មូលដ្ឋានទ័ព​ដូ​វើ​រៈ ​ប្រធានាធិបតី​អាមេរិក​ លោក​ ដូណាល់​ត្រាំ​ បាន​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​មួយ​កាល​ពី​ថ្ងៃ​សៅរ៍ ចំពោះ​ការ​បាត់បង់​ជីវិត​របស់​ទាហាន​អាមេរិក​ ៤ ​នាក់ ​នៅ​ស៊ីរី​ភាគ​ខាង​ជើង​ នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ ដែល​ត្រូវ​បាន​​អះអាង​ទទួល​ខុស​ត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិស្លាម​ ដែល​បាន​កើត​ឡើង​ក្រោយ​ពី​លោក​ ត្រាំ​ បាន​ប្រកាស​ថា​ ក្រុម​ជី​ហាដ​ជ្រុល​និយម​ «​បាន​ទទួល​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​» ​នោះ​។

លោក​​ ត្រាំ​ បាន​ឡើង​យន្តហោះ​ទៅ​កាន់​មូលដ្ឋាន​ទ័ព​អាកាស​ដូវើរ​នៃ​រដ្ឋ​ដេឡាវែរ ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស ​លោក​ ម៉ៃក៍​ ប៉ុមប៉េអូ ​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ ​លោក ​Patrick Shanahan​ ជា​ទី​ដែល​ពួក​គេ​ បាន​ដើរ​បោះ​ជំហាន​យ៉ាង​យឺត​ឡើង​ទៅ​កាន់​យន្តហោះ​ធុន​​ C-17​ ដែល​បាន​ដឹក​សាកសព​ទាំង​អស់​នោះ​ ត្រឡប់​ទៅ​​មាតុ​ប្រទេស​វិញ​។

នៅ​ក្នុង​យន្តហោះ​នោះ ​បព្វជិត​ ១ ​រូប ​បាន​សូត្រ​បួង​សួង​យ៉ាង​ឮ​ៗ​ថា​ «​Amen​»​ សូម​ព្រះ​ជា​ម្ចាស់​តាម​ថែរក្សា​ពួក​គេ​ផង​ចុះ​។

លោក​ ត្រាំ​ និង​ក្រុម​គណៈ​ប្រតិភូ​របស់​លោក ​ដែល​រួម​មាន​មន្ត្រី​យោធា​ជាន់​ខ្ពស់​និង​ក្រុម​មន្ត្រី​នៃ​កងទ័ព​ជើង​ទឹក​ផង​នោះ​ បាន​បង្ហាញ​ខ្លួន​ចេញ​ពី​យន្តហោះ​ ក្រោយ​ពី​បាន​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ បាន​ក្រោក​ឈរ​គោរព​​វិញ្ញាណ​ក្ខន្ធ​​សាកសព​ទាំង​អស់​នោះ​។

លោកត្រាំ (ឆ្វេ​ង​) និង​​ក្រុម​មន្ត្រីរបស់លោក ចំាទទួល​សពនៅព្រលានយន្ត​ហោះ​។ AFP

សមាជិក​ ៦ រូប​នៃ​ទ័ព​ជើង​ទឹក​ដែល​ប្រារព្ធ​ពិធី​នោះ​បាន​យក​ទង់​ជាតិ​មួយ​​ទៅ​គ្រប​ទៅ​លើ​មឈូស​ ដែល​មាន​រូប​លោក​Scott Wirtz ​ជា​អតីត​ទាហាន​ជើង​ទឹក ​Navy SEAL ដែល បាន​​ធ្វើ​ជា​មន្ត្រី​នៃ​​ក្រសួង​ការពារ​ជាតិ​ នៅ​ពេល​ដែល ​លោក​ត្រូវ​បាន​គេ​សម្លាប់​​។

មនុស្ស​ប្រហែល ១០០ ​នាក់ ​ដែល​ស្លៀកពាក់​ឯក​សណ្ឋាន​ និង​សម្លៀក​បំពាក់​​ស៊ីវិល ​ដែល​មាន​ទំនាក់ទំនង​ជា​មួយ​ជន​រង​គ្រោះ​ផង​ដែរ​ បាន​សម្លឹង​មើល ​ខណៈ​ក្រុម​អ្នក​ចូល​រួម​​​​​​ពិធី​នោះ ​បាន​ហែ​​មឈូស​សាកសព​ទាំង។

នៅ​ក្នុង​មឈូស​ទាំង​នោះ​​ មាន​​សាកសព​ជន​រង​គ្រោះ​ផ្សេង​ៗ​ទៀត​ដូច​ជា​ ទាហាន​ជើង​គោក​ម្នាក់ អ្នក​បច្ចេក​ទេស​ម្នាក់​​នៃ​​កង​ទ័ព​ជើង​ទឹក និង​អ្នក​​ម៉ៅ​​ការ​ស៊ីវិល​ម្នាក់​។

លោក​ ត្រាំ​ បាន​សរសេរ​នៅ​លើ​គេហ​ទំព័រ​ធ្វីធើរ​ថា​ លោក ​នឹង​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ដូវើរ​ ជា​មួយ​ក្រុម​​គ្រួសារ​​​​របស់​មនុស្ស​ពិសេស​ ៤​ នាក់​ ដែល​បាន​បាត់បង់​ជីវិត​ ដើម្បី​ប្រទេស​របស់​យើង​៕ AFP/SK