ការ​រីក​រាលដាល​ជំងឺ​ Covid-19 គឺ​ជា​បញ្ហា​សកល​របស់​មនុស្ស​លោក​យើង​ដោយ​តាម​ស្ថិតិ​របស់​អង្គការ​សុខភាព​ពិភព​លោក​បាន​បង្ហាញ​ថា​ ករណី​ឆ្លង​ គឺ​កាន់​តែ​ខិត​ជិត​ចំនួន​ ៧០ លាន​ករណី​ និង​ករណី​ស្លាប់​នឹង​ឈាន​ដល់ ១,៦ លាន​ករណី​ទៅ​ហើយ​ ជា​ហេតុ​ធ្វើ​ឱ្យ​ប្រទេស​ជុំវិញ​ពិភព​លោក​ប្រញាប់​ប្រញាល់​ស្វែងរក​វ៉ាក់សាំង​ការពារ​នឹង​ជំងឺ​នេះ​។

វ៉ាក់សាំង​ជា​ទូទៅ​ត្រូវ​ការ​ចំណាយ​ពេល​រាប់​ឆ្នាំ ​ដើម្បី​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ និង​ធ្វើ​ការ​សាកល្បង ​ប៉ុន្តែ​សម្រាប់​ឆ្នាំ ​២០២០ អ្នក​វិទ្យាសាស្ត្រ​ជុំវិញ​ពិភព​លោក​បាន​ប្រណាំង​គ្នា​ ដើម្បី​ផលិត​វ៉ាក់សាំង​ការពារ​មេរោគ​ SARS- CoV- 2 ដែល​មាន​សុវត្ថិភាព​ និង​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ពេល​វេលា​ដ៏​ខ្លី។

មក​ដល់​ពេល​នេះ​មាន​ប្រភេទ​វ៉ាក់សាំង​ប្រមាណ ​៧៧ ​ស្ថិត​នៅ​​ក្នុង​ការ​សាកល្បង​ដំណាក់កាល​​​ផ្សេងៗ​ចំនួន​ ៥ បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក្នុង​គ្រាអាសន្ន​ដោយ​មាន​កំណត់​ និង​ចំនួន ​២ ​បាន​ឱ្យ​ប្រើប្រាស់​ពេញលេញ​។ ខាង​ក្រោម ​គឺ​វ៉ាក់សាំង​មួយ​ចំនួន​ ដែល​បាន​ដើរ​ដល់​ដំណាក់កាល​ចុង​ក្រោយ ​ឬ​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នៅ​ប្រទេស​មួយ​ចំនួន​៖

វ៉ាក់សាំង Pfizer/BioNTech (អាមេរិក​ និង​អាល្លឺម៉ង់)៖ វ៉ាក់សាំង​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ច្រើន​ជាង​គេ ​គឺ​វ៉ាក់សាំង​ BNT 162b2 ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក Pfizer និង​ក្រុមហ៊ុន​អាល្លឺម៉ង់​BioNTech។ វ៉ាក់សាំង​នេះ​ជា​ប្រភេទ​វ៉ាក់សាំង​ដែល​ប្រើប្រាស់​​បច្ចេកវិទ្យា​ Messenger RNA ឬ​ mRNA​ ដែល​មាន​គោលដៅ​បង្កើត​អង់ទីគ័រ​ប្រឆាំង​នឹង​ Spike Protein លើ​សម្បក​របស់​វីរុស​ SARS-CoV-2។ ក្នុង​ដំណាក់កាល​​ទី១ និង​ទី២ Pfizer និង ​BioNTech បាន​ធ្វើ​វ៉ាក់សាំង​ចំនួន ​២ ​ស្រដៀង​ដោយ​រក​ឃើញ​ថា ​១ ​​មាន​ផល​ប៉ះពាល់​​តិចតួច​ពួក​​គេ​ក៏​បន្ត​ធ្វើ​សាកល្បង​វ៉ាក់សាំង​នោះ​ ទៅ​កាន់​ដំណាក់​កាល​ទី​៣​។

ការ​ធ្វើ​សាកល្បង​លើក​ទី​៣ ​មាន​ការ​ចូលរួម​ពី​ជន​ស្ម័គ្រចិត្ត​​ចំនួន ​៣០.០០០ នាក់ ​ក្នុង​សហរដ្ឋ​អាមេរិក​ និង​ក្រោយ​កើន​ឡើង​​ដល់ ​៤៤.០០០ នាក់ ដោយ​ពាក់​កណ្ដាល​ទទួល​បាន​វ៉ាក់សាំង​ពិត និង​ពាក់​កណ្ដាល​ទៀត​​ទទួល​បាន​ Placebo។ ប្រទេស​​ផ្សេង​ទៀត​ដែល​បាន​ចូលរួម​ការ​ធ្វើ​សាកល្បង​ដំណាក់កាល​ទី​៣ ​គឺ អាហ្សង់ទីន ប្រេស៊ីល និង​អាល្លឺម៉ង់​។

នៅ​ថ្ងៃ​ទី ​១៨ ខែ​វិច្ឆិកា​ លទ្ធផល​បឋម​ដែល​បាន​មក​ពី​ជន​ស្ម័គ្រ​ចិត្ត ​១៦៤ នាក់ ​ដែល​បាន​ប៉ះពាល់​ជាមួយ​ Covid-19 បាន​បង្ហាញ​ថា ​មាន​ប្រសិទ្ធភាព ​៩៥% និង​មាន​ផល​ប៉ះពាល់​តិចតួច ​ហើយ​ក្នុង​មនុស្ស​ចាស់​ជាង ​៦៥ ​ឆ្នាំ​ វ៉ាក់សាំង​មាន​ប្រសិទ្ធភាព ​៩៤%។

ចក្រភព​អង់គ្លេស ​គឺ​ជា​ប្រទេស​ដំបូង​គេ​ដែល​បាន​អនុញ្ញាត​ប្រើ​ក្នុង​គ្រា​អាសន្ន​កាល​ពី​ថ្ងៃ​ទី ​២ ខែ​​ធ្នូ ហើយ​ចាប់​ផ្ដើម​ចែកចាយ ​១ ​​សប្ដាហ៍​ក្រោយ​មក​។ ​កាល​ពី​ថ្ងៃ​សុក្រ ​ទី ១១​ ខែ​ធ្នូ រដ្ឋបាល​ម្ហូប​អាហារ​ និង​ឱសថ​អាមេរិក​ (FDA) ក៏​បាន​សម្រេច​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​នេះ​ក្នុង​គ្រា​អាសន្ន​ដោយ​ Pfizer និងBioNTech មាន​ផែនការ​ដឹក​​ជញ្ជូន​វ៉ាក់សាំង​ចំនួន ២,៩ ​លាន​ដូស ​ទៅ​សហរដ្ឋ​អាមេរិក​ក្នុង​សប្ដាហ៍​ដំបូង​ក្រោយ​ការ​អនុញ្ញាត​។ ​​ប្រទេស​បារ៉ែន​ និង​ម៉ិកស៊ិក ​ក៏​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក្នុង​គ្រា​អាសន្ន​ផង​ដែរ​។ រីឯ​ប្រទេស​កាណាដា និង​អារ៉ាប៊ី សាអ៊ូឌីត​ បាន​ធ្វើ​ការ​អនុញ្ញាត​ឱ្យ​​ប្រើប្រាស់​ពេញ​លេញ​ហើយ​។

វ៉ាក់សាំង​នេះ​ ក៏​កំពុង​ស្ថិត​ក្រោម​ការ​ពិចារណា​សម្រាប់​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក្នុង​គ្រាអាសន្ន​ដោយ​អង្គការ​សុខភាព​ពិភព​លោក​ ដែល​អាច​ធ្វើ​ការ​សម្រេច​ក្នុង​រយៈពេល​ប៉ុន្មាន​​សប្ដាហ៍​ខាង​មុខ​នេះ​។

បើ​គិត​តាម​កិច្ច​សន្យា​ទិញ​ទុក​មុន​របស់​រដ្ឋបាល​ Donald Trump កាល​ពី​ខែ​កក្កដា ដែល​បាន​ចំណាយ​ប្រាក់​អស់ ​១,៩៥ ពាន់​លាន​ដុល្លារ ​ទិញ​យក​វ៉ាក់សាំង​ចំនួន ១០០ លាន​ដូស​ នោះ​វ៉ាក់​សាំង​នេះ​អាច​មាន​តម្លៃ ​២០ ​ដុល្លារ ​ក្នុង ​1 ​ដូស​។ ការ​ចាក់​វ៉ាក់សាំង​នេះ​ត្រូវ​ការ​ចាក់​ចំនួន ​២ ដូស ​ដោយ​មាន​គម្លាត​រយៈពេល ​៣ សប្ដាហ៍ ​រវាង​ដូស​នីមួយៗ​តែ​គេ​មិន​ដឹង​ច្បាស់​ទេ​ថា ​តើ​ប្រសិទ្ធភាព​នឹង​មាន​រយៈពេល​ប៉ុន្មាន​ទេ?​។

វ៉ាក់សាំង​នេះ ​ត្រូវ​ការ​ស្តុក​ទុក​ក្នុង​សីតុណ្ហភាព ​៧០ អង្សាសេ ​ដូច្នេះ​ការ​ដឹក​ជញ្ជូន ​និង​ការ​ទុក​ដាក់​នៅ​ស្ថាប័ន​ចែកចាយ​អាច​មាន​ភាព​លំបាក​។ បន្ថែម​ពី​លើ​នេះ​​ចក្រភព​អង់គ្លេស​បាន​ហាម​ឃាត់​បុគ្គល​ដែល​មាន​ប្រវត្តិ​ប្រតិកម្ម​អាល្លែកហ្ស៊ី​ធ្ងន់ធ្ងរ​មិន​ឱ្យ​ទទួល​វ៉ាក់សាំង​នេះ ក្រោយ​ពី​បុគ្គលិក​សុខាភិបាល ​២ ​រូប​ចេញ​​រោគសញ្ញា​​អាល្លែកហ្ស៊ី ​ក្រោយ​ពី​បាន​ទទួល ​១ ​ថ្ងៃ​មុន​។

ក្រៅ​ពី​ប្រទេស​ដែល​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ខាង​លើ​សហភាព​អឺរ៉ុប​ និង​ប្រទេស​ជប៉ុន ​បាន​​បញ្ជា​ទិញ​វ៉ាក់សាំង​នេះ​ទុក​​ជា​មុនដោយ​ពួក​គេ ​គឺ​កំពុង​រង់ចាំ​ការ​អនុញ្ញាត​ឱ្យ​ប្រាស់​ ដោយ​និយតករ​រៀងៗ​ខ្លួន​។

វ៉ាក់សាំង​ Sinopharm/Beijing Institute of Biological Products (ចិន)៖ វ៉ាក់សាំង BBIBP-CorV គឺ​ជា​ប្រភេទ​វ៉ាក់សាំង​វីរុស​អសកម្ម​បង្កើត​ឡើង​ដោយ​ការ​បណ្ដុះ​ វីរុស​ទាំង​មូល​នៅ​ក្នុង​មន្ទីរ​ពិសោធន៍ ​ហើយ​បន្ទាប់​មក​សម្លាប់​វា​ចោល​។ វ៉ាក់សាំង​វីរុស​អសកម្ម ​គឺ​មាន​គោលដៅ​បង្កើត​អង់ទីគ័រ​ប្រឆាំង​នឹង​វីរុស​ទាំង​មូល​តែ​ត្រូវ​ចំណាយ​ពេល​យូរ ​ដើម្បី​ផលិត​ដូស​នីមួយៗ​បើ​សិន​​ប្រៀប​ធៀប​នឹង​បច្ចេកវិទ្យា​ mRNA ឬ​បច្ចេកវិទ្យា​ថ្មី​ៗ​ផ្សេង​ទៀត។ វ៉ាក់សាំង​នេះ​ គឺ​ជា​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​របស់​រដ្ឋ​ចិន​។

ក្នុង​ការ​ធ្វើ​ការ​សាកល្បង​ដំណាក់​កាល​ទី​១ ​និង​ទី​២​ គេ​រក​ឃើញ​ថា​មាន​ការ​បង្កើត​អង់ទីគ័រ ​និង​មិន​បង្ក​ផល​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ទេ។ ការ​ធ្វើ​ការ​សាកល្បង​ដំណាក់​កាល​ទី​៣ គឺ​កំពុង​​ធ្វើ​នៅ​ប្រទេស​អារ៉ាប់​រួម ម៉ារ៉ុក និង​ប៉េរូ​។ កាល​ពី​ខែ​កញ្ញា​អារ៉ាប់រួម​​បាន​ធ្វើ​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​​វ៉ាក់សាំង​នេះ ​ក្នុង​គ្រាអាសន្ន​ហើយ​ក្រោយ​មក​នៅ​ខែ​ធ្នូ បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ពេញ​លេញ​ដោយ​បាន​ប្រកាស​ថា​ មាន​ប្រសិទ្ធភាព ​៨៦%​។

គេ​មិន​ដឹង​ច្បាស់​អំពី​តម្លៃ​របស់​​វ៉ាក់សាំង​នេះ​ទេ​តែ​ប្រធាន ​Sinopharm ធ្លាប់​និយាយ​ថា ​វ៉ាក់សាំង​របស់​ពួក​គេ​ចំនួន ​២ ​ដូស ​អាច​មាន​តម្លៃ​ទាប​ជាង ​ឬ​ប្រហែល​ ១ ០០០ Yuan (ប្រមាណ ១៤៥ ដុល្លារ)។ ការ​ចាក់​វ៉ាក់សាំង​នេះ​ត្រូវ​ការ​ចាក់​ចំនួន ​២ ដូស​ ដោយ​មាន​គម្លាត​រយៈពេល​ ៣ សប្ដាហ៍​រវាង​ដូស​នីមួយៗ​។ វ៉ាក់សាំង​នេះ ​អាច​ស្តុក​ទុក​ក្នុង​សីតុណ្ហភាព​ទូរ​ទឹកកក​ធម្មតា​បាន។

វ៉ាក់សាំង​ Sinovac Biotech (ចិន)៖ វ៉ាក់សាំង Coro- naVac គឺ​វ៉ាក់សាំង​ប្រភេទ​វីរុស​អសកម្ម​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឯកជន Sinovac​។ ក្នុង​លទ្ធផល​ដំណាក់កាល​ទី​១ និង​ទី២ បាន​បង្ហាញ​ថា​ វ៉ាក់សាំង​​​នេះ ​មិន​បង្ក​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ ​និង​បង្ហាញ​ថា​ មាន​ប្រសិទ្ធភាព​មធ្យម​។ ការ​ធ្វើ​ការ​សាកល្បង​ដំណាក់​កាល​ទី​៣ គឺ​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ប្រេស៊ីល​ ឥណ្ឌូនេស៊ី និង​តួកគី​ ហើយ​មិន​ទាន់​ចេញ​លទ្ធផល​នៅ​ឡើយ​។

គេ​មិន​ទាន់​ច្បាស់​ថា ​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធ​ជាក់​ស្ដែង​ប៉ុន្មាន​ភាគរយ​ទេ​ តែ​ការ​សាកល្បង​នៅ​ប្រទេស​ប្រេស៊ីល ​​បាន​កត់ត្រា​ករណី​ Covid-19 គ្រប់គ្រាន់ ​ដើម្បី​ឱ្យ​អ្នក​ស្រាវជ្រាវ​​កំណត់​ប្រសិទ្ធភាព​របស់​ Sinovac។ ពួក​គេ​រំពឹង​ថា​ នឹង​ចេញ​លទ្ធផល​របស់​ពួក​គេ​នៅ​ថ្ងៃ​ទី ១៥ ខែ​ធ្នូ​ ខាង​មុខ​នេះ​។

កាល​ពី​ខែ​កក្កដា ​រដ្ឋាភិបាល​ចិន​បាន​ធ្វើ​ការ​អនុញ្ញាត​បន្ទាន់​ឱ្យ​ប្រើប្រាស់​មាន​កំណត់​មួយ​សម្រាប់​បុគ្គល​ដែល​ប្រឈម​មុខ​ខ្ពស់​នឹង​ Covid-19​ ដែល​រួម​មាន​បុគ្គលិក​សុខាភិបាល ​និង​បុគ្គលិក​សេវា​សាធារណៈ​។

ប្រេស៊ីល​ ឥណ្ឌូនេស៊ី និង​តួកគី កំពុង​អនុវត្ត​ផែនការ ​ដើម្បី​ចាក់​វ៉ាក់សាំង​របស់​ Sinovac ជូន​ប្រជាជន​របស់​ពួក​គេ​។ ប្រទេស​ឥណ្ឌូនេស៊ី ​ទើប​តែ​ទទួល​បាន​វ៉ាក់សាំង​ចំនួន ​១ លាន​ដូស ​ពី​ Sinovac ដោយ​មាន​កិច្ច​ព្រមព្រៀង​ផ្គត់ផ្គង់​ ៤០ លាន​ដូស​ត្រឹម​ខែ​មីនា​ ២០២១​។

Reuter បាន​រាយការណ៍​ថា​ រដ្ឋបាល​ទីក្រុង​ Jiaxing ប្រទេសចិន​ បាន​ចែកចាយ​វ៉ាក់សាំង​នេះ​ក្នុង​តម្លៃ​ ២០០ yuan​ (ប្រហែល​ ​៣០ ​ដុល្លារ)​ រីឯ​នៅ​ឥណ្ឌូនេស៊ី​វិញ ​១ ដូស ​មាន​តម្លៃ​ ២០០.០០០ ​rupiah (ប្រហែល​ ១៣,៦ ដុល្លារ)​ តែ​គេ​មិន​ទាន់​ច្បាស់​ថា ​​តើ​តម្លៃ​ទាំង ​២ នេះ ​មាន​ឧបត្ថម្ភធន ឬ​ក៏​អត់​នោះ​ទេ​។ វ៉ាក់សាំង​ក៏​ត្រូវ​ការ​ចាក់​ចំនួន ​២ ដូស​​ផង​ដែរ​ ដោយ​មាន​គម្លាត​រយៈពេល​ ២ សប្ដាហ៍ ​រវាង​ដូស​នីមួយ​ៗ​។ វ៉ាក់សាំង​អាច​ស្តុក​ទុក​ក្នុង​សីតុណ្ហភាព​ទូទឹកកក​ធម្មតា​បាន។

វ៉ាក់សាំង​ Moderna (អាមេរិក)៖ វ៉ាក់សាំង mRNA-1273 ដែល​ក៏​ជា​វ៉ាក់សាំង​ប្រភេទ​ mRNA ផង​ដែរ ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន ​Moderna ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។ វ៉ាក់សាំង​នេះ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ ​១ ពាន់​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​អាមេរិក​។

ក្នុង​ការ​សាកល្បង​ដំណាក់កាល​ទី​៣ មាន​ជន​ស្ម័គ្រចិត្ត​ចំនួន ៣០.០០០ នាក់​ចូល​រួម ​ហើយ​លទ្ធផល​បឋម​បាន​មក​ពី​ជន​ស្ម័គ្រ​ចិត្ត​ចំនួន ​១៩៦ ដែល​បាន​​​ប៉ះពាល់​ជាមួយ​ Covid-19 បាន​បង្ហាញ​ថា ​មាន​ប្រសិទ្ធភាព ​៩៤.១ ភាគរយ និង​មាន​ផល​ប៉ះពាល់​តិច​។ Moderna ​បាន​ស្នើ​ការ​អនុញ្ញាត​ឱ្យ​ប្រើ​ក្នុង​គ្រា​អាសន្ន​ទៅ​កាន់​ FDA កាល​​ពី​ចុង​ខែ​វិច្ឆិកា​ដែល​មក​ដល់​ពេល​នេះ​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​។

វ៉ាក់សាំង​នេះ​ ក៏​កំពុង​ស្ថិត​ក្រោម​ការ​ពិចារណា​សម្រាប់​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក្នុង​គ្រាអាសន្ន​ដោយ​អង្គការ​សុខភាព​ពិភព​លោក​ ដែល​អាច​ធ្វើ​ការ​សម្រេច​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ​។

កាល​ពី​ខែ​កញ្ញា ​រដ្ឋបាល​ Trump បាន​ធ្វើ​កិច្ច​សន្យា​ជាមួយ ​Moderna ទិញ​យក ​១០០ លាន​ដូស ​ក្នុង​តម្លៃ ​១.៥ ពាន់​លាន​ដុល្លារ ធ្វើ​ឱ្យ​មាន​តម្លៃ ​១៥ ដុល្លារ ​ក្នុង ​១ ​ដូស តែ​តម្លៃ​នេះ​ អាច​កើន​ឡើង​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក​ដោយ​ BBC រាយការណ៍​ថា ​វ៉ាក់សាំង ​Moderna មាន​តម្លៃ ​៣៦ ដុល្លារ ​​ក្នុង ​១ ដូស​។

ការ​ចាក់​វ៉ាក់សាំង​​នេះ ​ត្រូវ​ការ​ចាក់​ចំនួន ​២ ដូស​ដោយ​មាន​គម្លាត​រយៈ​ពេល ​៤ សប្ដាហ៍​រវាង​ដូស​នីមួយៗ​តែ​គេ​មិន​ដឹង​ច្បាស់​ទេ​ថា ​តើ​ប្រសិទ្ធភាព​នឹង​មាន​រយៈពេល​ប៉ុន្មាន​ទេ​។ ដើម​ឡើយ ​Moderna គិត​ថា​វ៉ាក់សាំង​របស់​ពួក​គេ​ត្រូវ​ការ​ស្តុក​ទុក​ក្នុង​សីតុណ្ហភាព ២០ ​អង្សាសេ​រយៈពេល ​៦ ​ខែ តែ​ក្រោយ​​មក​ពួក​គេ​ប្រកាស​ថា ​អាច​​ទុក​ក្នុង​សីតុណ្ហភាព​ទូ​ទឹកកក​ធម្មតា​ក្នុង​រយៈពេល ​១ ខែ ​ដែល​ធ្វើ​ឱ្យ​ងាយ​ប្រើប្រាស់​នឹង​ដឹក​ជញ្ជូន​ជាង​វ៉ាក់សាំង​ Pfizer​។ សហភាព​អឺរ៉ុប កាណាដា ជប៉ុន និង​កាតា ​ក៏​បាន​បញ្ជា​ទិញ​​យក​វ៉ាក់សាំង​នេះ​ផង​ដែរ​។

វ៉ាក់សាំង AstreZeneca/Oxford (អង់គ្លេស និង​ស៊ុយអែត)៖ វ៉ាក់សាំង​ ChAdOx1 គឺ​ជា​វ៉ាក់សាំង​បាន​មក​ពី​ការ​កែច្នៃ​ Adenovirus ស្វា ​Chimpanzee​ ដែល​បច្ចេកវិទ្យា​អាច​ផលិត​វ៉ាក់សាំង​ក្នុង​​តម្លៃ​ទាប​បំផុត។

ក្នុង​ដំណាក់​កាល​ទី​១​ និង​ទី២ គេ​មិន​បាន​រក​ឃើញ​ផល​ប៉ះពាល់​អ្វី​ទេ​។ វ៉ាក់សាំង​នេះ​បាន​ចាប់​ផ្ដើម​ការ​សាកល្បង​ដំណាក់​កាល​ទី​៣​ នៅ​ឥណ្ឌា​ ប្រេស៊ីល ​អាហ្វ្រិក​ខាង​ត្បូង​ និង​សហរដ្ឋ​អាមេរិក​។ លទ្ធផល​នៃ​ដំណាក់​កាល​ទី​៣ ​គឺ​មាន​ភាព​មិន​ប្រក្រតី​ដោយសារ​មាន​ការ​ច្រឡំ​ការ​ចាក់​ពាក់​កណ្ដាល​ដូស​ធម្មតា។​ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ ​គឺ​ជន​ស្ម័គ្រ​ចិត្ត​ដែល​​ទទួល​បាន​ដូស​ពាក់​កណ្ដាល ​១ ​ដង ​និង​ដូស​ពេញ ​១ ដង​ មាន​ប្រសិទ្ធភាព ​៩០% ច្រើន​ជាង ​៦២% ​នៃ​បុគ្គល​ដែល​ទទួល​បាន​ដូស​ពេញ ​២ ​ដង​។

មាន​ជន​ស្ម័គ្រចិត្ត​នៅ​ប្រេស៊ីល ​១ ​រូប​ស្លាប់ ​តែ​ក្រោយ​មក​គេ​ដឹង​ថា​ ​ជន​នេះ​បាន​ទទួល​ Placebo មិនមែន​ទទួល​វ៉ាក់សាំង​ពិត​ទេ​។

AstraZeneca និង​ Oxford មិន​ទាន់​បាន​ស្នើ​ការ​អនុញ្ញាត​ប្រើប្រាស់​បន្ទាន់​នៅ​ឡើយ​។ វ៉ាក់សាំង​នេះ ​គឺ​កំពុង​ស្ថិត​ក្រោម​ការ​ពិចារណា​សម្រាប់​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក្នុង​គ្រាអាសន្ន​ដោយ​អង្គការ​សុខភាព​ពិភព​លោក​ ដែល​អាច​ធ្វើ​ការ​សម្រេច​​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ​។

ក្នុង​សកម្មភាព​ដែល​គេ​ស្មាន​ថា ​មិន​អាច​កើត​ឡើង​ក្នុង​សម័យ​​ស្វែងរក​វ៉ាក់សាំង Covid-19 នៅ​ថ្ងៃ​ទី ១១ ខែ​ធ្នូ​ Astra Zenaca​ បាន​ប្រកាស​ថា​ ខ្លួន​នឹង​​សហការ​ជាមួយ​ប្រទេស​រុស្ស៊ី ​ដែល​បាន​បង្កើត​វ៉ាក់សាំង Sputnik V ចេញ​ពី ​Adenovirus​ ផង​ដែរ។ ក្រុម​ទាំង ​២ នឹង​លាយ​វ៉ាក់សាំង​ទាំង ​២ ​របស់​ពួក​គេ​ចូល​គ្នា​ដើម្បី​មើល​ថា ​តើ​ល្បាយ​នេះ​អាច​ផ្ដល់​ការ​ការពារ​ខ្លាំង​ជាង​ការ​ការពារ​វ៉ាក់សាំង​តែ​ ១ ​ប្រភេទ​ឬ​ទេ?។ ការ​សាកល្បង​នេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ចាប់​ផ្ដើម​នៅ​ចុង​ឆ្នាំ ២០២០​។

សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ប្រាក់​ ១,២ ពាន់​លាន​ដុល្លារ ​ដើម្បី​ទិញ​យក​ ៣០០ លាន​ដូស​ ដូច្នេះ​វ៉ាក់សាំង​មាន​តម្លៃ​ ៤ ដុល្លារ ​ក្នុង ​១ ដូស​ ដែល​ជា​តម្លៃ​ទាប​បំផុត​ក្នុង​ចំណោម​ប្រភេទ​វ៉ាក់សាំង ​Covid-19។ ការ​ចាក់​វ៉ាក់សាំង​នេះ ​ត្រូវ​ការ​ចាក់​ចំនួន ​២ ស​ ដោយ​មាន​គម្លាត​រយៈពេល​ ៤ សប្ដាហ៍​រវាង​ដូស​នីមួយ​ៗ​។ វ៉ាក់សាំង​នេះ ​អាច​ស្តុក​ទុក​ក្នុង​សីតុណ្ហភាព​ទូ​ទឹកកក​ធម្មតា​បាន។

វ៉ាក់សាំង Sputnik 5 (រុស្សី)៖ វ៉ាក់សាំង Sputnik 5ក៏​ជា​វ៉ាក់សាំង​បាន​មក​ពី​ការ​កែច្នៃ​ Adenovirus ស្វា​ Chimpanzee ផង​ដែរ​។ ក្នុង​ដំណាក់​កាល​ទី​១ និង​ទី២ គេ​ឃើញ​ថា ​មាន​ការ​បង្កើត​អង់ទីគ័រ​ប្រឆាំង​នឹង​មេរោគ​ហើយ​មាន​ផល​ប៉ះពាល់​ស្រាល​។ ​មុន​នឹង​ការ​ចាប់​ផ្ដើម​ដំណាក់កាល​​ទី​៣​ ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin បាន​ប្រកាស​ឱ្យ​ប្រើ​ជា​សាធារណៈ​តែ​ក្រោយ​មក​បាន​ដក​សម្ដី​វិញ​។

ក្នុង​ដំណាក់​កាល​ទី​៣ មាន​ការ​ចូលរួម​ពី​ជន​ស្ម័គ្រ​ចិត្ត​ចំនួន ​៤០.០០០ នាក់​ ហើយ​មាន​ការ​ចូលរួម​ពី​ប្រទេស​បេឡារូស​ អារ៉ាប់រួម​ និង​វេណេហ្ស៊ីយអេឡា​។ ​លទ្ធផល​បឋម​បាន​មក​ពី​ជន​ស្ម័គ្រ​ចិត្ត​ចំនួន ​២០ រូប ​ដែល​ប៉ះពាល់​នឹង​ Covid-19 បាន​បង្ហាញ​ថា​ វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព ​៩២%។ ក្រោយ​មក​ធ្វើ​ការ​សិក្សា​​លើ​ជន​ស្ម័គ្រ​ចិត្ត​​ចំនួន ​៣៩ រូប​ បាន​លទ្ធផល​ប្រសិទ្ធភាព​ដដែល​។ វ៉ាក់សាំង​នេះ​អាច​ទុក​ក្នុង​សីតុណ្ហភាព​ទូ​ទឹកកក​ធម្មតា។ BBC បាន​រាយការណ៍​ថា​ Sputnik V មាន​តម្លៃ ​៧ ដុល្លារ ​ក្នុង ​១ ​ដូស ​ហើយ​ត្រូវ​ការ ​២ ដូស​។ វ៉ាក់សាំង​នេះ​អាច​ទុក​ក្នុង​សីតុណ្ហភាព​ទូ​ទឹកកក​ធម្មតា​បាន​។

ដូច​បាន​បញ្ជាក់​ខាង​លើ​រុស្ស៊ី ​គឺ​កំពុង​សហការ​ជា​មួយ Astra Zeneca/Oxford ក្នុង​ការ​ធ្វើ​ការ​សាកល្បង​ល្បាយ​វ៉ាក់សាំង​ទាំង ​២ របស់​ពួក​គេ​។

នៅ​ដើម​ខែ​ធ្នូ​ រុស្ស៊ី​បាន​អនុញ្ញា​ត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​នេះ​ដោយ​មាន​កម្រិត​។ រុស្ស៊ី គឺ​កំពុង​ចរចា​កិច្ច​ព្រមព្រៀង​ផ្គត់ផ្គង់​វ៉ាក់សាំង​នេះ ​ទៅ​កាន់​ប្រទេស​អាហ្សង់ទីន​ ប្រេស៊ីល​ ឥណ្ឌា​ ម៉ិកស៊ិក​ និង​ប្រទេស​​វេណេហ្ស៊ីយអេឡា​៕