រដ្ឋាភិបាល​ចិន​បាន​បដិសេធ​ថា ខ្លួន​មិនបាន​រារាំង​ការ​ទិញ​វ៉ាក់សាំង​របស់​តៃវ៉ាន់​ពី​ក្រុមហ៊ុន ​BioNTech ទេ ​ក្រោយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កោះ​តៃវ៉ាន់​ថា កិច្ច​ព្រមព្រៀង​វ៉ាក់សាំង​រវាង​ក្រុមហ៊ុន​ផលិត​ឱសថ​អាល្លឺម៉ង់​បាន​បរាជ័យ​នៅ​នាទី​ចុងក្រោយ ដោយសារ​បញ្ហា «សម្ពាធ​នយោបាយ» ដែល​អាច​កើត​មាន​ឡើង។ នេះ​បើ​យោងតាម​សារព័ត៌មាន CNN។

លោក Ma Xiaoguang អ្នក​នាំពាក្យ​ការិយាល័យ​កិច្ចការ​កោះ​តៃវ៉ាន់​នៅ​ចិន បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា វា​ជា «ការ​ប្រឌិត​សុទ្ធសាធ» ដែល​ថា​ទីក្រុង​ប៉េកាំង បាន​ធ្វើ​ជ្រៀតជ្រែក​ក្នុង​ការ​លក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន 0BioNTech ទៅ​ឱ្យ​កោះ​តៃវ៉ាន់។

មុន​នេះ ១ ថ្ងៃ ​រដ្ឋមន្ត្រី​សុខាភិបាល​តៃវ៉ាន់​លោក Chen Shih-chung បាន​និយាយ​នៅ​ក្នុង​បទសម្ភាស​តាម​វិទ្យុ​មួយ​ថា តៃវ៉ាន់ និង​ក្រុមហ៊ុន​វ៉ាក់សាំង BioNTech ជិត​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ចំនួន ៥ លាន​ដូស​នៅ​ក្នុង​ខែ​ធ្នូ ​ទៅ​ហើយ ស្រាប់​តែ​ភ្លាមៗ​ក្រុមហ៊ុន​បាន​រំសាយ​ចោល​ទៅ​វិញ។

និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ប្រទេស​ណា​មួយ លោក Chen បាន​ឱ្យ​ដឹង​ថា៖ «នៅ​ក្នុង​ដំណើរការ​នៃ​ការ​ពិភាក្សា​អំពី​កិច្ច​ព្រមព្រៀង​នេះ​ខ្ញុំ​តែងតែ​ព្រួយ​បារម្ភ​ថា នឹង​មាន​កងកម្លាំង​ខាង​ក្រៅ​ចូល​មក​ជ្រៀតជ្រែក។ យើង​ជឿជាក់​ថា មក​ពី​មាន​សម្ពាធ​នយោបាយ។ កាល​នោះ​យើង​បាន​រៀបចំ​សេចក្តី​ប្រកាស​ព័ត៌មាន​ហៀប​នឹង​ចេញផ្សាយ​ទៅ​ហើយ ប៉ុន្តែ​មាន​បុគ្គល​ខ្លះ​មិន​ចង់​ឱ្យ​កោះ​តៃវ៉ាន់​សប្បាយចិត្ត​នោះ​ទេ​»។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី Hua Chunying បាន​និយាយ​នៅ​ឯ​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃមួយ​នៅ​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា រដ្ឋាភិបាល​តៃវ៉ាន់ «គួរ​តែ​បញ្ឈប់ ការ​បំប៉ោង​បញ្ហា​នយោបាយ​ធ្វើ​ជា​លេស​បញ្ហា​ចរចា​វ៉ាក់សាំង​មិន​បាន​ទៀត​ទៅ»។ យ៉ាងណា​មិញ​លោកស្រី​មិន​បាន​បញ្ជាក់ថា ប្រទេស​ចិន ​ពិត​ជា​បាន​ជ្រៀតជ្រែក​កិច្ច​ព្រមព្រៀង​តៃវ៉ាន់​ពិតមែន ឬ​ក៏​អត់​នោះ​ទេ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​លោក Ma ក៏​បាន​ចោទ​ប្រកាន់​ក្រុង​តៃប៉ិ​ពី​បទ​ព្យាយាម​ពង្វាង​ភ្នាក់ងារ​ទូទៅ​របស់​ក្រុមហ៊ុន ​BioNTech កុំ​ឱ្យ​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ឱសថ Shanghai Fosun នៅ​តំបន់ Greater China ប្រទេស​ចិន។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Fosun ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង «ការ​សហការ​គ្នា​ជាមួយ BioNTech កាល​ពី​ខែ​មីនា ដើម្បី​ផ្តល់​នូវ​សិទ្ធិ​ក្នុង​ការ​អភិវឌ្ឍ និង​ធ្វើ​ពាណិជ្ជកម្ម​វ៉ាក់សាំង​ប្រឆាំង​វីរុស​ជាមួយ​នឹង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​អាល្លឺម៉ង់ ដែល​បាន​ចែកចាយ​វ៉ាក់សាំង​ពាសពេញ​ប្រទេស​ចិនដីគោក ហុងកុង​ម៉ាកាវ និង​តៃវ៉ាន់។

គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ឡើយ​ថា តើ​ក្រុមហ៊ុន​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ដោយសារ​សម្ពាធ​នយោបាយ ឬ​ដោយសារ​តែ​ផលប្រយោជន៍​អាជីវកម្ម​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ការ​បញ្ជាក់​របស់​លោក Chen មាន​បំណង​បញ្ឆេះ​ឱ្យ​សាធារណជន​តៃវ៉ាន់​ខឹង។

ប៉ុន្តែ​លោក Chen បាន​និយាយ​ថា រដ្ឋាភិបាល​តៃវ៉ាន់​មិន​ដែល​មាន​ទំនាក់​ទំនងជា​មួយ​ក្រុមហ៊ុន Fosun ទេ មាន​តែ​ធ្លាប់​ទាក់ទង​ជាមួយ​ក្រុមហ៊ុន ​BioNTech នៅ​ប្រទេស​អាល្លឺម៉ង់ ​មួយ​ទេ។ លោក​ក៏បាន​បន្ថែម​ថា BioNTech ក៏​មិន​ដែល​ស្នើសុំ​ឱ្យ​កោះ​តៃវ៉ាន់​ចរចា​អី ជាមួយ​ក្រុមហ៊ុន Fosun ដែរ។

យ៉ាងណា​មិញ ក្រុមហ៊ុន Fosun មិន​បាន​ឆ្លើយ​តប​នឹង​សំណើសុំ​ការ​អត្ថាធិប្បាយ​របស់​ទូរទស្សន៍ CNN ទេ ខណៈ​ក្រុមហ៊ុន​ឱសថ​តៃវ៉ាន់​ឈាន​មុខ​គេ​ឈ្មោះ TTY Biopharm ដែល​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន ​Bio-NTech ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដូចគ្នា​ដោយ​លើក​ឡើង​ថា ជា​ការ​សម្ងាត់​រវាង​ក្រុមហ៊ុន​ទាំង ២។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ក្រុមហ៊ុន BioNTech បាន​និយាយ​ថា ការ​ពិភាក្សា​វ៉ាក់សាំង​ជាមួយ​តៃវ៉ាន់​កំពុង​បន្ត «BioNTech ប្តេជ្ញា​ជួយ​បញ្ចប់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ ដល់​ប្រជាជន​នៅ​ទូទាំង​ពិភព​លោក ហើយ​យើង​ក៏​មាន​បំណង​ផ្គត់ផ្គង់​វ៉ាក់សាំង​របស់​យើង​ដល់​តៃវ៉ាន់​ដូចគ្នា»។

កាល​ពី​ខែធ្នូ​កន្លង​ទៅ នៅ​ពេល​ដែល​កោះ​តៃវ៉ាន់ និង​ក្រុមហ៊ុន ​BioNTech ជិត​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​វ៉ាក់សាំង​នេះ លោក Chen បាន​ប្រកាស​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា កោះ​ខ្លួន​បាន​ត្រៀម​វ៉ាក់សាំង ២០ លាន​ដូស ក្នុង​នោះ​រួមមាន ៤,៧៦ លាន​ដូស​ពី​វ៉ាក់សាំង COVAX ១០ លាន​ដូស ​ពី​ក្រុមហ៊ុន AstraZeneca និង ៥ លាន​ដូស​ទៀត​ពី​ក្រុមហ៊ុន​មួយ «ដែល​កំពុង​រង់ចាំ​ការ​បញ្ជាក់​ចុងក្រោយ»។ ប៉ុន្តែ​បន្ទាប់​ពី​ការ​ប្រកាស​ភ្លាមៗ​នោះ​ក្រុមហ៊ុន BioNTech បាន​បដិសេធ​ចំពោះ​កិច្ច​ព្រមព្រៀង​នេះ។

គណបក្ស​ប្រឆាំង​នៅ​កោះ​តៃវ៉ាន់​គឺ Kuomintang (KMT) បាន​ចោទ​ប្រកាន់​មជ្ឈមណ្ឌល​បញ្ជាការ​រាត​ត្បាត​តៃវ៉ាន់ (CECC) ដែល​មាន​លោក​Chen ជា​ប្រធាន​ថា អសមត្ថភាព​ក្នុង​ការ​ចរចា​កិច្ច​ព្រមព្រៀង​វ៉ាក់សាំង​ជាមួយ​នឹង​ក្រុមហ៊ុន BioNTech ទាំង​ដែល​ក្រុមហ៊ុន​នេះ ជា​អ្នក​ចែកចាយ​វ៉ាក់សាំង​នៅ​អាស៊ី​ប្រចាំ។

ទោះ​ជា​លោក Chen មិន​បាន​បញ្ជាក់​ឈ្មោះ​ថា ជា​ប្រទេស​ចិន ​ក៏​ដោយ​ក៏​លោក​បង្ហើប​បន្តិច​ជា​សញ្ញា​ថា ជា​ទីក្រុង​ប៉េកាំង។

លោក​បាន​និយាយ​ថា៖ «ដូចជា​ការ​ប៉ុនប៉ង​របស់​យើង ​ដើម្បី​ចូលរួម​សន្និបាត​សុខភាព​ពិភព​លោក​អ៊ីចឹង» សំដៅ​ទៅ​លើ​ពេល​ទីក្រុង​ប៉េកាំង​រារាំង​កោះ​តៃវ៉ាន់ ពី​ការ​ចូលរួម​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​របស់​អង្គការ​សុខភាព​ពិភព​លោក​ក្នុង​នាម​ជា​អ្នក​សង្កេតការណ៍ តាំង​តែ​ពី​អាណត្តិ​របស់​លោក​ប្រធានាធិបតី Tsai Ing-wen ដែល​បាន​ចូល​កាន់​តំណែង​កាលពី​ឆ្នាំ ២០១៦៕