បើ​យោង​តាម​សារព័ត៌មាន Reuters ក្រុមហ៊ុន Huawei របស់​ចិន​គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​ក្រោម​យីហោ​ផ្ទាល់​ខ្លួន ហើយ​អាច​ដាក់​លក់​ម៉ូ​ដែល​មួយ​ចំនួន​នៅ​ឆ្នាំ​នេះ ​ប៉ុន្តែ​ក្រុមហ៊ុន​ព្យាយាម​លាក់​បាំង​ព័ត៌មាន​នេះ​ដោយ​បដិសេធ​ដំណឹង​នេះ​ហើយ​ថា ក្រុមហ៊ុន​ខ្លួន​គ្រាន់​តែ​មាន​បំណង​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​ដល់​ក្រុមហ៊ុន​ដែល​ផលិត​ប៉ុណ្ណោះ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​ចូលរួម​កិច្ច​ប្រជុំ​រវាង​ក្រុមហ៊ុន Huawei Technologies Co Ltd និង​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ Changan Automobile និង​ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្សេងៗ​ទៀត ​ស្ដី​អំពី​ការ​ប្រើប្រាស់​រោងចក្រ​ផលិត​រថយន្ត​របស់​ក្រុមហ៊ុន​ទាំង​នេះ​ ដើម្បី​ផលិត​រថយន្ត​ដើរ​ដោយ​អគ្គិសនី​ក្រោម​យីហោ Huawei។ ប្រភព​ទាំង​អស់​នេះ បាន​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ ដោយសារ​តែ​កិច្ច​ពិភាក្សា​មាន​លក្ខណៈ​ឯកជន។

ទន្ទឹម​នឹង​នេះ​ដែរ ក្រុមហ៊ុន Huawei ក៏​កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន BluePark New Energy Technology ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​នៃ​ក្រុមហ៊ុន BAIC Group ដែល​គាំទ្រ​ដោយ​ទីក្រុង​ប៉េកាំង ​ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​ផលិត​រថយន្ត​របស់​ខ្លួន​ផង​ដែរ។

ផែនការ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ផ្លាស់ប្តូរ​ទិសដៅ​ដ៏​សំខាន់​មួយ​របស់​ក្រុមហ៊ុន Huawei បន្ទាប់​ពី​ទទួល​រង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​អស់​រយៈពេល ២ ឆ្នាំ ធ្វើ​ឱ្យ​កាត់​បន្ថយ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​សំខាន់ៗ​ដោយ​បង្ខំ​ឱ្យ​ក្រុមហ៊ុន​នេះ​ពឹង​ផ្អែក​លើ​ការ​លក់​ទូរស័ព្ទ ​ដើម្បី​រក្សា​យីហោ​នេះ។

យ៉ាងណា​មិញ អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន Huawei បាន​បដិសេធ​ថា ​ក្រុមហ៊ុន​មិន​មាន​គម្រោង​រចនា​រថយន្ត​អគ្គិសនី ឬ​ផលិត​យានយន្ត​ម៉ាក Huawei អ្វី​ឡើយ។ «ក្រុមហ៊ុន Huawei មិនមែន​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ទេ។

ទោះ​យ៉ាង​ណា​តាមរយៈ​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍ យើង​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​រថយន្ត​ឌីជីថល និង​គ្រឿង​បន្ថែម​ថ្មី ដែល​អាច​ជួយ​ឱ្យ​ក្រុមហ៊ុន​ផលិត​វត្ថុធាតុ​ដើម​ផលិត​យានយន្ត​បានល្អ​ជាង​មុន»។

ប្រភព​ព័ត៌មាន​ចំនួន ៣ បាន​និយាយ​ថា ក្រុមហ៊ុន Huawei បាន​ចាប់​ផ្តើម​រចនា​ដោយ​ស្ងាត់ៗ ផ្ទៃ​ក្នុង​និង​គ្រោង​ផ្គត់ផ្គង់​ក្រុមហ៊ុន​ក្នុង​ស្រុក និង​គ្រោង​ចាប់ផ្តើម​គម្រោង​ជា​ផ្លូវការ​នៅ​ដើម​ឆ្នាំនេះ​។

លោក ​Richard Yu ប្រធាន​ក្រុម​អ្នក​ជំនួញ​អតិថិជន​របស់​ក្រុមហ៊ុន Huawei ដែល​បាន​ដឹកនាំ​ក្រុមហ៊ុន​ឱ្យ​ក្លាយជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ថា លោក​នឹង​ចាប់​ផ្ដើម​ផ្ដោត​ទៅ​លើ​ការ​ផលិត​រថយន្ត​អគ្គិសនី ខណៈ​ទីផ្សារ​នៃ​ផលិតផល​នេះ​នឹង​វាយលុក​ទីផ្សារ​បាន​មួយ​ផ្នែក​ធំ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​ជា​ច្រើន​បាន​និង​កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ផលិត​រថយន្ត​ដើរ​ដោយ​អគ្គិសនី​វិញ​ដោយសារ​ទីក្រុង​ប៉េកាំង​ចាប់ផ្ដើម​ជំរុញ និង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ប្រើប្រាស់​នូវ​យានយន្ត​ដែល​ជា​មធ្យោបាយ​កាត់​បន្ថយ​ការ​បំពុល​ខ្យល់​រ៉ាំរ៉ៃ។

តួយ៉ាង​ដូច​ជា ការ​ផលិត និង​ទីផ្សារ​រថយន្ដ​អគ្គិសនី​ថ្មី (NEVs) រួម​មាន​ដូចជា​យានយន្ត​អគ្គិសនី​អាគុយ​សុទ្ធ ក៏​ដូចជា​រថយន្ដ​ប្រើ​ថាមពល​កូន​កាត់ និង​អ៊ីដ្រូហ្ស៊ែន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើន​ឡើង​ដល់​ទៅ ២០% នៃ​ការ​លក់​រថយន្ដ​ប្រចាំឆ្នាំ​នៅ​ប្រទេស​ចិន ​នៅ​ឆ្នាំ ២០២៥ ហើយ​ការ​លក់​រថយន្ដ​អគ្គិសនី​ថ្មី (NEVs) របស់​ចិន បាន​កើន​ឡើង​ពី​ចំនួន ១,៨ លាន​គ្រឿង​នៅ​ឆ្នាំ​នេះ ខណៈ​ឆ្នាំ ២០២០ កើន​ត្រឹម ១,៣ លាន​គ្រឿង។

យ៉ាងណា​មិញ​អ្នក​ជំនាញ​មួយ​ចំនួន​យល់​ថា ក្រុមហ៊ុន Huawei អាច​ក្លាយជា​ក្រុមហ៊ុន​មួយ ដែល​នឹង​ក្លាយ​ជា​អ្នក​ប្រកួត​ប្រជែង​ជាមួយ​នឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ល្បី​ឈ្មោះ​ជាង​គេ​របស់​មហាសេដ្ឋី Elon Musk គឺ​ក្រុមហ៊ុន Tesla បើ​ទោះ​ជា​មាន​វត្តមាន ក្រុមហ៊ុន​ល្បីៗ ផ្សេងៗ​ដទៃ​ទៀត ដែល​ចង់​ធ្វើជា​ដៃគូ​ប្រកួត​ប្រជែង Tesla រួមមាន​ក្រុមហ៊ុន Xpeng ដែល​គាំទ្រ​ដោយ Alibaba និង​ក្រុមហ៊ុន Nvidia ដែល​ជា​ដៃគូ​ក្រុមហ៊ុន Li Auto ជាដើម។

លោក Xu Zhijun ប្រធាន​ប្តូរ​វេន​របស់​ក្រុមហ៊ុន Huawei ធ្លាប់​បាន​និយាយ​នៅ​ក្នុង​ការ​ធ្វើ​សន្និសីទ​ជា​សាធារណៈ​នៅ​ឆ្នាំ.២០១៩ ថា៖ «ប្រសិន​បើ​អ្នក​ក្រឡេក​មើល​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Tesla អ្នក​នឹង​ដឹង​ថា ​តើ​អនាគត​ទីផ្សារ​នៃ​រថយន្ត​ស្ថិត​នៅ​ចំណុច​ណា។ នៅ​ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ​មុន ទីផ្សារ​លក់​រថយន្ត​របស់​ក្រុមហ៊ុន Tesla មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៥០០ ពាន់​លាន​ដុល្លារ ពោល​គឺ​ច្រើន​ជាង​ក្រុមហ៊ុន​លក់​រថយន្ត​ធំៗ ចំនួន ៥ បូក​ចូល​គ្នា​ទៀត។

លោក Xu ក៏​ធ្លាប់​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាស​កាល​ពី​ខែ​តុលា ថា៖ «អ្វីៗ​ដែល​ក្រុមហ៊ុន Tesla អាច​ធ្វើ​បាន​យើង​ក៏​អាច​ធ្វើ​បាន​ដូចគ្នា»។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​មនុស្ស​ជំនិត​របស់​ក្រុមហ៊ុន ​Huawei បាន​និយាយ​ថា ក្រុមហ៊ុន​មាន​បំណង​ក្លាយ​ជា​​អ្នក​ផ្គត់ផ្គង់​ផ្នែក​ទន់ និង​ផ្នែក​រឹង​ទាំង​អស់​នៃ​ការ​ផលិត​រថយន្ត​ដើរ​ដោយ​អគ្គិសនី​នេះ ធ្វើ​យ៉ាង​ណា​ឱ្យ​លេច​ធ្លោ​ក្នុង​ឧស្សាហកម្ម​នេះ។

ប្រភព​ដដែល​បាន​និយាយ​ថា ក្រុមហ៊ុន Huawei បាន​និង​កំពុង​ជ្រើសរើស​អ្នក​មាន​ទេពកោសល្យ​ផលិត​គ្រឿង​បន្លាស់​ផ្គត់ផ្គង់​រថយន្ត​ធំៗ ដូចជា ​Bosch របស់​អាល្លឺម៉ង់​ជា​ដើម។ ប្រសិន​បើ​ត្រូវ​ការ​អ្វី​ក្រុមហ៊ុន ​Huawei អាច​បង្កើត​ក្រុម​មួយ ដែល​មាន​អ្នក​ជំនាញ​រាប់​ពាន់​នាក់​យ៉ាង​ឆាប់​រហ័ស ដើម្បី​ផលិត​បាន​យ៉ាង​ងាយស្រួល។

ដោយ​ឡែក កាលពី​​ពាក់​កណ្តាល​ខែ​សីហា កន្លង​ទៅ ក្រុមហ៊ុន Huawei បាន​ផ្លាស់ប្តូរ​ការ​ចុះ​បញ្ជី​អាជីវកម្ម​របស់ខ្លួន ដោយ​ស្ងាត់ស្ងៀម​ដោយ​បន្ថែម​ការ​ស្រាវជ្រាវ​ផលិតកម្ម និង​ការ​លក់​គ្រឿង​បន្លាស់​រថយន្ត ​និង​ប្រព័ន្ធ​បើកបរ​ឆ្លាត​វៃ​ទៅ​ក្នុង​ទំហំ​អាជីវកម្ម​របស់​ខ្លួន​ទៀត​ផង។

យ៉ាងណា​មិញ​អ្នក​ប្រឡូក​ក្នុង​ឧស្សាហកម្ម​ផលិត​រថយន្ត​នេះ សុទ្ធ​តែ​តាមដាន​ការ​ពង្រីក​របស់​ក្រុមហ៊ុន Huawei គ្រប់​ជំហាន។ នាយក​ប្រតិបត្តិ​នៅ​ក្រុមហ៊ុន​ផលិត​រថយន្ត​ឈាន​មុខ ១ រូប ​បាន​និយាយ​ថា៖ «ក្រុមហ៊ុន Huawei ទំនង​ជា​ក្លាយ​ជា​ក្រុមហ៊ុន​នាំមុខ​ដូច​ក្រុមហ៊ុន Bosch អ៊ីចឹង ហើយ​អាច​បង្ក​ការ​គំរាម​កំហែង​ដល់​អ្នក​ផ្គត់ផ្គង់​រថយន្ត​ធំៗ​ដទៃ​ទៀត​ផង»។

លោក Chen Yudong ប្រធាន​ក្រុមហ៊ុន Bosch សាខា​ប្រទេស​ចិន បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន Huawei ​គឺ​ជា​ចំណូល​ថ្មី​ដែល​អាចជា​ដៃគូ ឬ​ក៏​ជា​គូរ​ប្រជែង​មាន​សក្ដានុពល​មួយ​ជាមួយ​នឹង​ក្រុមហ៊ុន Bosch ផង​ដែរ។

ក្រុមហ៊ុន​ផលិត​រថយន្ត​ឯទៀត​ក៏​មាន​ការ​ព្រួយ​បារម្ភ​ថា ​ក្រុមហ៊ុន Huawei នឹង​ផលិត​រថយន្ត​ផ្ទាល់​ខ្លួន និង​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ដល់​ឧស្សាហកម្ម​ទាំងមូល។ នាយក​ប្រតិបត្តិ​រថយន្ត​ម្នាក់​បាន​និយាយ​ថា៖ «ពី​មុន​ក្រុមហ៊ុន​នេះ​ថា ​ខ្លួន​នឹង​មិន​ផលិត​ទូរស័ព្ទ​ដៃ​ទេ។ តែ​នៅ​ត្រីមាស​ទី២ ក្រុម ហ៊ុន Huawei បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ធំ​ជាង​គេ​បំផុត​នៅលើ​ពិភព លោក​ដែល​បាន​វ៉ា​ដាច់​ក្រុមហ៊ុន Samsung និង Apple ទៀត​ផង។ ដូច​នេះ​ហើយ​ទើប ក្រុមហ៊ុន​ផលិត​រថយន្ត​ស្ទើរ​គ្រប់​គ្នា​មាន​ការ​ព្រួយ​បារម្ភ​ដំណឹង​ដែល​ថា ​ក្រុមហ៊ុន Huawei អាច​នឹង​ផលិត​រថយន្ត​ផ្ទាល់​ខ្លួន​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​ចិន ១ នេះ បាន​បង្កើន​ផលិតផល​បច្ចេកវិទ្យា​ទំនើបៗ​បន្ថែម បន្ទាប់​ពី​មាន​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​បន្ត​បន្ទាប់​ពី​សំណាក់​មហាអំណាច​លោក​ខាង​លិច​ជាពិសេស​សហរដ្ឋអាមេរិក​ដែល​កាល​ពី​ឆ្នាំ​ទៅ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ចិន​ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស ដូច​ជា​រឿង​ការ​បៀតបៀន​ជនជាតិ​មូស្លីម​នៅ​ប្រទេស​ចិន។

ខណៈ​ពេល​ដែល​ប្រទេស​ចិន ​បាន​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​លើ​ការ​រំលោភ​បំពាន​ដែល​កើត​ឡើង​នៅ​ខេត្ត ​Xinjiang ហើយ​ថា ប្រទេស​អាមេរិក និង​ប្រទេស​លោក​ខាង​លិច​ដទៃ​ទៀត ​គួរ​តែ​ដក​ខ្លួន​ចេញ​ពី​បញ្ហា​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន៕