ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden បាន​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃទី ​២០ មករា ដែល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ព្រឹទ្ធសភា​អាមេរិក​បាន​ចាប់​ផ្ដើម​សម្ភាស​បេក្ខជន​ណែនាំ​តែងតាំង​ដោយ​លោក​ Biden ដើម្បី​បំពេញ​តំណែង​សំខាន់ៗ​នៃ​គណៈរដ្ឋមន្ត្រី​របស់​លោក​។

ប៉ុន្តែ​ការ​បញ្ជាក់​ការ​តែងតាំង​គណៈរដ្ឋមន្ត្រី​របស់​លោក​ Biden គឺ​មាន​លក្ខណៈ​យឺតយ៉ាវ​ជាង​ការ​បញ្ជាក់​គណៈរដ្ឋមន្ត្រី​មុនៗ​។ អតីត​ប្រធានាធិបតី​លោក Donald Trump មាន​រដ្ឋមន្ត្រី​ចំនួន ២ រូប ​ត្រូវ​បាន​បញ្ជាក់​ដោយ​ព្រឹទ្ធសភា​នៅ​​ថ្ងៃ​លោក​ចូល​កាន់​អំណាច​ រី​ឯ​អតីត​ប្រធានាធិបតី​លោក Barrack Obama វិញ​មាន​រដ្ឋមន្ត្រី​ចំនួន ​៦ រូប​​ត្រូវ​បាន​បញ្ជាក់​នៅ​ថ្ងៃ​លោក​ចូល​កាន់​អំណាច​។

ខណៈ​លោក​ Biden រង់ចាំ​ការ​បញ្ជាក់​ដោយ​ព្រឹទ្ធសភា​លោក​បាន​​​ប្រកាស​ឱ្យ​មន្ត្រី​ស្ដីទី​ដឹកនាំ​ក្រសួង​ទាំង​នេះ​ជា​បណ្ដោះ​អាសន្ន​។

ប្រសិន​បើ​ការ​តែងតាំង​ទាំង​អស់​របស់​លោក ​Biden ត្រូវ​បាន​បញ្ជាក់​ទាំង​អស់ នោះ​គណៈ​រដ្ឋមន្ត្រី​របស់​លោក​នឹង​មាន​ស្ត្រី ​និង​មនុស្ស​មាន​ពណ៌សម្បុរ និង​ប្រវត្តិ​ចម្រុះ​ជាង​គេ​ក្នុង​ចំណោម​គណៈរដ្ឋមន្ត្រី​ដទៃ​ទៀត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក​។

ខាង​ក្រោម ​គឺ​ជា​បេក្ខជន​រដ្ឋមន្ត្រី​ដឹកនាំ​ក្រសួង​ទាំង ១៥ និង​បេក្ខជន​​មន្ត្រី​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ចំនួន​ ៦ របស់​គណៈរដ្ឋមន្ត្រី​លោក​ Biden​៖

១. លោក Anthony Blinken​ ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស

លោក Antony Blinken ធ្លាប់​ដើរ​តួ​ជា​អនុ​រដ្ឋមន្ត្រី​ការបរទេស​ និង​ជា​ទីប្រឹក្សា​សន្តិសុខជាតិ​របស់​លោក​ Obama។ មុន​នឹង​កាន់​តំណែង​ទាំង ២ ​នេះ លោក​ Bliken​ គឺ​ទីប្រឹក្សា​សន្តិសុខជាតិ​របស់​អនុប្រធានាធិបតី​ Biden​។ លោក​ Blinken ក៏​​ជា​ទីប្រឹក្សា​ជំនិត​របស់​លោក​ Biden កាល​ពី​លោក​ដើរ​តួ​ជា​អ្នក​ដើរ​តួ​ជា​ប្រធាន​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​ព្រឹទ្ធសភា។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​មាន​តួនាទី​ដឹកនាំ​គោល​នយោបាយ​ការ​បរទេស​ និង​ការ​ទូត​សម្រាប់​ប្រធានាធិបតី​នៅ​ជុំវិញ​ពិភព​លោក​។

២. លោកស្រី​ Janet Yellen ជា​រដ្ឋមន្ត្រី​ក្រសួង​រតនាគារ

លោកស្រី​ Janet Yellen គឺ​ជា​ប្រធាន​ធនាគារ​ជាតិ​អាមេរិក​ពី​ ឆ្នាំ ​២០១៤ ដល់​ ២០១៨​។ លោកស្រី​ក៏​ធ្លាប់​ជា​ប្រធាន​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​នៃ​សេតវិមាន​ក្នុង​អំឡុង​រដ្ឋបាល​លោក Clinton ផង​ដែរ។ លោកស្រី Yellen គឺ​ជា​ស្ត្រី​ដំបូង​គេ​ដែល​គ្រប់គ្រង​ធនាគារ​ជាតិ​អាមេរិក​ ហើយ​ប្រសិន​បើ​ត្រូវ​បាន​បញ្ជាក់ នឹង​ក្លាយ​ជា​ស្ត្រី​ដំបូង​ដែល​គ្រប់គ្រង​ក្រសួង​រតនាគារ។

រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​មាន​តួនាទី​ ដឹកនាំ​ និង​ផ្ដល់​យោបល់ លើ​គោល​នយោបាយ​សេដ្ឋកិច្ច​ និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​។

៣. លោក Lloyd Austinជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ

លោក Lloyd Austin គឺ​ជា​អតីត​ឧត្ដមសេនីយ៍​ផ្កាយ​បួន​របស់​កងទ័ព​សហរដ្ឋ​អាមេរិក​ដែល​បាន​បម្រើ​ការ​ក្នុង​យោធា​អស់​រយៈពេល ៤១ ឆ្នាំ​។ ពី​ឆ្នាំ ​២០១៣ ដល់​ ២០១៦ លោក​បាន​ដឹកនាំ​បញ្ជាការដ្ឋាន​តំបន់​កណ្ដាល​ (មជ្ឈិម​បូព៌ា​)។ កាល​ពី​ថ្ងៃ​ទី ២២ មករា​ លោក​ត្រូវ​បាន​ព្រឹទ្ធសភា​បញ្ជាក់​ការ​តែងតាំង​តំណែង​នេះ​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​ជនជាតិ​អាហ្វ្រិក​ដំបូង​គេ​ដែល​ដឹកនាំ​ក្រសួង​ការពារជាតិ​អាមេរិក​។

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​មាន​តួនាទី​ផ្ដល់​យោបល់​ជូន​ប្រធានាធិបតី​អំពី​គោលនយោបាយ​ការពារ​ជាតិ ហើយ​ដឹកនាំ​ និង​ត្រួត​ពិនិត្យ​កងយោធា​សហរដ្ឋ​អាមេរិក​។

៤. លោក Alejandro Mayorkas​ជា​រដ្ឋមន្ត្រី​ក្រសួង​មាតុភូមិ​ជាតិ

លោក Alejandro Mayorkas គឺ​ជា​អនុ​រដ្ឋមន្ត្រី​ក្រសួង​មាតុភូមិ​ជាតិ​នៅ​អាណត្តិ​ទី​២ ​របស់​លោក​ Obama ដោយ​កាល​ពី​អាណត្តិ​ទី​១ លោក​ដើរ​តួ​ជា​នាយក​​សេវា​សញ្ជាតិ​ និង​អន្តោប្រវេសន៍​សហរដ្ឋ​អាមេរិក​។

រដ្ឋមន្ត្រី​ក្រសួង​មាតុភូមិ​ជាតិ​មាន​តួនាទី​ផ្តល់​យោបល់​ដល់​ប្រធានាធិបតី​អំពី​បញ្ហា​សន្តិសុខ​នៅ​សហរដ្ឋ​អាមេរិក​។ ទទួល​បន្ទុក​បញ្ហា​អន្តោប្រវេសន៍ និង​បញ្ហា​ទាក់ទង​នឹង​ព្រំដែន ឆ្មាំ​សមុទ្រ ទីភ្នាក់ងារ​គ្រប់គ្រង​ភាព​អាសន្ន​ការ​ប្រឆាំង​ភេរវកម្ម សន្តិសុខ​អាកាសចរណ៍ និង​សន្តិសុខ​តាម​អ៊ីនធឺណិត​។

៥. លោក Merrick Garlen ជា​អគ្គ​រដ្ឋអាជ្ញា​ក្រសួង​យុត្តិធម៌

លោក Merrick Garlen គឺ​ជា​អតីត​ប្រធាន​តុលាការ​ឧទ្ធរណ៍​ រដ្ឋធានី​វ៉ាស៊ីនតោន​។ កាល​ពី​ឆ្នាំ​ ២០១៦ លោក​ត្រូវ​បាន​លោក​ Obama ណែនាំ​ឱ្យ​តែងតាំង​ជា​ចៅក្រម​តុលាការ​កំពូល​ តែ​មិន​ជោគជ័យ​ដោយសារ​បក្ស​សាធារណរដ្ឋ​រង់ចាំ​ដល់​ការ​បោះឆ្នោត​រួច​ ហើយ​តែងតាំង​បេក្ខជន​របស់​លោក​ Trump វិញ​។

អគ្គ​រដ្ឋអាជ្ញា​មាន​តួនាទី​ជា​មន្ត្រី​អនុវត្ត​ច្បាប់​កំពូល​ និង​ជា​អ្នក​ផ្តល់​យោបល់​ដល់​សេតវិមាន​លើ​បញ្ហា​ច្បាប់​ និង​តុលាការ​។

៦. លោក​ស្រី Deb Haaland ​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ

លោកស្រី Deb Haaland ជា​អតីត​សមាជិក​សភា​តំណាង​។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​មាន​តួនាទី​​ត្រួតត្រា​ដី​សាធារណៈ និង​ធនធាន​ធម្មជាតិ​ការិយាល័យ​កិច្ចការ​ឥណ្ឌា​​ស្បែក​ក្រហម សេវាកម្ម​ឧទ្យានជាតិ និង​សេវាកម្ម​ត្រី​ និង​សត្វព្រៃ​។

៧. លោក​ Tom Wilsack ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម

លោក Tom Vilsack ដែល​ជា​អតីត​អភិបាល​រដ្ឋ Iowa គឺ​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​របស់​លោក​ Obama។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​មាន​តួនាទី​ផ្ដល់​យោបល់​លើ​បញ្ហា​ផលិតកម្ម​ស្បៀង​ និង​កសិកម្ម ហើយ​ត្រួត​ពិនិត្យ​កម្មវិធី​ជំនួយ​ស្បៀង​អាហារ​។

៨. លោកស្រី Gina Raimondo ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម Gina Raimondo ជា​អភិបាល​រដ្ឋ​ Rhode Island​​

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​មាន​តួនាទី​ផ្តល់​យោបល់​លើ​គោល​នយោបាយ​ពាណិជ្ជកម្ម​ និង​ប្រមូល​ទិន្នន័យ​សេដ្ឋកិច្ច​។

៩. លោក​ Marty Walsh ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ

លោក Marty Walsh កំពុង​បំពេញ​អាណត្តិ​ទី២ របស់​លោក​ជា​អភិបាល​ក្រុង​ Boston។

រដ្ឋមន្ត្រី​ក្រសួង​ការងារ​មាន​តួនាទី​ផ្តល់​យោបល់​លើ​ប្រាក់​ឈ្នួល​នៅ​កន្លែង​ធ្វើ​ការ និង​គោល​នយោបាយ​សុវត្ថិភាព​។

១០. លោក Xavier Becerra​ជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ និង​សេវា​មនុស្ស

លោក​ Xavier Becerra គឺ​ជាអគ្គ​រដ្ឋអាជ្ញា​របស់​រដ្ឋ California និង​​​ជា​អតីត​សមាជិក​សភា​តំណាង​។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ និង​សេវា​មនុស្ស​មាន​តួនាទី​ផ្តល់​យោបល់​លើ​គោលនយោបាយ​សុខភាព​។ ត្រួតត្រា​មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​បង្ការ​ជំងឺ​ សេវាកម្ម Medicare និង​ Medicaid រដ្ឋបាល​ចំណី​អាហារ​ និង​ឱសថ​ និង​វិទ្យាស្ថាន​សុខភាព​ជាតិ​។

១១. លោកស្រី Marcia Fudge​ ជា​រដ្ឋមន្ត្រី​ក្រសួង​លំនៅឋាន និង​នគរូបនីយកម្ម

លោកស្រី Marcia Fudge គឺ​ជា​សមាជិក​សភា​តំណាង​តាំង​ពី​ឆ្នាំ ២០០៨​។ ផ្ដល់​យោបល់​លើ​គោល​​នយោបាយ​លំនៅឋាន​ដោយ​​ផ្ដោត​លើ​ការ​កែ​លម្អ​លទ្ធភាព​​ទិញ​យក​លំនៅឋាន​ក្នុង​តម្លៃ​ទាប​។ មើល​ពី​លើ​កម្មវិធី​ធានា​រ៉ាប់រង​លើ​ប្រាក់​កម្ចី​អចលនទ្រព្យ​ តាមរយៈ​រដ្ឋបាល​លំនៅឋាន​។

១២. លោក Pete But tigieg ​ជា​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន

លោក Pete Buttigieg ជា​អភិបាល​ក្រុង South Bend ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០២០​។ នៅ​ឆ្នាំ ​២០២០ លោក​បាន​ឈរ​ឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​ តែ​ដក​មក​គាំទ្រ​លោក​ Biden វិញ​។ លោក​​គឺ​ជា​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​ម្នាក់​នៅ​ក្នុង​កងទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​អាហ្វហ្គានីស្ថាន​ក្នុង​ឆ្នាំ ​២០១៤​។

រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​មាន​តួនាទី​ផ្ដល់​យោបល់​លើ​គោល​នយោបាយ​ដឹក​ជញ្ជូន​។ ត្រួត​ពិនិត្យ​អាកាសចរណ៍ ផ្លូវ​ថ្នល់ ផ្លូវ​ដែក​ បំពង់​បង្ហូរ​ប្រេង​ និង​មធ្យោបាយ​ដឹក​ជញ្ជូន​ផ្សេង​ទៀត​។

១៣. លោក​ស្រី Jennifer Granholm ជា​រដ្ឋមន្ត្រី​ក្រសួង​ថាមពល

លោកស្រី Jennifer Granholm ជា​អភិបាល​រដ្ឋ​ Michigan ពី​ឆ្នាំ ២០០៣ ដល់ ២០១១។

រដ្ឋមន្ត្រី​ក្រសួង​ថាមពល​មាន​តួនាទី​ផ្ដល់​យោបល់​លើ​គោល​នយោបាយ​ថាមពល​។ ត្រួតត្រា​ឃ្លាំង​ស្តុក​អាវុធ​នុយក្លេអ៊ែរ​។

១៤. លោក​ Miguel Cardona ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ

លោក Miguel Cardona ធ្លាប់​បាន​ធ្វើ​​ជា ​គឺ​ជា​ប្រធាន​មន្ទីរ​អប់រំ​នៃ​រដ្ឋ Connecticut តាំង​ពី​ខែ​សីហា​ ឆ្នាំ ២០១៩​។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​មាន​តួនាទី​ផ្ដល់​យោបល់​លើ​គោល​នយោបាយ​​អប់រំ​។ មើល​ពី​លើ​កម្មវិធី​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​និស្សិត​។

១៥. លោក Denis McDonough ជា​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​អតីត​យុទ្ធជន

លោក Denis McDonough គឺ​ជា​នាយក​ខុទ្ទកាល័យ​របស់​លោក​ Obama ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៧ ហើយ​ពី​មុន​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ដ៏​សំខាន់​របស់​លោក​ Obama។

រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​អតីតយុទ្ធជន​មាន​តួនាទី​ផ្តល់​យោបល់​លើ​សេវាកម្ម​របស់​រដ្ឋាភិបាល​សម្រាប់​អតីត​យុទ្ធជន​ដែល​រួម​មាន​ការ​ថែរក្សា​សុខភាព​ និង​អត្ថប្រយោជន៍​ហិរញ្ញវត្ថុ​ និង​ការអប់រំ​៕