
លោកស្រីប្រធានាធិបតី Tsai Ing-Wen (ឆ្វេង) ចូលរួមពិធីបើកផលិតកម្មនាវាមុជទឹកផលិតក្នុងស្រុក។ AFP
កាលពីថ្ងៃអង្គារ ប្រធានាធិបតីកោះតៃវ៉ាន់អ្នកស្រី Tsai Ing-Wen បាននិយាយថា តៃវ៉ាន់ប្រឈមមុខនឹងការគំរាមកំហែងខាងយោធាជារៀងរាល់ថ្ងៃ ខណៈសហរដ្ឋអាមេរិកប្រកាសលក់អាវុធតម្លៃ ២៨០ លានដុល្លារទៅឱ្យខ្លួនជាលើកទី៦ ហើយសម្រាប់ឆ្នាំនេះ។
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) អាមេរិកបានប្រកាសលក់អាវុធនេះកាលពីថ្ងៃទី ៧ ធ្នូ កន្លងទៅរួមមាន ទូសម្រាប់ទំនាក់ទំនង (Communication Nods) ប្រភេទ S-788 Type III ចំនួន ១៥៤ ទូសម្រាប់គ្រប់គ្រងទំនាក់ទំនងប្រភេទ S-788 Type III ចំនួន ២៤ ទូប្រព័ន្ធគ្រប់គ្រងបណ្តាញទំនាក់ទំនងចំនួន ៨ សម្ភារមូលដ្ឋាន (BII) ចំនួន ៨ គ្រឿង ឧបករណ៍ជំនួយការទំនាក់ទំនងឧបករណ៍សម្រាប់ផ្គុំ និងភ្ជាប់បណ្ដាញ ឧបករណ៍ធ្វើតេស្ត និងគ្រឿងបច្ចេកទេសវិស្វកម្ម គ្រឿងបរិក្ខារភ័ស្តុភារ និងឧបករណ៍គាំទ្រកម្មវិធីផ្សេងៗទៀតផងដែរ។
ប្រទេសចិន បានសម្តែងការខឹងសម្បាចំពោះការលក់អាវុធនេះ ដោយសារតែការលក់នេះតែងបង្កការគំរាមកំហែង និងសងសឹកគ្នាដោយមូលហេតុមិនជាក់លាក់ជាញឹកញយ។
រដ្ឋបាល Trump ដែលតែងបង្កើតទំនាក់ទំនងជាមួយគេឯងនោះបានគាំទ្រដល់លទ្ធិប្រជាធិបតេយ្យលើកោះនេះដោយផ្ដល់នូវការលក់កញ្ចប់អាវុធសរុបចំនួន ១១ កញ្ចប់ ហើយនៅថ្ងៃចន្ទ នៅពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានជូនដំណឹងដល់សភាអំពីការលក់ថា ជាប្រព័ន្ធព័ត៌មានវិទ្យាថ្មី (FICS)។
អាមេរិកលក់អាវុធឱ្យតៃវ៉ាន់ក្នុងតម្លៃ ៥ ពាន់លានដុល្លារហើយក្នុងឆ្នាំនេះដែលជាកត្តាធ្វើឱ្យស្ថានភាពនយោបាយទីក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោនកាន់តែអាក្រក់ឡើងៗ ខណៈដែលចិនបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកមួយចំនួនដែលពាក់ព័ន្ធ និងការចូលរួមបង្កើនសកម្មភាពយោធារបស់ខ្លួនដែលរួមទាំងបេសកកម្មកងទ័ពអាកាសជាប្រចាំនៅជិតកោះតៃវ៉ាន់នេះផងដែរ។
ថ្លែងទៅកាន់វេទិកាសន្តិសុខមួយនៅតៃប៉ិ អ្នកស្រី Tsai បានឱ្យដឹងថា ប្រទេសចិន កំពុងបង្កើនការគំរាមកំហែងរួមបញ្ចូលទាំង «ការបង្កើនយោធាកាន់តែច្រើនឡើង» នៅសមុទ្រចិនខាងត្បូង ដោយអះអាងថា មួយផ្នែកធំនៃប្រទេសនេះ ត្រូវបានគេយកទៅសាងសង់កោះសិប្បនិម្មិតមួយសម្រាប់តាំងទីកងទ័ពអាកាស និងកងទ័ពជើងទឹកទៀតផង។
អ្នកស្រី Tsai បាននិយាយថា៖ «កងកម្លាំងប្រដាប់អាវុធទាំងនោះព្យាយាមបង្កអំពើហិង្សា និងការរំលោភបទបញ្ជាផ្អែកលើបទដ្ឋានដែលមានស្រាប់ជារឿយៗ។ កោះតៃវ៉ាន់ត្រូវប្រឈមការគំរាមកំហែងផ្នែកយោធាបែបនេះជារៀងរាល់ថ្ងៃ»។
ផ្ទុយទៅវិញក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ការលក់អាវុធចុងក្រោយរបស់អាមេរិកបានបង្ហាញថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការជំរុញសមត្ថភាពការពារកោះនេះរហូត ហើយក៏បានបង្ហាញការដឹងគុណចំពោះអាមេរិកផងដែរ។
ក្រសួងបាននិយាយថា៖ «កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិកនឹងបន្តពង្រឹងភាពជាដៃគូសន្តិសុខរបស់ខ្លួន ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។
យ៉ាងណាមិញ ក្រសួងការបរទេសចិនបានបដិសេធកញ្ចប់អាវុធនេះដោយជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ទៀត ហើយនិយាយថា ទីក្រុងប៉េកាំង នឹងចាត់វិធានការតបត ចាំបាច់នានាចំពោះសកម្មភាពនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតអំពីវិធានការនេះនៅឡើយ។
អ្នកនាំពាក្យរដ្ឋាភិបាលចិនអ្នកស្រី Hua Chunying បានលើកឡើងពីការឆ្លើយតប និងការដឹងគុណរបស់តៃវ៉ាន់ចំពោះការលក់អាវុធនេះថា ៖ «ខ្ញុំសង្ឃឹម ថា ពួកគេអាចបែងចែកឱ្យច្បាស់ថា តើសហរដ្ឋអាមេរិកពិតជាកំពុងជួយពួកគេឬក៏ធ្វើបាបពួកគេ?»។
ជាមួយគ្នានេះដែររដ្ឋាភិបាលតៃវ៉ាន់បានធានាដល់ប្រជាជនរបស់ខ្លួនថា រដ្ឋបាលថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក លោក Joe Biden នៃ គណបក្សប្រជាធិបតេយ្យក៏នៅតែមិនទម្លាក់ដៃក្នុងការគាំទ្រកិច្ចការពារកោះនេះដូចគ្នា។
ថ្លែងនៅក្នុងវេទិកាដដែលនៅតៃប៉ិលោក Kurt Campbell អតីតមន្ត្រីសហរដ្ឋអាមេរិកដែលជាអ្នកប្រឹក្សាយោបល់ជាមួយលោក Biden និងជាមន្ត្រីការទូតជាន់ខ្ពស់ជាងគេប្រចាំតំបន់អាស៊ីខាងកើតបាននិយាយថា កិច្ចការពារគាំទ្រកោះតៃវ៉ាន់នេះមានការគាំទ្រពីគណបក្សទ្វេភាគីខ្លាំងណាស់។
លោកបាននិយាយថា៖ «មានក្រុមមនុស្សជាច្រើនដែល ធ្លាប់ឆ្លងកាត់ផ្លូវនយោបាយដែលយល់ពីសារៈសំខាន់ និងយុទ្ធសាស្ត្រជាផលប្រយោជន៍ដ៏សំខាន់មួយក្នុងការរក្សាទំនាក់ទំនងរឹងមាំជាមួយតៃវ៉ាន់នេះ»។
ស្របពេលជាមួយគ្នានេះដែរប្រទេសចិន ខឹងសម្បានឹងសហរដ្ឋអាមេរិកដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មហិរញ្ញវត្ថុ និងការហាមឃាត់ការធ្វើដំណើរចំពោះមន្ត្រីចិនចំនួន ១៤ នាក់ ក្នុងការដកសិទ្ធិរបស់សមាជិកសភាដែលជាប់ឆ្នោតចំនួន ៤ រូប ស្ដីអំពីបញ្ហាទឹកដីពាក់កណ្តាលស្វយ័តនៃទីក្រុងហុងកុងកាលពីខែមុន។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Zheng Zeguang បាននិយាយថា សកម្មភាពរបស់សហរដ្ឋអាមេរិក «បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិយ៉ាងខ្លាំង ខណៈអាមេរិកបានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងនយោបាយក្នុងស្រុករបស់ប្រទេសចិន ហើយបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ប្រទេសចិន សហរដ្ឋអាមេរិក ដែលធ្វើឱ្យទំនាក់ទំនងនេះមានលក្ខណៈក្រអឺតក្រទមមិនសមហេតុផល និងអាក្រក់ជួជាតិ»៕