
លោករដ្ឋមន្ត្រីការទេសអាល្លឺម៉ង់ Heiko Maas (ស្តាំ) និងសមភាគីអ៊ីស្រាអែលលោក Gabi Ashkenazi (ឆ្វេង) ពិនិត្យមើលអគារដែលរងការវាយប្រហាពីក្រុមជនសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាកាលពីថ្ងៃ ទី ២០ ឧសភា។ AFP
អស់រយៈពេលជាង ១ សប្តាហ៍នៃសង្គ្រាមលើកទី៤ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ត្រូវបានគេចោទប្រកាន់ថា កំពុងប្រព្រឹត្តិបទឧក្រិដ្ឋសង្គ្រាមនៅតំបន់ Gaza។ អ៊ីស្រាអែលបាននិយាយថា ក្រុមហាម៉ាស់ កំពុងប្រើប្រាស់ជនស៊ីវិលប៉ាឡេស្ទីនជាខែល ខណៈក្រុមអ្នករិះគន់និយាយថា អ៊ីស្រាអែលកំពុងប្រើកម្លាំងមិនសមាមាត្រ។
កាលពីដើមឆ្នាំកន្លងទៅ តុលាការព្រហ្មទណ្ឌអន្តរជាតិ បានបើកការស៊ើបអង្កេតទៅលើឧក្រិដ្ឋកម្មសង្គ្រាម ដែលអាចកើតមានឡើងរវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនក្នុងអំឡុងពេលសង្គ្រាមចុងក្រោយក្នុងឆ្នាំ ២០១៤។ ភាគីទាំង ២ ហាក់ដូចជា កំពុងប្រើយុទ្ធសាស្ត្រដូចគ្នានៅក្នុងរឿងនេះ។
ខាងក្រោមនេះ នឹងចង្អុលអំពីសកម្មភាពរវាងភាគីទាំង ២ ដែលអាចនឹងរំលោភច្បាប់អន្តរជាតិ។ ចំណុចទី១ គឺ ការប្រយុទ្ធគ្នានៅតំបន់ស៊ីវិល។ ក្រុមប៉ាឡេស្ទីន បាននិងកំពុងប្រតិបត្តិការយ៉ាងសកម្មនៅក្នុងតំបន់ស៊ីវិល និងបានសាងសង់ទីតាំងរូងក្រោមដីសម្រាប់ដាក់គ្រាប់រ៉ុក្កែត និងទីបញ្ជាការការគ្រប់គ្រងអាវុធនៅជិតសាលារៀន វិហារអ៊ិស្លាម និងផ្ទះប្រជាជន។
ព្រះរាជអាជ្ញានឹងត្រូវបង្ហាញថា អ្នកប្រយុទ្ធទាំងនោះ បានដាក់ទីតាំងយោធា ដោយចេតនានៅក្បែរតំបន់ ស៊ីវិលដើម្បីទទួលបានអត្ថប្រយោជន៍ពីក្រុមស៊ីវិល ដែលទទួលសិទ្ធិក្នុងការការពារក្នុងពេលមានសង្គ្រាម។
ដោយឡែក ក្រុមអ្នករិះគន់អ៊ីស្រាអែល តែងចោទថា ក្រុមនេះតែងប្រើកម្លាំងមិនសមាមាត្រ។ ក្រុមដដែលនេះបានសម្គាល់ថា ថាមពលនុយក្លេអ៊ែរ ដែលអ៊ីស្រាអែលអះអាងថា ជាការការពារខ្លួនមានឥទ្ធិលខ្លាំងបំផុត ដែលជាហេតុធ្វើឱ្យកម្លាំងវាយប្រហារមិនសមាមាត្រ។
ជាក់ស្ដែងដូចកាលជម្លោះនាពេលបច្ចុប្បន្ន អ៊ីស្រាអែល បានវាយប្រហារតំបន់ Gaza ដែលធ្វើឱ្យមនុស្ស ២០០ នាក់ស្លាប់ ដែលជាងពាក់កណ្ដាលនៃអ្នកស្លាប់ គឺជាស្ត្រី និងកុមារ។
ប៉ុន្តែ អ៊ីស្រាអែលបានអះអាងថា ខ្លួនបានបាញ់ការពារគ្រាប់រ៉ុក្កែត ដែលគំរាមកំហែងខ្លួនរួមទាំងហេដ្ឋារចនាសម្ព័ន្ធបញ្ជាការដ្ឋានដែលនៅជុំវិញផងដែរ។ អ៊ីស្រាអែលបានបន្ថែមថា ខ្លួនខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបញ្ចៀសនូវរាល់គ្រោះថ្នាក់ទាំងឡាយដល់ជនស៊ីវិល រួមទាំងការប្រកាសមុននឹងបាញ់ផងដែរ។
យ៉ាងណាមិញ បើនិយាយពីសមាមាត្រក្នុងច្បាប់អន្តរជាតិ គឺសំដៅទៅលើការវាយប្រហារទៅលើបុគ្គលណាម្នាក់ ដូចនេះហើយទើបអ្នកជំនាញមានការពិបាកក្នុងការវាស់វែងថា តើអ៊ីស្រាអែលប្រើកម្លាំងលើសសមាមាត្រឬយ៉ាងណាណាស់។ តែអ្វីដែលគេត្រូវដឹងគឺថា តើគោលដៅដែលត្រូវវាយប្រហារនោះនៅទីណា តើយោធានឹងទទួលបានលទ្ធផលអ្វីខ្លះពីការវាយប្រហារនោះ ហើយត្រូវកំណត់ដឹងថា តើវាបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិលក្នុងកម្រិតណា? ហើយបើគិតក្នុងការអនុវត្តជាក់ស្តែង មានតែករណីធ្ងន់ធ្ងរបំផុតប៉ុណ្ណោះ ដែលទំនងត្រូវកាត់ទោស ឬទណ្ឌកម្ម។
ចំណុចទី៣ ទាក់ទិននឹងស្ថានភាពយោធា ក្រុមហាម៉ាស់ភាគច្រើនមិនសូវមានឯកសណ្ឋានត្រឹមត្រូវ ឬធ្វើឱ្យមានកំណត់សម្គាល់ខ្លួនឯងឱ្យគេដឹងថា ខ្លួនជាក្រុមហាម៉ាស់ឡើយ មានតែចេញធ្វើសកម្មភាព ភ្លាមៗ នៅពេលដែលមានការវាយប្រហារកើតឡើង។
ដោយឡែក អ្នកគាំទ្រហាម៉ាសភាគច្រើនមិនចូលរួមក្នុងការប្រយុទ្ធទេ មានន័យថា ពួកគេមិនត្រូវបានគេគិតថាជា គោលដៅវាយប្រហារឡើយ។ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានកំណត់និយមន័យ អ្នកវាយប្រហារ ថាជាបុគ្គលទាំងឡាយណា ដែលវាយប្រហារជាបន្តបន្ទាប់ ឬអ្នកដែលចូលរួមក្នុងការវាយប្រហារនៅពេលដែលគេវាយប្រហារខ្លួន ដែលនិយមន័យនេះត្រូវបានគេអនុម័តជាទូទៅ។
ដូច្នេះទោះបីអាគារ ១ ត្រូវបានពោរពេញទៅដោយក្រុមអ្នកគាំទ្រហាម៉ាស់ ក៏ដោយក៏អ្នកជំនាញនៅតែមិនចាត់ទុកថា ជាគោលដៅវាយប្រហារស្របច្បាប់នោះដែរ លើកលែងតែពួកគេចូលរួមយ៉ាងសកម្មនៅក្នុងប្រតិបត្តិការវាយប្រហារ។
ការវាយប្រហារនៅតំបន់ Gaza គឺជាជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលកើតឡើងស្ទើរក្លាយជានិទានមួយទៅហើយ ដូច្នេះយើងមិនអាចលម្អៀង ឬគិតថាអ្នកណាខុសអ្នកណាត្រូវឡើយ។ ព្រោះថាការវាយប្រហារលើកនេះ អ៊ីស្រាអែលគ្រាន់តែការពារខ្លួនពីការវាយប្រហារថ្មីមួយប៉ុណ្ណោះ។ ម៉្យាងទៀត ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់នេះ គឺជាឧទាហរណ៍ចុងក្រោយនៃបំណងរបស់អ៊ីស្រាអែលចង់ដាក់ទណ្ឌកម្ម និងធ្វើឱ្យអាម៉ាស់ដល់ប្រជាជនប៉ាឡេស្ទីន។
រាល់ពេលមានជម្លោះរវាងក្រុមទាំង ២ គេតែងមានការងឿងឆ្ងល់ថា តើការស្លាប់របស់ជនស៊ីវិលរបស់ភាគីទាំងសងខាង គួរតែចាត់ទុកជាឧក្រិដ្ឋកម្មសង្រ្គាម ឬយ៉ាងណា ហើយអ្នកណាជាអ្នកបង្ក? ហើយអ្នកណាជាអ្នកទទួលខុសត្រូវ? សូម្បីអ្នកជំនាញក៏ពិបាកក្នុងការវិនិច្ឆ័យ គ្រាន់ដឹងថា ភាគីទាំង២ សុទ្ធតែរំលោភច្បាប់អន្តរជាតិទាំងសងខាង ប៉ុន្តែបើសួរថា តើអ្នកណាអ្នកទទួលខុសត្រូវលើកំហូចខាតរបស់ជនស៊ីវិល មានតែឱ្យច្បាប់ជាអ្នកដោះស្រាយ។
លោក Adil Haque សាស្រ្តាចារ្យនៅសាកលវិទ្យាល័ Rutgers ជំនាញខាងច្បាប់អន្តរជាតិ និងជម្លោះប្រដាប់អាវុធ បានមានប្រសាសន៍ថា៖ «រាល់ពេលមានជម្លោះកើតឡើង សោកនាដកម្មដ៏ធំបំផុត ដែល ជនស៊ីវិល ត្រូវប្រឈមនោះគឺការស្លាប់ ដែលជាលទ្ធផលសល់ពីការវាយប្រហារគ្នាទៅវិញទៅមក»។
លោកបានបន្ថែមថា៖ « ក្រុមហាម៉ាស់ ចង់បង្ហាញថា វាអាចរួចផុតពីការវាយលុករបស់អ៊ីស្រាអែល ហើយអ៊ីស្រាអែលចង់បង្ហាញថាវាជាបុគ្គលខ្លាំង។ ភាគីទាំង ២ អាចបញ្ឈប់ការវាយប្រហារគ្នាបាន បើគេចង់ឈប់ ប៉ុន្តែភាគីទាំង ២ គ្មានអ្នកណាចង់ឈប់ឡើយ»៕