ក្រុងរ៉ាស អាល់-អាន៖ ប្រធានាធិបតីតួកគី លោក រ៉េសិប តៃយីប អេរដូហ្គែនកាលពីថ្ងៃសៅរ៍ បានធ្វើការព្រមានថ្មីមួយថានឹង «កម្ទេច» កងកម្លាំងឃើដ ខណៈភាគីទាំង ២ បានចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានសម្របសម្រួលដោយអាមេរិកនៅស៊ីរីភាគឦសាន។
កិច្ចព្រមព្រៀងដែលត្រូវប្រកាស កាលពីរសៀលថ្ងៃព្រហស្បតិ៍ មានគោលបំណងដើម្បីបញ្ឈប់ការវាយលុកទ្រង់ទ្រាយធំ ដែលដឹកនាំដោយប្រទេស តួកគី ប្រឆាំងកងកម្លាំងឃើដ ដែលបានបើកវាយប្រហារកាលពីថ្ងៃទី ៩ ខែតុលា នៅក្នុងលក្ខខណ្ឌចង់ឲ្យពួកគេដកកងកម្លាំងចេញពី «តំបន់សុវត្ថិភាព» មួយនៅតាមព្រំដែនខាងភាគីប្រទេស ស៊ីរី។
ការវាយប្រហារទ្រង់ទ្រាយធំ បានបណ្តាលឲ្យជនស៊ីវិលរាប់សិបនាក់ស្លាប់ ភាគច្រើននៅខាងភាគីក្រុមឃើដ ហើយភ្លាមៗនោះបានធ្វើឲ្យមនុស្សរាប់សែននាក់រត់ភៀសខ្លួនចេញពីផ្ទះសំបែងរបស់ពួកគេ នៅក្នុងវិបត្តិមនុស្សធម៌ចុងក្រោយបំផុតនៃសង្គ្រាមស៊ីវិលរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះរបស់ប្រទេសមួយនេះ។
លោក អេរដូហ្គែន បានព្រមានថា ប្រសិនបើពួកឃើដដកចេញពីតំបន់សុវត្ថិភាពនោះ មិនមានការវាយប្រហារកើតឡើងនោះទេ «យើងនឹងចាប់ផ្តើមនៅកន្លែងដែលយើងចាប់ផ្តើម និងបន្តដើម្បីកម្ទេចក្រុមមេដឹកនាំភេរវករទាំងនោះ»។
អ្នកនាំពាក្យប្រធានាធិបតីតួកគី លោក អ៊ីប្រាហ៊ីម កាលីន ថ្លែងថា ក្រុងអង់ការ៉ា ស្នើឲ្យក្រុងវ៉ាស៊ីនតោន ធានាដកកងកម្លាំងឃើដ៕ AFP/SK