លោក​ Jack Ma ជា​រឿយៗ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​បុគ្គល​ជោគជ័យ​បំផុត​នៅ​ក្នុង​ប្រទេស​ចិន​។លោក​គឺ​តំណាង​ឱ្យ​ពាក្យ​ស្លោក​ «សុបិន​ចិន» ដោយ​អតីត​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​រូប​នេះ ​បាន​ប្រែ​ក្លាយ​ខ្លួន​ទៅ​ជា​បុគ្គល​មាន​ទ្រព្យ​សម្បត្តិ​ធំ​ជាង​គេ​ក្នុង​ប្រទេស​។ លោក​គឺ​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក Alibaba ដែល​គេ​ប៉ាន់ស្មាន​ថា​ក្រុមហ៊ុន​នេះ​ មាន​តម្លៃ​ជាង ​៥០០ ពាន់​លាន​ដុល្លារ​។

ប៉ុន្តែ​ឥឡូវ​លោក​ Jack Ma បាន​បាត់​ខ្លួន​ ហើយ​គេ​មិន​ដឹង​ថា​ លោក​នៅ​ឯ​ណា​ទេ​។ ក្នុង​រយៈ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​លោក​មិន​បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ ហើយ​គេ​កាន់​តែ​ដឹង​ច្បាស់​ថា ​លោក​រាង​ដូច​ជា មិន​សូវ​ចុះ​សម្រុង​ជាមួយ​នឹង​បក្ស​កុម្មុយនីស្ត​ចិន​។

កាល​ពី​ខែ​តុលា ​ឆ្នាំ​ ២០២០ នៅ​ឯសន្និសីទ​បច្ចេកវិទ្យា​មួយ លោក​ Ma​ ធ្វើ​ឱ្យ​អាជ្ញាធរ​អាក់អន់​ស្រពន់​ចិត្ត​ដោយ​លោក​បាន​រិះគន់​និយតករ​ចិន​ថា ​រារាំង​ការ​ច្នៃ​ប្រឌិត​ហើយ​និយាយ​ថា​ ធនាគារ​រដ្ឋ​ធំៗ​គឺ​គ្រាន់​តែ​ជា​ហាង​បញ្ចាំ​តែ​ប៉ុណ្ណោះ។

ភ្លាមៗ​បន្ទាប់​ពី​ពេល​នោះ​មក​អាជ្ញាធរ​បាន​កោះហៅ​លោក​ Ma ឱ្យ​ទៅ​ទីក្រុង​ប៉េកាំង​សម្រាប់​​ការ​ប្រជុំ​បន្ទាន់​មួយ​ហើយ​បន្ទាប់​មក​ពួក​គេ​​បាន​ដក​ផែនការ​ចុះ​បញ្ជី​ដាក់​លក់​ភាគហ៊ុន​ក្រុមហ៊ុន ​Ant Group របស់​លោក​នៅ​ទីផ្សារ​ភាគហ៊ុន​ស៊ាងហៃ និង​ហុងកុង​។ តាំង​ពី​ពេល​នោះ​មក​គេ​ឈប់​ឃើញ​លោក​ Ma នៅ​ទី​សាធារណៈ​ទៀត​ទេ​។

Alibaba បាន​បង្កើត​សេវាកម្ម​មួយ​ដែល​មាន​ឈ្មោះ​ថា Alipay ដែល​ជា​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ដោយ​ប្រើ​កូដ QR។ Alipay ត្រូវ​បាន​ប្រើ​សម្រាប់​ប្រតិបត្តិការ​រាប់​ពាន់​លាន​​ហើយ​កំពុង​ធ្វើ​ឱ្យ​គេ​ចាប់​ផ្ដើម​ឈប់​ប្រើ​ក្រដាស​ប្រាក់​នៅ​ក្នុង​ប្រទេស​ចិន​។

កាល​ពី​ឆ្នាំ ​២០១៤ Alipay បាន​បំបែក​ខ្លួន​ដើម្បី​បង្កើត​ក្រុមហ៊ុន​ថ្មី​មាន​ឈ្មោះ​ Ant Group ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្វើ​ IPO ធំ​ជាង​គេ​មុន​នឹង​​ត្រូវ​បាន​រារាំង​ដោយ​និយតករ​ចិន។ Ant Group ដែល​មាន​ចំណូល ​១៦ ពាន់​លាន​ក្នុង​ ​១ ឆ្នាំ​ បាន​ដណ្ដើម​ចំណែក​ទីផ្សារ​ពី​ធនាគារ​រដ្ឋ​ចិន​តាមរយៈ​ការ​ផ្ដល់​ផលិតផល​វិនិយោគ ​និង​ផលិតផល​ប្រាក់​កម្ចី​ដ៏​​ពេញ​ហើយ​ពេល​ខ្លះ​ Ant Group បាន​ដើរ​តួ​ជា​អ្នក​ផ្ដល់​ប្រាក់​កម្ចី​ដល់​ធនាគារ​រដ្ឋ​ផង​ដែរ​។ ការ​ដណ្ដើម​ទីផ្សារ​ពី​ធនាគារ​រដ្ឋ​បាន​ធ្វើ​ឱ្យ​និយតករ​មួយ​ចំនួន​មាន​ការ​ព្រួយ​បារម្ភ​។

កាល​ពី​ចុង​ខែ​ធ្នូ​និយតករ​ចិន​បាន​និយាយ​ថា ​ពួក​គេ​កំពុង​​បើក​​ការ​ស៊ើប​អង្កេត​ប្រឆាំង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ (Anti-Monopoly Probe) លើ​ក្រុមហ៊ុន Alibaba ហើយ​នឹង​សាកសួរ​មន្ត្រី​ក្រុមហ៊ុន Ant Group អំពី​ការ​អនុវត្តន៍​គោលការណ៍​ប្រកួត​ប្រជែង និង​ការពារ​អ្នក​ប្រើប្រាស់​របស់​ក្រុមហ៊ុន​។

ក្រុមហ៊ុន​ Alibaba និង​ Ant Group គឺ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​ផ្សេង​ទៀត​ដូចជា Tencent និង​ Baidu ដែល​ស្ថិត​​ក្រៅ​ប្រព័ន្ធ​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ​។ ក្រោម​ប្រធានាធិបតី​ Xi Jingping រដ្ឋាភិបាល​បាន​ព្យាយាម​បង្កើត​សារ​ជា​ថ្មី​នូវ​ការ​គ្រប់គ្រង​របស់​រដ្ឋ​លើ​សេដ្ឋកិច្ច​ដែល​តាម​ពេល​បង្ក​ភាព​តាន​តឹង​ជាមួយ​ក្រុមហ៊ុន​ទាំង​នេះ​។

ភ្លាម​ៗ​បន្ទាប់​ពី​ការ​រាយការណ៍​ថា ​លោក​ Ma បាន​បាត់​ខ្លួន​មាន​ពាក្យ​ចចាម​អារ៉ាម​រីករាលដាល​ក្នុង​ប្រព័ន្ធ​សង្គម​ថា​ លោក​ត្រូវ​បាន​គេ​បំបាត់​ខ្លួន​ជា​រាង​រហូត​នៅ​ «តំបន់​ខ្មៅ​» ដែល​ជា​កន្លែង​សម្រាប់​ឃុំឃាំង​បុគ្គល​ប្រឆាំង​រដ្ឋាភិបាល​។ តែ​អ្នក​វិភាគ​បាន​និយាយ​ថា ​ពាក្យ​ចចាម​អារ៉ាម​នេះ​គឺ ​មិន​ទំនង​កើត​ឡើង​នៅ​ឡើយ​ទេ​។ សារព័ត៌មាន​ CNBC បាន​រាយការណ៍​ថា​ លោក​គឺ​មិន​មែន​បាត់​ខ្លួន​ទេ​គ្រាន់​តែ​មិន​បញ្ចេញ​មុខ​ជា​សាធារណៈ​។

អ្នក​ជំនាញ​មួយ​ចំនួន​គិត​ថា ​លោក​អាច​ជាប់​ឃុំ​នៅ​គេហដ្ឋាន​​ដ៏​ប្រណីត​របស់​លោក​ហើយ​​កំពុង​ធ្វើ​ការ​អប់រំ​ឡើង​វិញ​​នូវ ​«មេរៀន​ម៉ាក្ស៍​និយម​» ជាមួយ​មន្ត្រី​បក្ស​កុម្មុយនីស្ត​ក្នុង​ដំណើរ​ការ​មួយ​ដែល​គេ​ហៅ​ថា «ការ​ទទួល​យក​ការ​មើល​ពី​លើ​»។

អ្នក​វិភាគ​ខ្លះ​គិត​ថា ​រដ្ឋាភិបាល​ចិន​អាច​នឹង​ទាញ​យក​ការ​កាន់​កាប់​ ANT Group ពី​ Alibaba។

ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ ការ​បាត់​​ខ្លួន​របស់​ជនជាតិ​ចិន​ល្បីៗ ដែល​មាន​ជម្លោះ​ជាមួយ​បក្ស​កុម្មុយនីស្ត​ចិន​បាន​កើន​ឡើង​ជា​ច្រើន​លើក​ច្រើន​សា​។ ឧទាហរណ៍ ​១ ​គឺ​ការ​បាត់​ខ្លួន​របស់​តារា​ភាពយន្ត​ដ៏​ធំ​បំផុត​របស់​ចិន​ Fan Bingbing កាល​ពី​ឆ្នាំ ​២០១៨ ដែល​បាត់​មុខ​ពី​សាធារណៈ​ជា​ច្រើន​ខែ​។ ក្រោយ​​​​មក​នាង​បាន​ធ្វើ​ការ​សារភាព​ពី​បទ​គេច​ពន្ធ និង​ធ្វើ​ការ​សុំទោស​ទៅ​កាន់​បក្ស​កុម្មុយនីស្ត​នៅ​លើ​ទំព័រ​បណ្ដាញ​​សង្គម​របស់​នាង​ ហើយ​តាម​សេចក្ដី​រាយការណ៍​បាន​ធ្វើ​ការ​សង​ពន្ធ​យ៉ាង​ហោច​ណាស់ ៧០ លាន​ដុល្លារ៕