
លោករដ្ឋមន្ត្រីក្រសួងការពារជាតិ Chiu Kuo cheng ចូលរួមសន្និសីទសារព័ត៌មាននាពេលកន្លងមក។ AFP
អ្នកវិភាគយល់ថា យោធាតៃវ៉ាន់បានពង្រឹងការបណ្តុះបណ្តាលកងទ័ព និងបន្ថែមអាវុធការពារនៅលើផ្ទៃកោះនៅសមុទ្រចិនខាងត្បូងដើម្បីត្រៀម ប្រសិនបើមានការវាយប្រហារណាមួយពីសំណាក់ទីក្រុងប៉េកាំង។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Chiu Kuo cheng បានប្រាប់សភាថ្ងៃទី ១៧ ខែ មីនាថា ប្រទេសចិន មាន «សមត្ថភាព» អាចនឹងវាយប្រហារមកលើតំបន់តៃភីង ហើយកោះនេះក៏បានត្រៀមខ្លួនរួចស្រេចផងដែរក្នុងការទប់ទល់នឹងការយាយីណាមួយ។
ប្រទេសចិន បានផ្ដល់ជាសញ្ញាឱ្យកោះតៃវ៉ាន់ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២០ មកម្ល៉េះតាមរយៈការបញ្ជូនយន្តហោះយោធាស្ទើរតែរាល់ថ្ងៃ ជុំវិញតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់។ យ៉ាងណាមិញកាលពីថ្ងៃសុក្រកន្លងទៅ ក្រសួងការពារជាតិបានប្រទះឃើញយន្តហោះចំនួន ២០ គ្រឿង ហោះក្រឡឹងតំបន់នោះ ដែលនេះជាចំនួនខ្ពស់ខុសពីធម្មតា។
ក្រុមអ្នកវិភាគខ្លះបាននិយាយថា កោះតៃភីង (ជាកោះដាច់គេមួយ ឬហៅឈ្មោះមួយទៀតថា Itu Aba) ចំពោះប្រទេសចិន មានភាពងាយស្រួលក្នុងការវាយលុក បើប្រៀបធៀបទៅនឹងកោះតៃវ៉ាន់ ពីព្រោះវាមានផ្ទៃដីត្រឹមតែ ៤៦ ហិកតាប៉ុណ្ណោះ។
ក្រុមស្រាវជ្រាវនៃកិច្ចការបរទេសបាននិយាយនៅក្នុងរបាយការណ៍ពិសេសមួយថា៖ «ដើម្បីធ្វើឱ្យនាវិកតៃវ៉ាន់លំបាកក្នុងការធ្វើដំណើរប្រទេសចិន អាចនឹងលុកលុយនៅលើកោះតូចមួយនេះ ឬកោះនៅឯនាយសមុទ្រណាផ្សេងទៀតដែលគ្រប់គ្រងដោយតៃវ៉ាន់។
ដើម្បីពង្រឹងសមត្ថភាពការពារកោះតៃវ៉ាន់ រដ្ឋាភិបាលកោះនេះក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការឆ្មាំសមុទ្រជាមួយសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនផងដែរ។ ភាគីទាំង ២ បានសហការគ្នាបង្កើតក្រុមការងារមួយ ដើម្បីកសាងកិច្ចសហប្រតិបត្តិការ និងចែករំលែកព័ត៌មានរវាងគ្នា។ ជាមួយគ្នានេះ កោះតៃវ៉ាន់ក៏បានដាក់ឆ្មាំឆ្នេរសមុទ្រនៅកោះតាភីង ដើម្បីការពារការលុកលុយណាមួយទៀតផង។
បន្ថែមពីនេះរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានលក់អាវុធទំនើបៗទៅឱ្យកោះតៃវ៉ាន់ផងដែរ ដើម្បីការពារប្រសិនបើមានការវាយប្រហារណាមួយ។ ក្រុងវ៉ាស៊ីនតោនទទួលស្គាល់ក្រុងប៉េកាំងតែក្នុងផ្លូវការទូតប៉ុណ្ណោះ ប៉ុន្តែចំពោះសម្ព័ន្ធភាពក្រៅផ្លូវការអាមេរិក នៅតែជាសម្ព័ន្ធមិត្តរឹងមាំរបស់កោះតៃវ៉ាន់ជានិច្ច។
ជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់តៃវ៉ាន់មួយរូបបាននិយាយកាលពីថ្ងៃចន្ទថា កងទ័ពអាកាសតៃវ៉ាន់លែងព្រួយបារម្ភរាល់ពេល ដែលយន្តហោះចិនហោះនៅតំបន់ការពារដែនអាកាសរបស់ខ្លួនទៀតហើយ បន្ថែមពីនេះខ្លួនក៏អាចតាមដានអ្នកបើកបរបានដែរ ដោយប្រើមីស៊ីលដែលមានមូលដ្ឋាននៅលើដីជំនួសវិញ ដើម្បីជួយសន្សំធនធានបានច្រើនទៀតផង។
គួរបញ្ជាក់ផងដែរថា យន្តហោះយោធាចិនចំនួន ២០ គ្រឿង បានហោះចូលក្នុងតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់ (ADIZ) កាលពីថ្ងៃសុក្រសប្តាហ៍មុន។ បើទោះបីជា ពួកគេមិនបានហោះហើរនៅលើកោះតៃវ៉ាន់យ៉ាងណាក្ដី ប៉ុន្តែទង្វើនេះបានបង្កើនសម្ពាធទាំងផ្នែកហិរញ្ញវត្ថុ និងកម្លាំងកាយរបស់កងកម្លាំងអាកាស ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងករណីមានការវាយប្រហារណាមួយ៕