ក្រុង​វ៉ាស៊ីន​តោន​: ​ប្រធានា​ធិបតី​បារាំង​ លោក​ អេម៉ានុយ​អែល ​ម៉ាក្រុង ​ក៏​ដូច​ជា​មេ​ដឹក​នាំ​ពិភព​លោក​ដទៃ​ទៀត​ ​ហាក់​បាន​បង្កើត​នូវ​ទំនាក់​ទំនង​បែប​ណា​មួយ​ជា​មួយ​សម​ភាគី​អាមេរិក​ លោក ​​ដូណាល់​ ត្រាំ​។​​ ប៉ុន្តែ​តើ​ចំណង​ ទំនាក់​ទំនង​របស់​ពួក​គេ​នឹង​មាន​ផ្លែ​ផ្កា​ច្រើន​ទេ ​ខណៈ​ដែល​រដ្ឋធានី​នៅ​ទ្វីប​អឺរ៉ុប​ជា​ច្រើន ​ព្យាយាម​ជួយ​សង្គ្រោះ​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​ អុីរ៉ង់​ ពី​កំហឹង​ភ្លាម​ៗ​ពី​លោក​ត្រាំ​?

គំនិត​នេះ​ នឹង​ត្រូវ​បាន​ធ្វើ​តេស្តិ៍​នៅ​ថ្ងៃ​ចន្ទ​ ខណៈ​ដែល​​មេ​ដឹក​នាំ​បារាំង​វ័យ​ក្មេង​បាន​ចាប់​ផ្តើម​បំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីន​តោន ​​ហើយ​ក្រុម​អ្នក​ការ​ទូត​បាន​ធ្វើ​ការ​វិនិយោគ​លើ​អ្វី​មួយ​ដែល​ហាក់​ដូច​ជា​កិច្ច​ការ​ដ៏​ស្មុគ​ស្មាញ​ជា​ទី​បំផុត​នោះ​។​

មិន​មាន​ពេល​ច្រើន​ប៉ុន្មាន​ទេ​។​ត្រាំ​នឹង​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ នៅ​ថ្ងៃ​ទី ​១២ ​ខែ​ឧសភា ​ពាក់​ព័ន្ធ​ការ​ផ្តួច​ផ្តើម​បើក​កិច្ច​ចរចា​ជា​មួយ​ក្រុង​ប៉ារីស ​ក្រុង​ប៊េរឡាំង​ និង ​ក្រុង​ឡុងដ៍​ ស្តី​អំពី​វិធាន​ការ​ដ៏​តឹង​តែង​ប្រ​ឆាំង​អុីរ៉ង់ ​បាន​ដំណើរ​ការ​ទៅ​មុខ​ល្អ​ប្រសើរ​នោះ​។​

ប្រសិន​បើ​លោក​ដឹង​ថា​មាន​ «​គុណ​វិបត្តិ​» ​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ឆ្នាំ ​២០​១៥ ​មិន​ទាន់​ត្រូវ​បាន​ស្តារ ​ឬ ​កែ​សម្រួល​ឲ្យ​បាន​ស្រួល​បួល​នោះ​​លោក​ទំនង​ជា​សម្រេច​ចិត្ត​ដក​ការ​គាំទ្រ​របស់​ខ្លួន​ដោយ​បើក​ផ្លូវ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌ​កម្ម​ពី​អាមេរិក​ជា​ថ្មី​ទៀត​ដែល​អាច​បំផ្លាញ​ដល់​កិច្ច​ព្រម​ព្រៀង​នេះ​ទាំង​មូល​។​

អឺរ៉ុប ​នឹង​ចាត់​ទុក​​បញ្ហា​នេះ​ជា​គ្រោះ​មហន្តរាយ​មួយ​ទាំង​ចំពោះ​កិច្ច​ព្រម​ព្រៀង​នេះ​ផ្ទាល់​ ​ដែល​ជា​គោល​ការណ៍​គ្រឹះ​ដ៏​សំខាន់​នៅ​ក្នុង​យុទ្ធ​សាស្ត្រ​ទប់​ស្កាត់​ការ​រីក​សាយ​ភាយ​នៃ​អាវុធ​នុយ​ក្លេអ៊ែរ​ និង​ ទាំង​ផ្នែក​ទំនាក់​ទំនង​ជា​មួយ​ក្រុង ​វ៉ាស៊ីន​តោន​។​

ប្រសិន​បើ​អ្នក​ណា​ម្នាក់​អាច​ទៅ​កាន់​ត្រាំ​នោះ​​វា​អាច​ជា​លោក​ ម៉ាក្រុង ​ដែល​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ ​សេត​វិមាន ​ជា​សម​ភាគី​អង់​គ្លេស ​និង ​អាល្លឺម៉ង់ដ៍​ របស់​លោក​គឺ​លោក​ស្រី ​ថេរិសា ​ម៉េ​ និង ​លោក​ស្រី​ អេន​ជឺឡា មឺរគែល​។​

ក្រុង​ប៉ារីស​ គឺ​ជា​សម្ព័ន្ធ​នៅ​អឺរ៉ុប​ទី​មួយ​ ដែល​បាន​លើក​ឡើង​អំពី​វិធាន​ការ​ដ៏​តឹង​តែង​ប្រឆាំង​កម្ម​វិធី​ផលិត​កាំជ្រួច​មីស៊ីល​បាលិស្ទិក​ របស់ ​អុីរ៉ង់ ​ដើម្បី ​«​ជា​ការ​បន្ថែម​បង្គ្រប់​» ​នូវ​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​ ​​ប៉ុន្តែ​តើ​វា​គ្រប់​គ្រាន់​ទេ?​

លោក ​ត្រាំ​ ក៏​មាន​បំណង​ធ្វើ​កំណែ​ទម្រង់​លើ​កិច្ច​ព្រម​ព្រៀង​នេះ​ផ្ទាល់​ដើម្បី​បញ្ចប់​នូវ​ «​ខ​ច្បាប់​ដែល​មាន​កាល​កំណត់​ចប់​សុពល​ភាព​» ​ដែល​អាច​អនុញ្ញាត​ឲ្យ​អុីរ៉ង់​ ធ្វើ​ការ​ចាប់​ផ្តើម​ឡើង​វិញ​ជា​បន្ត​បន្ទាប់​នូវ​ផ្នែក​នានា​នៃ​កម្ម​វិធី​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ ​បន្ទាប់​ពី​ឆ្នាំ ២០​១៥​៕​ AFP/ SN