
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin។ AFP
តើប្រទេសម៉ាឡេស៊ី គួរតែបិទប្រទេសទាំងស្រុងទេ ដើម្បីការពារការរីករាលដាលទូទាំងប្រទេស? នេះគឺជាសំណួរមួយ ដែលមនុស្សភាគច្រើនហាក់កំពុងដេញដោលពិភាក្សាថា តើគួរគិតពីសេដ្ឋកិច្ចឬ សុខសុវត្ថិភាពប្រជាជនសំខាន់ជាង?
ថ្លែងនៅក្នុងបទសម្ភាសចាក់ផ្សាយដោយទូរទស្សន៍ RTM និងទូរទស្សន៍ Bernama កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បាននិយាយថា ការបិទខ្ទប់ប្រទេសទាំងស្រុងលើគ្រប់វិស័យដូចកាលពីឆ្នាំមុន នឹងធានាបានសុវត្ថិភាពដល់ប្រជាជន ប៉ុន្តែវាមានហានិភ័យដល់សេដ្ឋកិច្ចឈានដល់ការដួលរលំផងដែរ។
លោកក៏បានអំពាវនាវឱ្យមានការរឹតត្បិតជាងមុនទាក់ទិននឹងបទបញ្ជាត្រួតពិនិត្យការធ្វើដំណើរ (MCO)នាពេលបច្ចុប្បន្នដើម្បីឱ្យត្រូវនឹងអ្វី ដែលរដ្ឋាភិបាលបានបញ្ជាឱ្យធ្វើនៅចន្លោះខែមីនា និងឧសភាឆ្នាំមុន។
លោកបានមានប្រសាសន៍ថា៖ «យើងអាចបិទខ្ទប់ប្រទេសទាំងមូលបិទរោងចក្រ ហើយនាំគ្នានៅផ្ទះ ដូចកាលពីឆ្នាំមុន ដើម្បីធានាសុវត្ថិភាព។ វាងាយស្រួលសម្រាប់រដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការធានាបាននូវសុវត្ថិភាពរបស់ប្រជាជនយើង»។
ពេលនោះសេដ្ឋកិច្ចស្ទើរតែដួលរលំដោយប្រទេសនេះបានខាតបង់ប្រាក់ប្រមាណ ៥៧៩ លានដុល្លារ ក្នុង ១ ថ្ងៃ។ រដ្ឋាភិបាលក៏បានចេញនូវកញ្ចប់ជំនួយសេដ្ឋកិច្ចប្រមាណ ៨២ ពាន់លានដុល្លារ ដើម្បីជួយទប់ទល់ដល់វិបត្តិសេដ្ឋកិច្ច។
ប្រភពដដែលបានបន្ថែមថា៖ «ប្រសិនបើយើង បិទខ្ទប់ម្ដងទៀត (ហើយផ្តល់ជំនួយសេដ្ឋកិច្ច) យើងនឹងត្រូវការថវិកាបន្ថែមទៀត។ ៨២ ពាន់លានដុល្លារហ្នឹង មិនគ្រប់គ្រាន់ទេ ព្រោះយើងនឹងត្រូវការកញ្ចប់ជំនួយសេដ្ឋកិច្ចប្រមាណ ១២០ ពាន់លានដុល្លារបន្ថែមទៀត ដើម្បីទប់ទល់។ តែសួរថា យើងមានលុយហ្នឹងមកពីណា?»
លោកបានបន្តថា៖ «អ៊ិចឹងហើយ បានយើងធ្លាប់សិក្សាកាលពីឆ្នាំមុនមកហើយ ថាយើងមិនអាចបិទសេដ្ឋកិច្ចបានទេ។ យើងត្រូវតែថ្លឹងថ្លែងជីវិតប្រជាជន និងសេដ្ឋកិច្ចប្រទេស... ខ្ញុំគិតថា ជីវិតប្រជាជន គឺសំខាន់ណាស់ ព្រោះខ្ញុំមិនចង់ឱ្យពលរដ្ឋណាមួយស្លាប់ដោយសារការធ្វេសប្រហែសរបស់យើងទេ។ ប៉ុន្តែខ្ញុំក៏មិនចង់ឱ្យសេដ្ឋកិច្ចរបស់យើងដួលរលំដល់ចំណុចមួយដែលប្រជាជនគ្មានប្រាក់សម្រាប់បរិភោគដែរ»។
នៅសប្តាហ៍ទី ២០ នៃយុទ្ធនាការធ្វើតេស្តរកករណីវិជ្ជមាននៃជំងឺកូវីដ ១៩ កាលពីថ្ងៃទី ១៦ ដល់ ២២ ឧសភា មនុស្សសរុប ៦៥ ម៉ឺននាក់ ត្រូវបានគេយកមកធ្វើតេស្ត។ ក្នុងនោះគេសង្កេតឃើញមានការកើនឡើងករណីឆ្លង ៤១% ច្រើនជាងសប្ដាហ៍មុនដែលធ្វើឱ្យករណីឆ្លងសរុបនៅប្រទេសនេះ កើនឡើងប្រមាណ ៥០ ម៉ឺននាក់។
បើទោះជាចំនួនករណីឆ្លងកើនឡើងខ្លាំងយ៉ាងណាក្ដី អ្នកជំនាញជាច្រើននាក់បានប្រាប់គេហទំព័រ Code Blue ថា ចំនួននេះនៅមិនទាន់ច្រើនខ្លាំងបំផុតនៅឡើយទេ ដោយសារការរកឃើញនៃចំនួនករណីកូវីដ កើនឡើងខ្លាំងពី ១ ថ្ងៃទៅ ១ ថ្ងៃ សបញ្ជាក់ឱ្យឃើញថា ដំណើរការនៃការតេស្តស្វែងរកជំងឺកូវីដ ១៩ នៅមានកម្រិត ដែលមិនទាន់គ្របដណ្ដប់សហគមន៍ទាំងមូលនៅឡើយ។
ដោយសារមានការធុញទ្រាន់នឹងករណីឆ្លងច្រើនឥតល្ហែ ប្រជាជនម៉ាឡេស៊ីភាគច្រើនបានប្រើប្រាស់បណ្ដាញសង្គមជាការជជែកវែកញែកពីគុណសម្បត្តិនៃការបិទប្រទេសទាំងមូល។ ប្រជាជនខ្លះ ក៏បានប្រើប្រាស់ ឆានែលផ្លូវការរបស់ក្រសួងសុខាភិបាល (KKM) ដើម្បីស្នើឱ្យរដ្ឋាភិបាលមានការបិទខ្ទប់ប្រទេសទាំងមូលផងដែរ។
សមាគមក្រុមហ៊ុនអាជីវកម្មប្រទេសម៉ាឡេស៊ី បានសម្ដែងការព្រួយបារម្ភថា ការបិទខ្ទប់ប្រទេសទាំងមូលអាចនឹងធ្វើឱ្យអាជីវកម្មក្នុងប្រទេសទាំងមូលប្រឈមនឹងគ្រោះថ្នាក់ធំធេង។ ដូច្នេះ ការប្រតិបត្តិតាមនីតិវិធីស្តង់ដា (SOPs) និងការពន្លឿនការចាក់វ៉ាក់សាំងគួរតែជាអាទិភាពកំពូលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ជាជាងការបិទប្រទេសទាំងមូល។
លោក Tan Cheng Kiat ប្រធានក្រុមប្រឹក្សាសភាពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិម៉ាឡេស៊ីបានមានប្រសាសន៍ថា៖ «ប្រទេសនេះមិនអាចបន្តអនុវត្តស្ដង់ដារ SOPs សុខៗ ហើយដាក់ចេញនូវគោលការណ៍ថ្មីភ្លាមៗ គាកមួយសប្ដាហ៍ ពីរបាននោះទេ។ ភាពមិនប្រាកដប្រជាបានធ្វើឱ្យក្រុមហ៊ុនអាជីវកម្មដួលរលំបាន»។
លោក Tan ក៏បាននិយាយអំពី បទពិសោធនិងមេរៀនពីការដាក់ចេញបទបញ្ជាត្រួតពិនិត្យការធ្វើដំណើរ (MCO) កាលពីឆ្នាំមុនដែលបំផ្លិចបំផ្លាញសេដ្ឋកិច្ច ស្ទើរតែមិនអាចស្រោចស្រង់វិញបាន។
លោកបានបន្ថែមថា៖ «ស្ដង់ដាSOPs មិនច្បាស់លាស់និងការអនុវត្តតាមអំពើចិត្ត អាចធ្វើឱ្យខូចខាតសេដ្ឋកិច្ចបាន។ អាជីវកម្មមិនមានកុងតាក់បិទបើកងាយៗទេ។ ការពិគ្រោះយោបល់ជាមួយឧស្សាហកម្ម គឺជាមូលដ្ឋានគ្រឹះធំបំផុតសម្រាប់ក្រុមហ៊ុនអាជីវកម្មទាំងអស់»។
យ៉ាងណាមិញ ការស្ទង់មតិមួយដែលធ្វើឡើងដោយសមាគមសហគ្រាសធុនតូច និងមធ្យមម៉ាឡេស៊ីស្ដីពីផលប៉ះពាល់នៃបទបញ្ជាត្រួតពិនិត្យការធ្វើដំណើរ (MCO) លើកទី ៣ បានបង្ហាញថាសហគ្រាសចំនួន ៩ ក្នុងចំណោមសហគ្រាសធុនតូចនិងមធ្យមចំនួន ១០ ត្រូវប្រឈមនឹងការបាត់បង់ចំណូល និងរងផលប៉ះពាល់ដោយការបិទទ្វារជិត ៤០ ភាគរយ នឹងត្រូវបានគេរំពឹងថានឹងមានការកើនឡើងដល់ ៥០ ក្នុងឆ្នាំនេះ៕