
អ្នកដំណើរពាក់ម៉ាស់ ក្រោយពីតៃវ៉ាន់បង្កើនវិធានការបន្ថែមទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ AFP
កោះតៃវ៉ាន់ បានរឹតបន្តឹងវិធានការបន្ថែមនៅរដ្ឋធានីតៃប៉ិ និងបណ្ដាទីក្រុងនានាជុំវិញ ដោយធ្វើការបិទខ្ទប់កន្លែងជាច្រើន និងរឹតត្បិតការប្រមូលផ្តុំនានាក្នុងរយៈពេល ២ សប្ដាហ៍សិន ក្រោយរកឃើញករណីឆ្លងក្នុងស្រុកថ្មីចំនួន ១៨០ ករណីបន្ថែមទៀត ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាននៅប្រទេសនេះ។
រដ្ឋាភិបាល បានតម្រូវឱ្យប្រជាជនពាក់ម៉ាស់នៅពេលចេញទៅតាមទីសាធារណៈ និងកំណត់ឱ្យមានការជួបជុំក្នុងផ្ទះមិនឱ្យលើសពី៥ នាក់ និងការជួបជុំខាងក្រៅច្រើនបំផុត ១០ នាក់។អាជ្ញាធរខាងផ្នែកសុខាភិបាល បានឱ្យដឹងថា ករណីឆ្លងថ្មី ១៨០ ករណីនេះ ត្រូវបានរកឃើញភាគច្រើននៅតំបន់តៃប៉ិ និងតៃប៉ិថ្មី។
លោក Chen Shih-chung រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា៖ «ការរាតត្បាតកាន់តែរីករាលដាលខ្លាំងឡើងៗហើយ។ ដោយឡែក តំបន់ដែលត្រូវកំណត់ឱ្យស្ថិតនៅក្នុង «កម្រិតហានិភ័យ» ស្ថិតនៅក្នុងតំបន់ក្តៅដូចជានៅស្រុក Wanhua ជាដើម»។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមានជំងឺរាតត្បាតកូវីដ ១៩ មក កោះតៃវ៉ាន់ករណីឆ្លងនៃកោះទាំងមូលមានចំនួនតិចជាង ១ ៥០០ ករណី (ក្នុងចំណោមប្រជាជនសរុប ២៤ លាននាក់) ដែលក្នុងនោះភាគច្រើនជាករណីនាំចូលពីបរទេស។ ប៉ុន្តែ ចំនួនអ្នកឆ្លងសហគមន៍កាលពីសប្ដាហ៍មុនៗ បានកើនឡើងលើស ៣ ដង បណ្ដាលឱ្យប្រជាជនមានការព្រួយបារម្ភយ៉ាងខ្លាំង៕