ថ្ងៃ​តែមួយ ខណៈ​អាមេរិក​បាន​រើ​ស្ថានទូត​របស់​ខ្លួន​នៅ​អ៊ីស្រាអែល​ពី​ទីក្រុង​តែល អាវីវ​ទៅ​តាំង​នៅ​ក្រុង​ហ្ស៊េរុយសាឡិម ជា​ការ​ផ្គើន​នឹង​កំហឹង អន្តរជាតិ។

នាយករដ្ឋមន្ត្រី​តួ​ក​គី លោក​ប៊ីណាលី យីលឌីរីម បាន​ថ្លែងប្រាប់​គណបក្ស​ដែល​កំពុង​កាន់​អំណាច​របស់​លោក​នៅ​ក្នុង​សភា​ថា៖ «បណ្តា ប្រទេស​អ៊ិស្លាម​ទាំង​អស់ ត្រូវ​តែ​សើរើ​ទំនាក់​ទំនង​របស់​ពួកគេ​ជាមួយ​អ៊ីស្រាអែល​ឡើង​វិញ»។

លោក​បាន​ថ្លែង​បន្ថែមថា៖ «ពិភព​អ៊ិ​ស្លាម គួរតែ​រួមគ្នា​ចាត់វិធានការ​ប្រឆាំង​ការសម្លាប់​រង្គាល​នោះ»។

លោក យី​ល​ឌី​រី​ម បាន​ថ្លែង​ទៀតថា តួ​ក​គី បាន​កោះប្រជុំ​អង្គការ​សហការ​អ៊ិស្លាម (OIC) នៅ​ថ្ងៃ​សុក្រ។ បច្ចុប្បន្ន​នេះ ប្រធានា​ធិបតី​តួកគី លោក រ៉េ​សិប​តៃយីប អេរដូហ្គែន បាន​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​នៃ​អង្គការ។

មន្ត្រី​ម្នាក់​នៃ​ក្រសួងការបរទេស​តួ​ក​គី ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​ថា មាន​ជំនួប​មួយ​នៅ​ក្រុង​អ៊ីស្តង់ប៊ុល​កាល​ពី​ថ្ងៃ​សុក្រ។

លោក​យី​ល​ឌី​រី​ម បាន​ថ្លែងថា​ក្រោយពី​ជំនួប​នៅ​ម៉ោង៣ រសៀល ការជួបជុំ​ដ៏​ធំ​មួយ នឹងត្រូវ​បានធ្វើ​ឡើង​នៅ​តំបន់​ជួប​ជុំ Yenikapi ​នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល​នៅ​ក្រោម​ពាក្យ​ស្លោក​ថា «បញ្ឈប់​ការ​ប្រើ​អំណាច​ជិះ​ជាន់» ដើម្បី​សម្តែង​ភាព​សាមគ្គី​ជាមួយ ពលរដ្ឋ​ប៉ាឡេស្ទីន។

Content image - Phnom Penh Post
ក្រុមសមាជិក និងអ្នក​គាំទ្រ​គ​ណបក្ស ​​​AKP របស់​តួកគី គ្រ​វីទ​ង់​ជាតិ​ប៉ាឡេស្ទីន​​ និង​បដា​សរសេរថា​ «World is bigger than five»។ AFP

លោក បាន​ថ្លែងថា៖ «បញ្ហា​នេះ គ្មានអ្វី​ត្រូវធ្វើ​ជាមួយ​នយោបាយ​បក្ស​ទេ។ បញ្ហា​នេះ គឺ​ត្រូវ​បង្ហាញ​ពី​សាមគ្គីភាព ភាតរភាព និង​ភាព​រីករាយ នៅ​ជុំគ្នា»។

លោក យី​ល​ឌី​រី​ម បាន​បន្ថែមថា៖ «ពិភព​អ៊ិ​ស្លាម គួរតែ​រួមគ្នា​ចាត់​វិធានការ​ប្រឆាំង​ការសម្លាប់​រង្គាល​នោះ»។

លោក អេ​រ​ដូ​ហ្គែ​ន ចាត់ទុក​ខ្លួន​លោក​ផ្ទាល់ ជា​អ្នកគាំទ្រ​បុព្វហេតុ​ប៉ាឡេស្ទីន ហើយ​កាល​ពី​ឆ្នាំ​ទៅ​ បាន​ធ្វើ​ម្ចាស់​ផ្ទះ​ជំនួប​កំពូល​នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល ដើម្បី​បដិសេធ​សេចក្តី​សម្រេច​របស់​ប្រធានា​ធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ដែល​ទទួល​ស្គាល់​ក្រុង​ហ្ស៊េរុយសាឡិម ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល។

ជំនួប​កំពូល​នោះ បានប្រកាស​ក្រុង​ហ្ស៊េរុយសាឡិម​ភាគ​ខាងកើត ដែល​សហគមន៍​អន្តរជាតិ ចាត់​ជា​ឧបសម្ព័ន្ធ​របស់​អ៊ីស្រាអែល ជា​រដ្ឋធានី​របស់​រដ្ឋ​ប៉ាឡេស្ទីន និង​ជំរុញ​ឲ្យ​ពិភពលោក​ធ្វើ​តាម។

ទោះបីជា​យ៉ាង​ក៏ដោយ ក៏​តួ​ក​គី​នៅតែ​រក្សា​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការទូត​ជាមួយ​រដ្ឋ​ជ្វីហ្វ​ដែរ ក្រោយ​ពី​កិច្ច​ព្រម​ព្រៀង​ផ្សះផ្សា​ឆ្នាំ ២០១៦ បាន​បញ្ចប់​ជម្លោះ​ជុំវិញ​អ៊ីស្រាអែល​បាញ់​ពន្លិច​នាវា​តួកគី​មួយ​គ្រឿង​នោះ។

ក្រុង​អង់កា​រ៉ា កាលពី​ថ្ងៃមុន​បាន​និយាយ​ថា ខ្លួន​បាន​កោះហៅ​ឯកអគ្គ​រដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ US និង​អ៊ីស្រាអែល មក​ពិគ្រោះ​យោបល់​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​រវាង​កម្លាំង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន៕

អត្ថបទគួរចាប់អារម្មណ៍