
លោកប្រធានាធិបតីអាមេរិក Donald Trump (ពីឆ្វេងទៅស្តាំ) និងប្រធានាធិបតីចិនលោក ស៊ី ជីនភីង។ AFP
លោក Wang Yi អ្នកការទូតជាន់ខ្ពស់ចិនធ្លាប់និយាយនៅក្នុងសេចក្តីអត្ថាធិប្បាយផ្លូវការចេញផ្សាយកាលពីដើមខែ មករាថា ទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិកចាប់ផ្ដើមចេញសញ្ញាណថ្មីមួយ និងអាចត្រឡប់ទៅរកស្ថានភាពល្អវិញ បន្ទាប់ពី «ឆ្លងកាត់អតីតកាលជូរចត់ដែលមិនធ្លាប់មានពីមុនមក»។
តើទំនាក់ទំនងអាមេរិក-ចិន អាចងើបឡើងវិញមែនឬ? លោក Wang Yi សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនបាននិយាយនៅក្នុងបទសម្ភាសរួមគ្នាជាមួយទីភ្នាក់ងារសារព័ត៌មាន Xinhua និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋផ្សេងទៀតថា គោលនយោបាយកាលពីពេលថ្មីៗរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិន បានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍នៃប្រទេសទាំង ២ និងនាំមកនូវគ្រោះថ្នាក់យ៉ាងធំធេងដល់ពិភពលោក។ ប៉ុន្តែឥឡូវនេះវាមានឱកាសសម្រាប់ភាគីទាំង ២ «បើកបង្អួចនៃក្តីសង្ឃឹមថ្មី» និងចាប់ផ្តើមការពិភាក្សាថ្មីមួយ។
ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២១ គឺជាថ្ងៃដែលប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Joe Biden ឡើងកាន់តំណែង ដែលអាចនឹងជួយកែលម្អទំនាក់ទំនងទ្វេភាគីនៃប្រទេសនេះឱ្យប្រសើរជាងមុនលើវិស័យការទូតពាណិជ្ជកម្មបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត ប្រសិនបើរដ្ឋបាលថ្មីនេះ ចាត់វិធានការក្នុងន័យស្ថាបនា ចំណែកឯរដ្ឋាភិបាលចិនក៏អាចនឹងឆ្លើយតបនឹងវិធានការទាំងនោះដែរ។ នេះបើយោងតាមការវិភាគរបស់សារព័ត៌មាន South China Morning Post។
ប្រភពដដែលបានឱ្យដឹងពីការលើកឡើងពីវិធីសាស្ត្រក្នុងការស្ដារទំនាក់ទំនងប្រទេសទាំង ២ រួមមាន ទី១ ស្ថានភាពរញ៉េរញ៉ៃកើតឡើងក្នុងកំឡុងពេលផ្ទេររដ្ឋបាលត្រូវតែបញ្ចប់ ព្រោះរដ្ឋបាល Trump ដែលបានចាកចេញទៅបន្សល់ទុកនូវច្បាប់ផ្សេងៗ ដែលរារាំងដល់ជម្រើសផ្សេងៗរបស់រដ្ឋបាលថ្មីចំពោះប្រទេសចិន។ ចំណែកឯរដ្ឋបាលរបស់លោក Joe Biden គួរតែចាប់ផ្តើមពិគ្រោះយោបល់ជាមួយសភាជាបន្ទាន់ ដើម្បីកំណត់ថា តើច្បាប់ណាមួយក្នុងចំណោមច្បាប់ទាំងនេះគួរតែត្រូវបានបង្កើតឡើងវិញ ឬស្នើសុំឱ្យតាក់តែងឡើងវិញ។
ទី២ ទំនាក់ទំនងការទូត។ លោក Trump បានចោទប្រកាន់ស្ថានកុងស៊ុលចិននៅហ៊ូស្តុនថា ជាអ្នកបង្កប់ខ្លួនហើយក៏បានបិទស្ថានកុងស៊ុលនេះទៅ ចំណែកឯចិនសងសឹកអាមេរិកវិញដោយបិទស្ថានកុងស៊ុលអាមេរិកនៅឆេងឌូ ប្រទេសខ្លួនដែរ។ ទង្វើទាំងនេះគ្រាន់តែជាទង្វើមួយ ដែលធ្វើឱ្យពិបាកដល់ជនជាតិអាមេរិក និងជនជាតិចិនសាមញ្ញដែលចង់ ធ្វើដំណើរប៉ុណ្ណោះ។ លោក Biden គួរតែប្រកាសបើកស្ថានកុងស៊ុលរបស់ចិននៅហ៊ូស្តុនវិញ ដោយមានលក្ខខណ្ឌស្តីពីការបើកស្ថានកុងស៊ុលអាមេរិកនៅឆេងឌូ វិញដូចគ្នា។
ទី៣ ពាណិជ្ជកម្ម។ ពន្ធរបស់លោក Trump លើទំនិញចិនបានដាក់ទណ្ឌកម្មដល់អតិថិជនអាមេរិក (ជនជាតិអាមេរិកដែលមានប្រាក់ចំណូលទាប) កសិករ និងអ្នកនាំចេញអាមេរិកដទៃទៀត។ ប្រធានាធិបតីជាប់ឆ្នោត លោក Biden គួរតែប្រកាសពីការផ្លាស់ប្តូរពន្ធឡើងវិញឱ្យដល់កម្រិតកាលពីឆ្នាំ ២០១៧ ឯប្រទេសចិន ក៏ដូចគ្នា។
យ៉ាងណាមិញ លោកស្រី Mary-E. Lovely សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Syracuse University បានព្យាករពីទំនាក់ទំនងប្រទេសទាំង ២ ថា «សង្រ្គាមចចក» លើវិស័យការទូតបានបញ្ចប់ហើយ។ លោកស្រីបានប្រាប់សារព័ត៌មាន Politico ថា៖ «ប្រទេសចិន នឹងជំនួសវា (សង្រ្គាមការទូត) ដោយកិច្ចខិតខំប្រឹងប្រែងស្ថាបនាកិច្ចការអន្តរជាតិវិញក្នុងឆ្នាំ ២០២១»។
លោកស្រីបានបន្ថែមថា៖ «សម្រាប់ប្តេជ្ញាកសាងសម្ព័ន្ធមិត្តរបស់រដ្ឋបាលថ្មីក្នុងការស្ដារទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ប្រទេសចិននឹងបញ្ឈប់សកម្មភាពបែបកំណាចរបស់ខ្លួនក្នុងគោលបំណងទប់ស្កាត់ការគ្រប់គ្រងការនាំចេញឱ្យកាន់តែទូលំទូលាយ។ ទីក្រុងប៉េកាំងនៅតែប្តេជ្ញាចិត្តលើការគ្រប់គ្រងខាងបច្ចេកវិទ្យាខ្ពស់ ប៉ុន្តែវាក៏អាស្រ័យលើអ្នកផ្គត់ផ្គង់បរទេស និងអត្ថប្រយោជន៍ពីការវិនិយោគបរទេសផងដែរ»។
យ៉ាងណាមិញ ភាគីចិនទំនងជាចង់ស្ដារទំនាក់ទំនងបែកបាក់នេះឡើងវិញ។ ឧទាហរណ៍កាលពីសប្ដាហ៍មុនប្រធានាធិបតីចិនលោក Xi Jinping កំពុងស្នើសុំឱ្យអតីតនាយកប្រតិបត្តិលោក Howard-Schultz នៃក្រុមហ៊ុន Starbucks ឱ្យជួយស្ដារទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនដែលធ្លាក់ចូលក្នុងសភាពយ៉ាប់យ៊ឺនបំផុតពិសេសក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះដោយសារសង្គ្រាមពន្ធ និងភាពតានតឹងលើជម្លោះបច្ចេកវិទ្យា និងសន្តិសុខជាដើម។
លោក Xi Jinping បានស្នើឱ្យលោក Schultz ដោយលើកទឹកចិត្តលោក និងក្រុមហ៊ុនរបស់លោកបន្តតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីចិន-អាមេរិក។ នេះបើយោងតាមលិខិតចេញផ្សាយដោយសារព័ត៌មាន Xinhua ផ្ដាច់មុខដោយមិនមានសារព័ត៌មានណាផ្សេងបានចុះផ្សាយពីលិខិតនេះទេ។
យ៉ាងណាមិញក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសុក្រ លោក Schultz មិនបានលើកឡើងផ្ទាល់ពីសំណូមពររបស់លោក Xi Jinping ក្នុងការស្នើឱ្យជួយជួសជុលទំនាក់ទំនងទេ តែគ្រាន់តែនិយាយថា ជាកិត្តិយសដ៏ធំធេងណាស់ ដែលបានទទួលលិខិតពីប្រធានាធិបតីចិន៕