ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ​កំពុង​ក្លាយ​ជា​បញ្ហា​សកល​មួយ​​ ដោយ​តាម​ស្ថិតិ​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) ​​បង្ហាញ​ថា ​ករណី​ឆ្លង​​កាន់​តែ​ខិត​ជិត​ចំនួន​ ៨៥ លាន​ករណី​ និង​ករណី​ស្លាប់​បាន​ឈាន​ដល់ ១,៨ លាន​ករណី​រួច​ទៅ​ហើយ​។ ជា​ហេតុ​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​ជុំវិញ​ពិភព​លោក​ប្រញាប់ប្រញាល់​ស្វែងរក​វ៉ាក់សាំង​ការពារ​នឹង​ជំងឺ​នេះ​?

វ៉ាក់សាំង​ជា​ទូទៅ​ត្រូវ​ការ​ចំណាយ​ពេល​​រាប់​ឆ្នាំ ​ដើម្បី​សិក្សា​ស្រាវជ្រាវ​ និង​សាកល្បង​ ប៉ុន្តែ​សម្រាប់​ឆ្នាំ ​២០២០ អ្នក​វិទ្យាសាស្ត្រ​ជុំវិញ​ពិភព​លោក​បាន​ប្រណាំង​គ្នា ​ដើម្បី​ផលិត​វ៉ាក់សាំង​បង្ការ​នឹង​វីរុស SARS-CoV-2 ដែល​មាន​សុវត្ថិភាព​ និង​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ពេល​វេលា​ដ៏​ខ្លី។

មក​ទល់​ពេល​នេះ​មាន​បេក្ខជន​វ៉ាក់សាំង​ប្រមាណ ​៦៤ កំពុង​សាកល្បង​​វ៉ាក់សាំង​ចំនួន ​៧ ត្រូវ​បាន​អនុញ្ញាត​​​ឱ្យ​ប្រើប្រាស់​ដោយ​មាន​កំណត់​ក្នុង​​គ្រាអាសន្ន និង​វ៉ាក់សាំង​ចំនួន ​៣ ត្រូវ​​​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ពេញលេញ។

វ៉ាក់សំាង​​ទាំង​អស់​នេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ផ្សេង​គ្នា​ ដើម្បី​បំពេញ​គោលដៅ​តែ​មួយ​ គឺ​ឱ្យ​ប្រព័ន្ធ​ស៊ាំ​របស់​មនុស្ស​ស្គាល់​ប្រូតេអ៊ីន​បន្លា​ (Spike Protein) នៅ​លើ​សម្បក​វីរុស SARS-CoV-2 និង​បង្កើត​​អង់ទីគ័រ​តោង​នឹង​វីរុស​នេះ​ ធ្វើ​ជា​សញ្ញា​ឱ្យ​ឈាម​ស​វាយ​លុក​។ ខាង​ក្រោម​គឺ​ជា​បច្ចេកវិទ្យា​មួយ​ចំនួន​ដែល​កំពុង​នាំ​មុខ​ក្នុង​វិស័យ​ផលិត​វ៉ាក់សាំង​កូវីដ ១៩​៖

បច្ចេកវិទ្យា mRNA៖

បច្ចេកវិទ្យា mRNA ឬ messenger RNA គឺ​ជា​បច្ចេកវិទ្យា​ថ្មី​ប្រើប្រាស់​ម៉ូលេគុល​ RNA ​ផ្ទុក​ព័ត៌មាន​សេនេទិច​ផលិត​ប្រូតេអ៊ីន​បន្លា​នៃ​មេរោគ SARS- CoV-2 ដើម្បី​ឱ្យ​ខ្លួន​មនុស្ស​ផលិត​ប្រូតេអ៊ីន​នេះ​ ដោយ​ផ្ទាល់​។

ពេល​ដែល​គេ​ចាក់​វ៉ាក់សាំង​នេះ​ចូល​ខ្លួន​មនុស្ស​ mRNA នឹង​ជ្រាប​ចូល​កោសិកា​រស់។ ផ្នែក​ផលិត​ប្រូតេអ៊ីន​របស់​កោសិកា​អាន​ព័ត៌មាន​ក្នុង​ mRNA ហើយ​ចាប់​ផ្ដើម​ផលិត​ប្រូតេអ៊ីន​បន្លា​។ mRNA បាន​មក​ពី​វ៉ាក់សាំង​នឹង​ត្រូវ​បាន​​បំផ្លាញ​ដោយ​កោសិកា​ ហើយ​មិន​បន្សល់​ដាន​ជា​រៀង​រហូត​។

ប្រូតេអ៊ីន​បន្លា​ដែល​ត្រូវ​បាន​ផលិត​ ខ្លះ​​គឺ​រក្សា​ក្នុង​កោសិកា​ ហើយ​ខ្លះ​ទៀត​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រទាប់​ខាង​ក្រៅ​នៃ​កោសិកា​ ដោយ​មាន​រូបរាង​ជា​បន្លា​លេច​ចេញ​ពី​កោសិកា​។ ប្រូតេអ៊ីន​បន្លា​លេច​ចេញ​ពី​កោសិកា ​គឺ​អាច​រក​ឃើញ​ដោយ​ប្រព័ន្ធ​ស៊ាំ​។

ទីបំផុត​កោសិកា​នឹង​ស្លាប់​ ហើយ​បញ្ចេញ​ប្រូតេអ៊ីន​បន្លា​ទៅ​ខាង​ក្រៅ​កោសិកា​។ ប្រព័ន្ធ​ស៊ាំ​នឹង​រក​ឃើញ​ប្រូតេអ៊ីន​បន្លា​អណ្ដែត​នៅ​ក្នុង​ខ្លួន​ ហើយ​នឹង​ចាប់​ផ្ដើម​ផលិត​អង់ទីគ័រ​ដែល​ប្រឆាំង​នឹង​វីរុស​នោះ​។ អង់ទីគ័រ​តោង​នឹង​វីរុស​ ហើយ​ផ្ដល់​សញ្ញា​សម្រាប់​ការ​បំផ្លាញ និង​ការពារ​ការ​ឆ្លង​ដោយ​រារាំង​ប្រូតេអ៊ីន​បន្លា​ពី​ការ​ភ្ជាប់​ទៅ​កោសិកា​ផ្សេង​ទៀត​។

ប៉ុន្តែ mRNA គឺ​ងាយ​នឹង​បែកបាក់​ ហើយ​អាច​កាត់​ទៅ​ជា​បំណែក​ដោយ​អង់ហ្ស៊ីម​ធម្មជាតិ​របស់​ខ្លួន​មនុស្ស​ប្រសិន​បើ​ត្រូវ​បាន​ចាក់​ចូល​ទៅ​ក្នុង​ខ្លួន។ ដូច្នេះ​ហើយ​ទើប​វ៉ាក់សាំង​ mRNA ត្រូវ​តែ​មាន​ពពុះ​ខ្លាញ់​ការពារ​ម៉ូលេគុល​ mRNA នីមួយ​ៗ និង​ត្រូវ​ការ​រក្សា​ក្នុង​សីតុណ្ហភាព​ទាប​ខ្លាំង​។

វ៉ាក់សាំង​ដែល​ប្រើ​បច្ចេកវិទ្យា​នេះ ​គឺ​មាន​ដូច​ជា ​វ៉ាក់សាំង Pfizer/BioNTech (អាមេរិក/អាល្លឺម៉ង់) ​វ៉ាក់សាំង​ Moderna (អាមេរិក) និង​វ៉ាក់សាំង​ Curevac​ (អាល្លឺម៉ង់)។ វ៉ាក់សាំង Pfizer/BioNTech វ៉ាក់សាំង​ Moderna គឺ​មាន​ប្រសិទ្ធភាព​ប្រមាណ​ ៩៥%​ ក្រោយ​ពី​ទទួល​ការ​ចាក់​ចំនួន​ ២ ដូស ​និង​មាន​សុវត្ថិភាព​ល្អ​ តែ​អាច​បង្ក​ប្រតិកម្ម​អាល្លែកហ្ស៊ី​ក្នុង​បុគ្គល​មាន​ប្រវត្តិ​ប្រតិកម្ម​ធ្ងន់ធ្ងរ​។

វ៉ាក់សាំង Pfizer/BioN-Tech ត្រូវ​ការ​​រក្សា​ទុក​ក្នុង​សីតុណ្ហភាព​ -៧០ អង្សាសេ ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ចែកចាយ​ និង​ស្តុក​ទុក​។ រីឯ​វ៉ាក់សាំង​ Moderna វិញ​អាច​ស្តុក​ទុក​ក្នុង​សីតុណ្ហភាព -២០ អង្សា​សេ ​រយៈ​ពេល ​៦ ​ខែ ហើយ​អាច​ទុក​ក្នុង​សីតុណ្ហភាព​ទូទឹកកក​ធម្មតា​​ក្នុង​រយៈពេល ​១ ​ខែ។

បច្ចេកវិទ្យា​វ៉ិចទ័រ​វីរុស​កែច្នៃ​ពី Adenovirus ស្វា Chimpanzee បច្ចេកវិទ្យា​វ៉ិចទ័រ​វីរុស​ គឺ​ជា​បច្ចេកវិទ្យា​ដែល​ប្រើប្រាស់​វីរុស​សត្វ ដែល​មិន​បង្ក​ជំងឺ​ក្នុង​ខ្លួន​មនុស្ស ដើម្បី​ដឹកនាំ​ព័ត៌មាន​សេនេទិច​ផលិត​ចូល​កោសិកា​ស្រដៀង​នឹង​បច្ចេកវិទ្យា​ mRNA ផង​ដែរ​។ គេ​ប្រើប្រាស់​វីរុស​ដោយសារ​វីរុស ​គឺ​ជា​យាន​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ចែកចាយ​ព័ត៌មាន​សេនេទិច​ក្នុង​កោសិកា​មនុស្ស​។

សម្រាប់​វ៉ាក់សាំង​កូវីដ ១៩​ បច្ចុប្បន្ន​គេ​បាន​ជ្រើសរើស​ប្រើប្រាស់​ Adenovirus បាន​មក​ពី​ស្វា Chimpanzee ដោយ​គេ​បាន​កែ​ច្នៃ​វីរុស​នេះ​ឱ្យ​ផ្ទុក​ព័ត៌មាន​សេនេទិច​ផលិត​ប្រូតេអ៊ីន​បន្លា​ និង​បំបាត់​សមត្ថភាព​បន្ត​ពូជ​របស់​វីរុស​នេះ​ក្នុង​ខ្លួន​មនុស្ស​។

នៅ​ពេល​ដែល​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ​​ចូល​ខ្លួន​មនុស្ស​ វីរុស​ Adenovirus ជ្រាប​​ចូល​កោសិកា​ហើយ​បញ្ចេញ​ម៉ូលេគុល​ DNA កែច្នៃ​ទៅ​ក្នុង​កោសិកា​។ កោសិកា​អាន​ព័ត៌មាន​សេនេទិច​នៅ​លើ​ DNA ហើយ​បកប្រែ​ទៅ​ជា​ mRNA វិញ​ ដែល​​បន្ទាប់​មក​កោសិកា​ចាប់​ផ្ដើម​ផលិត​​ប្រូតេអ៊ីន​បន្លា​។ ដំណាក់​កាល​បន្ត​បន្ទាប់​​ គឺ​ដូច​គ្នា​នឹង​វ៉ាក់សាំង​ mRNA​។

ប្រើ​ប្រៀបធៀប​នឹង​ប្រភេទ​ផ្សេង​ទៀត​ វ៉ាក់សាំង​វ៉ិចទ័រ​វីរុស​គឺ​ងាយ​ស្រួល​ផលិត ​ស្តុក​ទុក​ចែក​ចាយ​ និង​មាន​តម្លៃ​ទាប​ជាង​គេ​។ វ៉ាក់សាំង​ដែល​ប្រើប្រាស់​បច្ចេក​វិទ្យា​នេះ ​មាន​ដូចជា AstraZeneca/Oxford (អង់គ្លេស/ស៊ុយ-​អ៊ែត) វ៉ាក់សាំង​ Sputnik V (រុស្សី) វ៉ាក់សាំង Cansino(ចិន) និង​វ៉ាក់សាំង​ Johnson & Johnson/BIDMC ​(អាមេរិក)។ វ៉ាក់សាំង AstraZeneca/​Oxford និង​ វ៉ាក់សាំង​ Sputnik V គឺ​មាន​ប្រសិទ្ធភាព​ជាង​ ៩០% ក្រោយ​ពី​ទទួល​វ៉ាក់សាំង​ចំនួន​ ២ ដូស ហើយ​មាន​សុវត្ថិភាព​ល្អ​។

បច្ចេកវិទ្យា​បំណែក​ប្រូតេអ៊ីន៖

បច្ចេកវិទ្យា​នេះ ​គឺ​ចាប់​ផ្ដើម​ការ​ផលិត​ប្រូតេអ៊ីន​បន្លា​ក្នុង​កោសិកា​សត្វល្អិត​តាមរយៈ​ការ​ប្រើប្រាស់​វ៉ិចទ័រ​វីរុស​។ បន្ទាប់​មក​គេ​ទាញ​យក​ប្រូតេអ៊ីន​ពី​កោសិកា​ទាំង​នេះ​ទៅ​បន្សុទ្ធ។ ប្រូតេអ៊ីន​បន្លា​នឹង​ចាក់​ចូល​ខ្លួន​មនុស្ស​ជា​មួយ​សារធាតុ​គីមី​ដែល​ជំរុញ​ឱ្យ​មាន​ការ​ឆ្លើយ​​តប​ពី​ប្រព័ន្ធ​ស៊ាំ។ ពេល​ដែល​ប្រព័ន្ធ​ស៊ាំ​រក​ឃើញ​ប្រូតេអ៊ីន​បន្លា​ កោសិកា​ឈាម​ស​ចាប់​ផ្ដើម​ផលិត​អង់ទីគ័រ​ប្រឆាំង​នឹង​វីរុស​។

វ៉ាក់សាំង​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​​មាន​ដូចជា ​វ៉ាក់សាំង​ Novavax (អា​មេរិក) និង​ Sanofi/GSK (បារាំង អង់គ្លេស​)។ វ៉ាក់សាំង​ទាំង​ ២ នេះ​អាច​រក្សា​​ក្នុង​សីតុណ្ហភាព​ទូ​ទឹកកក​ធម្មតា​។

បច្ចេកវិទ្យា​វីរុស​អសកម្ម៖

បច្ចេកវិទ្យា​វីរុស​អសកម្ម​ គឺ​ជា​បច្ចេកវិទ្យា​ចាស់​ជាង​គេ​ក្នុង​ចំណោម​បច្ចេកវិទ្យា​ទាំង​នេះ​។ គេ​ចាប់​ផ្ដើម​ដោយ​ចិញ្ចឹម​វីរុស​ SARS- CoV- 2 នៅ​ក្នុង​មន្ទីរ​ពិសោធន៍។ បន្ទាប់​មក​​គេ​យក​វីរុស​ទាំង​អស់​ទៅ​សម្លាប់​ ឬ​ធ្វើ​​ឱ្យ​ខ្សោយ​។ ពេល​ចាក់​ចូល​ខ្លួន​មនុស្ស​​វីរុស​អសកម្ម​អណ្ដែត​នៅ​ក្នុង​ខ្លួន​មនុស្ស​រហូត​ដល់​ពេល​ប្រព័ន្ធ​ស៊ាំ​រក​ឃើញ​។ កោសិកា​ឈាម​ស​ នឹង​បំបែក​ខ្លួន​វីរុស​ហើយ​ធ្វើ​ការ​សិក្សា​គ្រឿង​ក្នុង​វីរុស​។ បើ​សិន​បើ​កោសិកា​រក​ឃើញ​ប្រូតេអ៊ីន​បន្លា​ ពួក​​គេ​នឹង​ចាប់​ផ្ដើម​ផលិត​អង់ទីគ័រ​ប្រឆាំង​នឹង​វីរុស​នោះ​។

វ៉ាក់សាំង​នេះ​ គឺ​ងាយ​ស្រួល​ស្តុក​ទុក​ និង​ចែកចាយ​ តែ​មាន​ហានិភ័យ​ឆ្លង​ក្នុង​ដំណាក់កាល​ផលិត​វ៉ាក់សាំង​ ឬ​ក្នុង​វ៉ាក់សាំង​ដែល​គេ​សម្លាប់​មេរោគ​មិន​ទាន់​​អស់​។ វ៉ាក់សាំង​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​មាន​វ៉ាក់សាំង​ចំនួន ​២ ផលិត​ដោយ​ Sinopharm (ចិន) វ៉ាក់សាំង​ Sinovac (ចិន) និង ​Bharat Biotech (ឥណ្ឌា)។ វ៉ាក់សាំង​ Sinopharm/Beijing Institute of Biological Products មាន​ប្រសិទ្ធភាព​រវាង​ ៧៩% និង ៨៦% ក្រោយ​ពី​ទទួល​វ៉ាក់សាំង​ចំនួន ៣ ដូស ​ហើយ​មាន​សុវត្ថិភាព​ល្អ​៕