ក្រុង​រ៉ាស ​អាល់​-អាន៖ ទាហាន​តួកគី​ និង​ក្រុម​សម្ព័ន្ធមិត្ត​ជីវពល​សកម្ម​ប្រយុទ្ធ ​បាន​បើក​ការ​វាយ​ប្រហារ​តាម​មធ្យោបាយ​របស់​ពួក​គេ​ ចូល​ទៅ​ក្នុង​ទីក្រុង​ព្រំដែន​ឃើដ​យុទ្ធសាស្ត្រ​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​ ខណៈ​ពួក​គេ​ បាន​បង្កើន​ការ​ប្រយុទ្ធ​ ​ទៅ​លើ​ប្រទេស ​ស៊ីរី​ភាគ​ឦសាន​ ជា​ការ​ផ្គើន​ទៅ​នឹង​ការ​តវ៉ា​ជា​អន្តរជាតិ​ និង​ការ​គំរាម​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ផង​នោះ​។​

ប្រភព​ខ្លះ​ចេញ​ពី​ភាគី​ទាំង ​២ ​បាន​ថ្លែង​ថា ​ក្រោយ​មាន​ការ​ប៉ះ​ទង្គិច​ជា​ច្រើន​លើក​នៅ​ពេល​យប់​ ជាមួយ​កង​កម្លាំង​ឃើដ​នៅ​ទី​ជនបទ​ កងកម្លាំង​តួកគី ​និង​ក្រុម​សម្ព័ន្ធ​មិត្ត​ស៊ីរី​របស់​ពួក​គេ ​បាន​ចូល​ទៅ​ក្នុង​សមរភូមិ​នៃ​ទីក្រុង​រ៉ាស ​អាល់​- អាន​នោះ​ហើយ​។​

ក្រសួង​ការពារ​ជាតិ​របស់​ប្រទេស ​តួកគី​ បាន​ថ្លែង​ថា កងកម្លាំង​របស់​ខ្លួន ​បាន​វាយ​សង្គ្រប់​ចូល​កាន់​កាប់​ទីក្រុង​​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឃើដ​ជា​លើក​ដំបូង​ នៅ​ថ្ងៃទី ​៤ ​នៃ​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​របស់​ពួក​គេ​។​

លោក​​​ Redor Khalil ជាមន្ត្រី​នៃ​​កងកម្លាំង​ SDF ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃទី ​១២ ខែតុលា។ AFP

ប៉ុន្តែ​កងកម្លាំង​ឃើដ​ឈរ​ជើង​នៅ​ទីក្រុង​រ៉ាស ​អាល់​-អាន ​បាន​បដិសេធ​ថា ​ទីក្រុង​ពាក់​កណ្តាល​ដែល​គ្មាន​មនុស្ស​រស់នៅ​នោះ​ ​មិន​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ដៃ​ទាហាន​តួកគី​នោះ​ទេ​ ហើយ​អ្នក​ឆ្លើយ​ឆ្លង​កាសែត​ AFP ​ម្នាក់ ​បាន​និយាយ​ថា​ កងកម្លាំង​តួកគី ​និង​ក្រុម​សម្ព័ន្ធមិត្ត​ស៊ីរី​របស់​ពួក​គេ​បាន​ចូល​ដល់​ទីតាំង​នោះ​ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​កាន់​កាប់​នៅ​ឡើយ​ទេ​។​

កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី ​(SDF) ​ដឹកនាំ​​ដោយ​ឃើដ​ ដែល​ជា​ដៃគូ​យ៉ាង​សំខាន់​នៅ​ក្នុង​សមរភូមិ​ថ្មើរ​ជើង​ ក្នុង​យុទ្ធនាការ​ដឹកនាំ​ដោយ​អាមេរិក​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិស្លាម​ បាន​អំពាវនាវ​ឲ្យ​អាមេរិក​ចាប់​ផ្តើម​បន្ត ​«​កាតព្វកិច្ច​មនុស្ស​ធម៌​» ​របស់​ខ្លួន ​និង​ការពារ​ពួក​គេ​ជា​ថ្មី​ឡើង​វិញ​។​

ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់​ ត្រាំ​ បាន​ប្រឈម​មុខ​ការ​រិះគន់​យ៉ាង​ខ្លាំង​ក្លា​ សូម្បី​តែ​ក្រុម​អ្នក​គាំទ្រ​នៅ​ក្នុង​ជួរ​គណបក្ស​​របស់​លោក​ផ្ទាល់​ក៏​បាន​រិះគន់​​ដែរ​ ដោយសារ​ការ​បោះបង់​សម្ព័ន្ធមិត្ត​ដ៏​ស្មោះ​ត្រង់​មួយ​នេះ​ ហើយ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​តួកគី​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​ ក្រោយ​ពី​ចេញ​បញ្ជា​ឲ្យ​កងកម្លាំង​អាមេរិក​ដក​ចេញ​ពី​តំបន់​ព្រំដែន​នោះ​។​

ជន​ជាតិ​ឃើដ​​នៅ​​​ក្រុង​​អាថែន​កាន់​ទង់​ជាតិ​ឃើដ និង​​​បដា​នៅ​ក្នុង​​​កា​​រតវ៉ា​​​នៅ​ជិត​ស្ថានទូត​តួកគី​ថ្ងៃ​ទី​ ១២ ខែតុលា។ AFP

ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ីរី​បាន​ថ្លែង​ថា​ ក្រុម​យុទ្ធជន​សកម្ម​ប្រយុទ្ធ​គាំទ្រ​ក្រុង​អង់ការ៉ា​បាន ​«​សម្លាប់​» ​ជន​ស៊ីវិល​យ៉ាង​តិច ​៩ ​នាក់ ​កាល​ពី​ថ្ងៃ​សៅរ៍​ នៅ​ជិត​ទីក្រុង​តាល់-អាប់យ៉ាដ​ ហើយ​បាន​កំណត់​យក​ទីតាំង​សំខាន់​ផ្សេង​ទៀត ​នៅ​តាម​ព្រំ​ដែន​ជា​គោលដៅ​វាយ​ប្រហារ​។​

ក្រុម​ឃើដ​បាន​ថ្លែង​ថា​ មន្ត្រី​គណបក្ស​ឃើដ​ម្នាក់​ និង​អ្នក​បើកបរ​របស់​លោកស្រី​បាន​ស្លាប់​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែរ​។​

នៅ​ក្នុង​សមរភូមិ​ ក្រុម​យុទ្ធជន​សកម្ម​ប្រយុទ្ធ ​SDF បាន​បាត់បង់​ទីតាំង​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំងក្លា​របស់​កងកម្លាំង និង​សម្ព័ន្ធមិត្ត​ប្រទេស ​​​តួកគី​។​

ក្រុម​យុទ្ធជន​សកម្ម​ប្រយុទ្ធ​របស់​កងកម្លាំង ​SDF យ៉ាង​តិច ២៣ ​នាក់​បាន​ស្លាប់ ​​ក្នុង​ការ​វាយ​ប្រហារ​នោះ​៕ AFP/SK