ក្រុង​អង់ការ៉ា៖​ ប្រទេស​តួកគី ​បើក​ការ​វាយ​ប្រហារ​​ផ្លូវ​​អាកាស​ និង​ថ្មើរ​ជើង​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​​ឃើដ​​​នៅ​​អ៊ីរ៉ាក់​​​ភាគ​ខាង​ជើង​​កាល​ពី​ថ្ងៃ​ពុធ​ ជា​កិច្ច​​ប្រឹងប្រែង​មួយ​​ដែល​​ទំនង​ជា​បង្កើន​ឲ្យ​មាន​ការ​បែក​បាក់​​​​​កាន់​តែ​ខ្លាំង​ឡើង​​ជាមួយ​រដ្ឋាភិបាល​ក្រុង​បាកដាដ។

ក្រសួង​ការពារ​ជាតិ​បាន​និយាយ​ថា កង​កុម៉្មង់ដូ​​​​បាន​រុល​ទៅ​មុខ​ ដោយ​មាន​ការ​គាំទ្រ​ពី​​យន្តហោះ​ដ្រូន​ និង​ឧទ្ធម្ភាគចក្រ​​ បន្ទាប់​​ពី​ការ​ទម្លាក់​គ្រាប់​បែក​ និង​​​​​បាញ់​រ៉ុក្កែត​ ​និង​កាំភ្លើង​ធំ លើ​គោលដៅ​​របស់​ក្រុម​ឧទ្ទាម​ជាង ​១៥០ កន្លែង​។​​

ក្រសួង​នោះ​ បាន​បន្ថែម​ថា​​ កិច្ច​ប្រតិបត្តិការ​នោះ​ត្រូវ​បាន​គេ​ហៅ​ថា ​«​ក្រញាំ​ខ្លា»​ ដែល​បាន​កើត​ឡើង​ ក្រោយ​ពី​មាន​ការ​វាយ​ប្រហារ​ទៅ​លើ​ស្ថានីយ​ប៉ូលិស​ជា​ច្រើន​របស់​យើង​ និង​មូលដ្ឋាន​យោធា​នៅ​ក្បែរ​ព្រំដែន​អ៊ីរ៉ាក់​។

ប្រទេស​តួកគី ​បាន​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​កាល​ពី​ដើម​សប្តាហ៍​ ដែល​នាំ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ពី​អ៊ីរ៉ាក់​ ដែល​​បាន​ចាត់​ទុក​ការ​វាយ​ប្រហារ​ទាំង​នោះ​ថា ជា​ «ការ​រំលោភ​បំពាន​​បូរណ​ភាព​ទឹក​ដី​​»។

យោធា​តួកគី​ តាម​ធម្មតា​បើក​កិច្ច​ប្រតិបត្តិការ​ប្រឆាំង​នឹង​គណបក្ស​ពលករ​ឃើដ​ (PKK) ​នៅ​តួកគី​ភាគ​អាគ្នេយ៍​ និង​មូលដ្ឋាន​ទ័ព​របស់​បក្ស​នេះ​​ ឆ្លង​ព្រំដែន​។

កិច្ច​ប្រតិបត្តិការ​កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​ ត្រូវ​បាន​គេ​ហៅ​ថា «ក្រញាំ​ឥន្រ្ទី​»​ ដោយ​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ទី​ប្រជុំជន​កាន់​ឌីល​ ស៊ីន​ចារ និង​​ហាគុក​​នៃ​ប្រទេស​អ៊ីរ៉ាក់​ភាគ​ខាង​ជើង​។

អ្នក​នាំ​ពាក្យ​គណបក្ស​ដែល​កំពុង​កាន់​អំណាច​របស់​លោក​ប្រធានាធិបតី​ រេសិប ​តៃយីប ​អេរដូ​ហ្គែន បាន​ការពារ​វិធានការ​របស់​តួកគី​ ដោយ​បាន​បន្ថែម​ថា តួកគី​បន្ត​​វាយ​ប្រហារ​ប្រឆាំង​​​ភេរវករ​ផែ្អក​លើ​ច្បាប់​អន្តរជាតិ៕ AFP/PSA