ក្រុង​ស្រ៊ីណាហ្គារ៖ ភាព​ចលាចល​​នៅ​តំបន់​កាស្មៀរ​គ្រប់គ្រង​ដោយ​ឥណ្ឌា​ ​បាន​ឈាន​ដល់​រយៈពេល ១ ​ឆ្នាំ​ហើយ​ ចាប់​តាំង​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ណារិនដ្រា ម៉ូឌី បាន​ដក​ស្វ័យភាព​តំបន់​នេះ កាល​ពី​ខែសីហា​ ឆ្នាំ ​២០១៩​។

នៅ​មុន​ពេល​ខួប ​១ ឆ្នាំ​នៅ​ថ្ងៃ​ពុធ​នេះ AFP បាន​ពិនិត្យ​មើល​ប្រវត្តិ​ទាក់ទង​នឹង​វិធាន​ការ​បន្ទាន់​នោះ ​ការ​​បង្ក្រាប​របស់​សន្តិសុខ​យ៉ាង​តឹងរ៊ឹង​ និង​លទ្ធផល​មិន​ល្អ​នៃ​ការ​បង្ក្រាប ​និង​ការ​ប៉ះ​ទង្គិច​នៅ​ព្រំដែន​ជាមួយ​ចិន​បង្ក​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ច្រើន។

ប្រទេស​ឥណ្ឌា​ និង​ប៉ាគីស្ថាន ​បាន​ធ្វើ​សង្គ្រាម ​២ ​ដើម្បី​ដណ្តើម​យក​រដ្ឋ​ចាមមូន​ និង​តំបន់​កាស្មៀរ​​មក​កាន់​កាប់​ចាប់​តាំង​ពី​តំបន់​នេះ ​ត្រូវ​បាន​បែង​ចែក​ជា ​២​ នៅ​ក្នុង​ឆ្នាំ ​១៩៤៧ ​ប៉ុន្តែ​ប្រទេស​ទាំង ​២ ​នេះ ​នៅ​តែ​ចាត់​ទុក​តំបន់​នេះ​ ជា​របស់​ពួក​គេ​ទាំង​មូល ​ថ្វី​បើ​ប្រទេស​ចិន ​គ្រប់គ្រង​ផ្នែក​តូចៗ​ និង​ទាមទារ​យក​បន្ថែម​ទៀត​ក្តី។

ប្រជាមតិ​មួយ​ ដែល​តម្រូវ​ដោយ​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ឆ្នាំ ​១៩៤៨ ​មិន​ដែល​បាន​កើត​ឡើង​ទេ​។ ​

សម្រាប់​រយៈពេល ​៣ ​ទសវត្សរ៍​កន្លង​ទៅ​នេះ ​ការ​បះបោរ​មួយ​ប្រឆាំង​ការ​គ្រប់គ្រង​របស់​ឥណ្ឌា​គាំទ្រ​ដោយ​ប៉ាគីស្ថាន ​ក្រុង​ញូវ​ដេលី​ចោទ​ប្រកាន់ ​និង​ការ​ឆ្លើយ​តប​ដោយ​ប្រើ​កម្លាំង​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​ម៊ឺន​នាក់​ស្លាប់ ​ភាគ​ច្រើន​ជា​ជន​ស៊ីវិល​។

ប្រទេស​ឥណ្ឌា​ និង​ប៉ាគីស្ថាន​តាម​ធម្មតា​បាន​បាញ់​ត​គ្នា​ឆ្លង​ព្រំដែន​ទៅ​វិញ​ទៅ​មក ​ហើយ​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ ​២០១៩ ​ការ​វាយ​ប្រហារ​អត្តឃាត​មួយ​បាន​បណ្តាល​ឲ្យ​ទាហាន​ឥណ្ឌា ​៤០ ​នាក់​ស្លាប់ ​ដោយ​រុញ​ឲ្យ​ប្រទេស​ទាំង ​២ ​ខិត​ទៅ​រក​មាត់​ជ្រោះ​នៃ​សង្គ្រាម ​១ ទៀត​។

​​ប៉ូលិស​​​ឃាត់​​អ្នក​ជិះ​ម៉ូ​តូ​​នៅក្នុងអំឡុង​ពេល​ដាក់​បម្រាមគោចរ​។រូបថតAFP

គណបក្ស​ជាតិ​និយម​ហិណ្ឌូ ​Bharatiya Janata​ របស់​លោក​នាយក​រដ្ឋមន្ត្រី ​ម៉ូឌី ​បាន​ចាត់​ទុក​ឋានៈ​ពិសេស​របស់​តំបន់​កា​ស្មៀរ ​ដែល​ភាគ​ច្រើន​កាន់​សាសនា​មូស្លីម​ ដោយ​មាន​ស្វ័យភាព​តាម​ជា​ផ្នែក​ និង​មាន​​ទង់ជាតិ​ផ្ទាល់​របស់​ខ្លួន ​និង​រដ្ឋ​ធម្មនុញ្ញ ​ជា​កំហុស​ប្រវត្តិសាស្ត្រ​។

លោក ​ម៉ូឌី​ បាន​ថ្លែង​ថា​ ឋានៈ​នោះ​មិន​បាន​ផ្តល់​អ្វី​ក្រៅ​តែ​ពី​អំពើ​ភេរវកម្ម ​ការ​បំបែក​ខ្លួន ​ការ​ប្រកាន់​បក្ស​ពួក​ និង​អំពើ​ពុក​រលួយ​ធំ​បំផុត​នោះ​ទេ​។ ប៉ុន្តែ​ការ​សម្រេច​ចិត្ត​ជា​ប្រវត្តិសាស្ត្រ​របស់​លោក ​នឹង​នាំ​មក​នូវ​វិបុលភាព​ និង​សន្តិភាព​។

ការ​ផ្លាស់​ប្តូរ​របស់​លោក​ដាក់​តំបន់​កាស្មៀរ ឲ្យ​​នៅ​ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​ពី​ក្រុង​ញូវដេលី ​និង​បាន​ធ្វើ​ឲ្យ​រដ្ឋ​នេះ​ រួម​តូច​ ដោយ​បែង​ចែក​រដ្ឋ​នេះ​ជា​ដែន​ដី​សហជីព ​២ ​គឺ​ក្រុង​ចាមមូន ​និង​កាស្មៀរ ​និង​តំបន់​ឡាដាកហ៍។ ​

កិច្ច​ប្រតិបត្តិការ​សន្តិសុខ​ទ្រង់ទ្រាយ​ធំ​មួយ​ ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ឆាប់​រហ័ស​ ដោយ​ក្រុង​ញូវដេលី​បាន​បញ្ជូន​ទាហាន​រាប់​ម៊ឺន​នាក់​ទៅ​ចូលរួម​ជាមួយ​ទាហាន​ជិត​កន្លះ​លាន​នាក់​នៅ​ទីនោះ​ស្រាប់។

ប្រជាជន ​៧ ​លាន​នាក់​នៅ​តំបន់​កាស្មៀរ ​ត្រូវ​បាន​ដាក់​​ការ​រឹត​បន្តឹង​សន្តិសុខ​រយៈពេល​ជា​ច្រើន​សប្តាហ៍​ ​ដោយ​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​ត្រូវ​បាន​រឹត​ត្បិត​យ៉ាង​តឹងរ៊ឹង ​និង​ការ​ជួប​ជុំ​នានា​ត្រូវ​​ហាម។

ប្រព័ន្ធ​ទូរស័ព្ទ​ និង​អ៊ីនធឺណិត​ត្រូវ​បាន​កាត់​ផ្តាច់​អស់​រយៈពេល​ជា​ច្រើន​ខែ​៕ AFP/PSA