ក្រុង​រ៉ូម៖ ​តំបន់​មួយ​ចំនួន​នៅ​ប្រទេស​អ៊ីតាលី​ បាន​ចាប់​ផ្តើម​ចេញ​បញ្ជា​ឲ្យ​ដាក់​មនុស្ស​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ថ្មី​មួយ​ទៀត ​ដែល​បាន​វិល​ត្រឡប់​ពី​ក្រុម​ប្រទេស​អឺរ៉ុប​ដ៏​គ្រោះ​ថ្នាក់​ដោយសារ​វីរុស​កូរ៉ូ​ណា​ក្នុង​កម្រិត​ខ្ពស់​ ដូច​ជា​ ប្រទេស​អេស្ប៉ាញ​ និង​ក្រិក​ នៅ​ក្នុង​ការ​ព្យាយាម​មួយ​​ ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​ចុង​ក្រោយ​បំផុត​ ​នៃ​ការ​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​ដ៏​ចម្លែក​មួយ​នេះ​។​

អាជ្ញាធរ​សុខាភិបាល​បាន​ព្រួយ​បារម្ភ​ថា ​ប្រជាជន​អ៊ីតាលី​បាន​វិល​ត្រឡប់​ពី​វិស្សមកាល​នៅ​ក្រៅ​ប្រទេស​អាច​នឹង​នាំ​យក​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ចូល​ផ្ទះ​ ​និង​កំពុង​ដើរ​លេង​កម្សាន្ត​ នៅ​អំឡុង​ពេល​រដូវ​ក្ដៅ​ នៅ​ពេល​មនុស្សម្នា​កំពុង​ជួប​ជុំ​គ្នា​នៅ​ខាង​ក្រៅ​ផ្ទះ​ នៅ​តាម​ឆ្នេរ​សមុទ្រ​ នៅ​កន្លែង​ពិធី​បុណ្យ​ ឬ​កន្លែង​ជប់​លៀង​ផ្សេងៗ​ជា​ច្រើន​ទៀត​។​

ខណៈ​រដ្ឋាភិបាល​ជាតិ​បាន​សិក្សា​ថា ​តើ​ត្រូវ​ដាក់​ការ​រឹត​ត្បិត​ឡើង​វិញ​ ប្រឆាំង​ជំងឺ​កូវីដ ​១៩​ ឲ្យ​បាន​ខ្លាំង​ក្លា​បន្ថែម​ទៀត​ ដូច​ជា​ការ​បង្កើន​ឲ្យ​មាន​ការ​ពាក់​ម៉ាស់​ជា​ចាំបាច់​នៅ​តាម​ទីសាធារណៈ ​និង​តំបន់​មួយ​ចំនួន​បាន​កំពុង​ទប់ស្កាត់​រួច​រាល់​ហើយ​នោះ​។​

ប្រធាន​តំបន់ ​Emilia ​Romagna ​កាល​ពី​ថ្ងៃ​ពុធ​ ត្រូវ​បាន​គេរំ​ពឹង​ថា ​នឹង​ចុះ​ហត្ថលេខា​ចេញ​បញ្ជា​មួយ​ឲ្យ​ធ្វើ​តេស្ត​រក​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ ចំពោះ​អ្នក​ណា​ម្នាក់​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​អេស្ប៉ាញ​ ក្រិក ​និង​ប្រទេស​ម៉ាល់ត៍​ និង​ប្រទេស​ទាំង​អស់​នៅ​ក្នុង​តំបន់​ Schengen ​ជា​ទីកន្លែង​ដែល​ជនជាតិ​អ៊ីតាលី​ មិន​ត្រូវ​បាន​គេ​រឹត​ត្បិត​នោះ​។​

ក្រុម​អ្នក​មក​ពី​ប្រទេស​ក្រូអាស៊ី​ ក៏​នឹង​ត្រូវ​ចេញ​បញ្ជា​ឲ្យ​ដាក់​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ផង​ដែរ​។​

ការ​ចេញ​បញ្ជា​ឲ្យ​ដាក់​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​រយៈ​ពេល​ ១៤ ​ថ្ងៃ ​ក៏​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​តំបន់ ​Puglia ​និង ​Campania ​ភាគ​ខាង​ត្បូង​ ​សម្រាប់​អ្នក​បាន​វិល​ត្រឡប់​មក​ពី​​ប្រទេស​អេស្ប៉ាញ​ ក្រិក​ និង​ប្រទេស​ម៉ាល់ត៍​។​

ប្រធាន​តំបន់ ​Puglia ​គឺ​លោក ​មីឆែលលី អ៊ីមីលៀណូ ​បាន​ថ្លែង​ថា៖ ​«​នៅ​​ក្នុង​រយៈពេល ​២ ​ថ្ងៃ​ចុង​ក្រោយ​ យើង​បាន​កត់ត្រា​ករណី​ឆ្លង​យ៉ាង​ច្រើន​នៅ​តំបន់ ​Puglia ​ដែល​បាន​ធ្វើ​តេស្ត​រក​ឃើញ​មាន​ផ្ទុក​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ ក្រោយ​ពី​ពួក​គេ​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ក្រិក​ ម៉ាល់ត៍​ អេស្ប៉ាញ​ ​ជា​ក្រុម​ប្រទេស​ដែល​មាន​ការ​ឆ្លង​រាល​ដាល ​ជំងឺ​កូវីដ ​១៩ ​កម្រិត​ខ្ពស់​មួយ​»​។​

មនុស្ស​ជាង ​២៥១ ០០០ ​នាក់​ បាន​ឆ្លង​ដោយសារ​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ ហើយ​មនុស្ស​ជាង ​៣៥ ០០០ ​នាក់​បាន​ស្លាប់​ នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ ជា​ប្រទេស​អឺរ៉ុប​ដំបូង​​ដែល​បាន​រង​ការ​វាយ​ប្រហារ​ដោយសារ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ ​១៩៕ AFP/SK