ក្រុងវ៉ាស៊ីនតោនៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានថ្លែងកាលពីថ្ងៃពុធថា ជោគវាសនានៃជំនួបកំពូលជាប្រវត្តិសាស្ត្រជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងត្រូវសម្រេចនៅសប្តាហ៍ក្រោយ ខណៈក្រុមជំនួយការធ្វើដំណើរទៅសិង្ហបុរីជាបេសកកម្មត្រៀមរៀបចំ។
លោកត្រាំ បានថ្លែងដល់ជំនួបនៅថ្ងៃទី ១២ ខែមិថុនាម្តងកើតម្តងមិនកើតឡើងថា៖ «នៅសិង្ហបុរី យើងនឹងឃើញ។ វាពិតជាអាចកើតឡើង»។ «ទោះបីវាគឺជាអ្វីក៏ដោយក៏យើងនឹងដឹងច្បាស់នៅសប្តាហ៍ក្រោយដែរ»។
នៅក្នុងបទសម្ភាសមួយដែលត្រូវបានចាក់ផ្សាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅកម្មវិធីមួយក្នុងចំណោមកម្មវិធីដ៏ពេញនិយមរបស់ប្រធានាធិបតីនោះគឺកម្មវិធី Fox & Friends លោកត្រាំ បានថ្លែងថា៖ «មានឱកាសល្អ ជំនួបកំពូលនោះ នឹងកើតឡើង»។
នៅក្នុងបទសម្ភាសនោះដែរ លោកបានថ្លែងថា៖ «ប្រសិនបើកើតឡើង វាគឺរឿងល្អសម្រាប់កូរ៉េខាងជើង។ វានឹងក្លាយជារឿងអស្ចារ្យមួយសម្រាប់ពិភពលោក ដូច្នេះ យើងចាំមើលថានឹងមានអ្វីកើតឡើង»។
ក្រុមមន្ត្រី បាននិយាយថាក្រុមជំនួយការដែលត្រូវបានជ្រើសរើសយ៉ាងពិសេសនោះ នៅក្នុងនោះមាននាយរងសេនាធិការលោក Joe Hagin និងទីប្រឹក្សារងសន្តិសុខជាតិលោក Mira Ricardel កំពុងធ្វើដំណើរទៅក្រុងមានឈ្មោះដូចរដ្ឋ ដែលនឹងរៀបចំទទួលធ្វើជាម្ចាស់ផ្ទះជំនួបនោះ។
ពួកគេត្រូវបានរំពឹងទុកថានឹងជួបសមភាគីកូរ៉េខាងជើងរបស់ពួកគេ និងពិភាក្សាលម្អិតអំពីជំនួបនោះ។ អ្នកការទូតកំពូលមកពីចិនសម្ព័ន្ធយូររបស់ក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធ បានសម្តែងក្តីសង្ឃឹមថា ជំនួបនោះនឹងកើតឡើងតាមការគ្រោងទុក។
នៅក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យីបានថ្លែងថា៖ «ប្រសិនបើអ្នកចង់ដោះស្រាយ ខណៈនេះដល់ពេលវេលាហើយ។ ប្រសិនបើអ្នកត្រូវការសន្តិភាព ឥឡូវនេះដល់ពេលហើយ»៕