ក្រុងវ៉ាស៊ីនតោនៈ ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់​ត្រាំ ថ្លែង​កាល ពី​ថ្ងៃ​អង្គារ ទី ១៧ កក្កដា​ថា វា​គ្មាន អ្វី​ត្រូវ​ប្រញាប់ ប្រញាល់​ធ្វើការ​លុប បំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​តាម​កិច្ច ព្រម ព្រៀង​របស់ លោក​ជាមួយ​លោក គីម ជុងអ៊ុន​នោះ ទេ។ នេះ​គឺជា​ការ កែ ប្រែ ពាក្យ​សម្ដី​ដែល​ថ្នាក់ ដឹកនាំ​អាមេរិក​បាន​ថ្លែង​កាល​ពី​ដំបូង​ថា ដំណើរការ​នៃ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ នឹង​ចាប់ផ្ដើម​នា​ពេល​ឆាប់ៗ​នោះ។

លោក​ត្រាំ បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​ថា៖ «កិច្ច​ពិភាក្សា កំពុងតែ​ដំណើរការ​ទៅមុខ​ហើយ​ដំណើរការ​យ៉ាង​ល្អ​ទៀត​ផង»។ «យើង​គ្មាន​ពេលវេលា​កំណត់ ហើយ​យើង​ក៏​គ្មាន​ល្បឿន​កំណត់​នោះ​ដែរ»។

លោក​ត្រាំ បាន​ថ្លែងថា​លោក​បាន​លើកយក​រឿង​កូរ៉េខាងជើង​មក​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ជំនួប​នៅ​ក្នុង​ក្រុង​ហែលស៊ីនគី។

លោក​ត្រាំ បាន​ថ្លែងថា៖ «លោក​ប្រធានាធិបតី​ពូ​ទីន នឹងចូលរួម​ជួយ​ដោះស្រាយ​ដែល​ក្នុង​ន័យ​នេះ លោក​ប្រធានា​ធិបតី​ពូទីន គឺ​គាំទ្រ​ជំហរ​របស់​យើង»។

លោក​ប្រធានាធិបតី​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ​រូបនេះ បាន​ជួប​ជាមួយ​លោក​គីម ជុងអ៊ុន​កាល​ពី​ថ្ងៃទី ១២ ខែ មិថុនា​ក្នុង​កិច្ច​ប្រជុំ​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ដែល​ក្នុង​អំឡុង​ពេល​នោះ មេ​ដឹកនាំ​វ័យ​ក្មេង​កូរ៉េខាងជើង​បាន​សន្យា​ថា លោក​នឹង​ធ្វើ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​លោក។

ប៉ុន្តែ​កិច្ចព្រមព្រៀង​នោះ មិនបាន​បញ្ជាក់​អំពី​កាលវិភាគ​សម្រាប់​ដំណើរការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ទេ ឬ​បញ្ជាក់​អំពី​របៀប​របប​ក្នុង​ការ​អនុវត្ត នូវ​ដំណើរការ​នោះ​ដែរ។

ជាង​មួយខែ​កន្លងទៅនេះ គេ​មិនទាន់​បានឃើញ​មានការ​រីកចម្រើន​ណាមួយ ជា​ដុំកំភួន​នៅ​ឡើយ​ទេ៕