ខេត្ត​ឌីយ៉ារ​បា​គៀរៈ ​រដ្ឋាភិបាល​តួកគី ​បាន​ដក​តំណែង​អភិបាល​ខេត្ត ​៣ រូប ​កាល​ពី​ថ្ងៃ​ចន្ទ ​ជុំវិញ​ការ​ចោទ​ប្រកាន់​ថា​ មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ឃើដ​ ខណៈ​ដែល​ក្រុង​អង់ការ៉ា​ បង្កើន​ការ​បង្ក្រាប​របស់​ខ្លួន​ទៅ​លើ​ក្រុម​អ្នក​ប្រឆាំង​។​​ ​

អភិបាល​ខេត្ត​​ឌីយារបាគៀរ ​អភិបាល​ខេត្ត​​ម៉ារឌីន​ និង​អភិបាល​ក្រុង​​វ៉ាន ​ជា​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ឃើដ ​(HDP បាន​ជាប់​ឆ្នោត​នៅ​​ខែ​មីនា​ ត្រូវ​បាន​ព្យួរ​ការងារ​ជុំវិញ​ការ​ចោទ​ប្រកាន់​ថា​ មាន​ទំនាក់ទំនង​ជាមួយ​នឹង​គណបក្ស​ពលករ​ឃើដ​​​​ (PKK) ដែល​ត្រូវ​បាន​គេ​ប្រកាស​ថា​ខុស​ច្បាប់​នោះ​។

ការ​បង្ក្រាប​នៅ​ក្នុង​ពេល​ដំណាល​គ្នា​នៅ​ទូទាំង ​២៩ ​ខេត្ត ​ក៏​បាន​មើល​ឃើញ​ថា​ មនុស្ស​រាប់​រយ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ជា​សញ្ញា​មួយ​បង្ហាញ​ថា ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី ​រ៉េសិប​ តៃយីប ​អេរដូហ្គែន ​គ្មាន​បំណង​កាត់​បន្ថយ​គោល​នយោបាយ​ប្រឈម​មុខ​របស់​ខ្លួន​ទេ ​ទោះ​បី​ជា​ការ​បោះ​ឆ្នោត​នា​ពេល​ថ្មីៗ​ មាន​សំឡេង​គាំទ្រ​ថយ​ចុះ​ក្តី​។

ក្រសួង​មហាផ្ទៃ​​បាន​និយាយ​ថា ​ការ​ដក​តំណែង​អភិបាល​ខេត្ត​ទាំង​នេះ​​មាន​សំណុំ​រឿង​សកម្ម​ប្រឆាំង​នឹង​ពួក​គេ​ចំពោះ​ការ​ឃោសនា ​ឬ​ក៏​ធ្វើ​ជា​សមាជិក​នៃ​អង្គការ​ភេរវកម្ម​។

ការ​ចោទ​ប្រកាន់​ជា​ច្រើន រួម​មាន​ការ​ចូលរួម​បុណ្យ​សព ​និង​ការ​ទៅ​មើល​ផ្នូរ​របស់​ក្រុម​ភេរវករ​ ប្តូរ​ឈ្មោះ​ ផ្លូវ​នានា​ និង​សួន​ច្បារ ​ក្រោយ​ពី​ចាប់​សមាជិក​គណបក្ស ​PKK ដាក់​គុក​ និង​ផ្តល់​ការងារ​ឲ្យ​ក្រុម​សាច់​ញាតិ​របស់​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ឃើដ​។​

លោក ​អេរដូហ្គែន​ បាន​អះអាង​ជា​ច្រើន​លើក​ហើយ​ថា ​ HDP មាន​ទំនាក់ទំនង​ជាមួយ ​PKK​ ដែល​បាន​ធ្វើ​ការ​បះបោរ​បង្ហូរ​ឈាម​ប្រឆាំង​ប្រទេស តួកគី ​កាល​ពី ​៣៥ ​ឆ្នាំ​កន្លង​ទៅ​។​

ក្រសួង​មហាផ្ទៃ​បាន​​ថ្លែង​ថា​ តំណែង​អភិបាល​ខេត្ត​ទាំង​នោះ ​នឹង​ត្រូវ​ប្រគល់​ទៅ​អភិបាល​ខេត្ត ​ដែល​ត្រូវ​បាន​តែងតាំង​រដ្ឋាភិបាល​កណ្តាល​។

អភិបាល​ខេត្ត​ឌីយ៉ារបាគៀរ ​លោក ​Selcuk Mizrakli​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្រៅ​អគារ​សាលា​ខេត្ត​ថា​ វិធានការ​នេះ​មិន​គោរព​ឆន្ទៈ​របស់​ប្រជាជន​ទេ៕ AFP/PSA ​