ក្រុងវ៉ាស៊ីនតោនៈ លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​ដាក់​បញ្ជា​ឲ្យ​បញ្ឈប់​ការ​ពង្រាត់​កូន​ក្មេង​ពី​ឪពុក​ម្ដាយ​របស់​ពួកគេ​នៅ​ព្រំដែន​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ ខែ​មិថុនា ដែល​ការ​សម្រេច​ចិត្ត​ដក​ចេញ​នូវ​គោល​នយោបាយ​ដ៏​តឹង​រ៊ឹង​នេះ ព្រោះ​តែ​មាន​សម្ពាធ​យ៉ាង​ធ្ងន់​ពី​សំណាក់​សមាជិក​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ផ្ទាល់ សមាជិក​គណបក្ស​ប្រជាធិប​តេយ្យ និង​សហគមន៍​អន្តរជាតិ។

ទិដ្ឋភាព​គួរ​ឲ្យ​សង្វេគ​នេះ លេចឡើង​បន្ទាប់ពី​កូនក្មេង​ជាង ២៣០០ នាក់ ដែល​ត្រូវបាន​បំបែក​ចេញ​ពី​ឪពុក​ម្ដាយ និង​សាច់​ញាតិ​របស់​ពួកគេ​ក្រោយ​ពី​បាន​លួច​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់ តាំង​ពី​ថ្ងៃ​ទី ៥ ខែ​ឧសភា និង​ត្រូវ​បាន​ដាក់​ឲ្យ​រស់​នៅ​ក្នុង​តង់ និង​សំណង់​អគារ​ផ្សេងៗ​ទៀត​នោះ មិន​មាន​មធ្យោបាយ​ក្នុង​ការ​ទាក់​ទងជាមួយ​សាច់​ញាតិ​របស់​ពួកគេ​ទេ។

រូបភាព និង​សេចក្ដីរាយការណ៍​ស្ដី អំពី​ការបំបែកបំបាក់​គ្រួសារ​នៃ​ជនអន្តោប្រវេសន៍ បាន​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​កំហឹង និង​បះបោរ​ប្រឆាំង​នៅ​ក្នុង​ជួរ​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ត្រាំ ខ្លួន​ឯង ហើយ​ក៏​មាន​ការ​ចោទ​ប្រកាន់​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ថា អាមេរិក​បាន​កំពុង​តែ​រំលោភ​សិទ្ធិ​មនុស្ស។

លោក​ត្រាំ ថ្លែង​ខណៈដែល​លោក​ចុះហត្ថលេខា​លើ​សេចក្តីសម្រេច​ប្រតិបត្តិ​នោះ​ថា៖ «អ្វីដែល​យើង បាន​ធ្វើ​នៅ​ក្នុង​ថ្ងៃ​នេះ គឺ​យើង​កំពុង​តែ​ធ្វើ​ឲ្យ​គ្រួសារ​បាន​រស់​នៅ​ជួប​ជុំ​គ្នា» «ខ្ញុំ​ពិតជា​មិន​ពេញ​ចិត្ត និង​ទិដ្ឋភាព​ឬ​អារម្មណ៍​នៃ​ការ​ព្រាត់​ប្រាស​គ្រួសារ​នោះ​ទេ»។

លោក​ត្រាំ បាន​ថ្លែងថា ទោះបីជា​មានការ​កែប្រែ តែ​ការពង្រឹង​កិច្ចការពារ ព្រំដែន នឹង​ត្រូវ​តែ​តឹងរ៊ឹង​ដដែល។ អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​លោក​ត្រាំ បាន​ទទូច​ថា លោក​ជាប់​រវល់​ជាមួយ​នឹង​ច្បាប់​សម្រាប់​បំបែក​កូន​ក្មេង​ពី​ឪពុកម្ដាយ​របស់​ពួកគេ​ហើយ​មាន​តែ​សភា​ប៉ុណ្ណោះ​ដែល អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​មុន​ពេល​លោក​បាន​ប្រែប្រួល​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​លោក​បាន​គិត​ពី​មុន​នោះ។

លោក​ត្រាំ ថ្លែងថា៖ «យើង​ចង់​ឲ្យ​ប្រទេស​របស់​យើង មាន​សន្តិសុខ» «យើង​នឹង​ទទួល​បាន​សន្តិសុខ​នៅ​ខណៈ​យើង​ទទួល​បាន​សេចក្តី​ស្រឡាញ់ យើង​ពិត​ជា​ចង់​ឲ្យ​គ្រួសារ​បាន​រស់​នៅ​ជួប​ជុំ​គ្នា»។ សេចក្តី​សម្រេច​នោះ​បាន​ឲ្យ​ដឹង​ថា ក្រសួង​សន្តិសុខ​ជាតិ​ត្រូវ​បន្ត​ទទួល​បន្ទុក​លើ​ក្រុម​គ្រួសារ ទាំង​នោះ មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​យុត្តិធម៌ និង​ក្រសួង សុខាភិបាល​ទេ៕