ក្រុង​សេអ៊ូល​:​ ការិយាល័យ​ ប្រធានា​ធិបតី​របស់​ក្រុង ​សេអ៊ូល​ បាន​ឲ្យ​ដឹង​ថា ​ប្រធានា​ធិបតី​អាមេរិក​ លោក ​ដូណាល់ ​ត្រាំ ​និង ​ប្រធានា​ធិបតី ​កូរ៉េ​ខាង​ត្បូង ​លោក ​មូន​​ជេ-អុីន​ កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​ពិភាក្សា​គ្នា​អំពី​ការ​គម្រាម​នា​ពេល​ថ្មី​ៗ ​ក្នុង​ការ​លុប​ចោល​ជំនួប​កំពូល​មិន​ធ្លាប់​មាន​ពី​មុន​​របស់​ខ្លួន​ជា​មួយ​ក្រុង​ វ៉ាស៊ីន​តោន​។

យោង​តាម​ប្រ​ភព​ព័ត៌​មាន​ពី​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​​ KCNA ​ផ្លូវ​ការ​របស់​កូរ៉េ​ខាង​ជើង​​ បាន​ឲ្យ​ដឹង​ថា ​បន្ទាប់​ពី​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ប្រកប​ដោយ​ភាព​កក់​ក្តៅ​ និង ​ការ​ទទួល​ជោគ​ជ័យ​ផ្នែក​ការ​ទូត​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​មក​ ​ក្រុង​ព្យុងយ៉ាង ​បាន​ធ្វើ​ការ​គម្រាម​ភ្លាម​ៗ​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​គម្រោង​បើក​កិច្ច​ជំនួប​កំពូល​នា​ខែ​ក្រោយ ​ដោយ​សារ​តែ​ការ​ទាម​ទារ​របស់​អាមេរិក​ «​ឲ្យ​លះ​បង់​កម្ម​វិធី​អាវុធ​នុយ​ក្លេអ៊ែរ​ជា​ឯកតោ​ភាគី​»​។​

កូរ៉េ​ខាង​ជើង​ ក៏​បាន​លុប​ចោល​នា​នាទី​ចុង​ក្រោយ​នូវ​កិច្ច​ប្រជុំ​កម្រិត​ខ្ពស់​មួយ​ជា​មួយ​ កូរ៉េ​ខាង​ត្បូង ​ដោយ​ធ្វើ​ការ​តវ៉ា​ប្រ​ឆាំង​ការ​ធ្វើ​សម​យុទ្ធ​យោធា​រួម​រវាង​ក្រុង​​ សេអ៊ូល ​និង ​ក្រុង​វ៉ាស៊ីន​តោន​។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​​ការិយាល័យ​របស់​លោក​​បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ កាល​ពី​ថ្ងៃ​អាទិត្យ ​​លោក ​ត្រាំ ​និង ​លោក ​មូន ​បាន​ដោះ​ដូរ​ទស្សនៈ​គ្នា​អំពី​វិធាន​ការ​ផ្សេង​ៗ​ធ្វើ​ឡើង​ដោយ​ កូរ៉េ​ខាង​ជើង​ នា​ពេល​ថ្មី​ៗ​។​

មេ​ដឹក​នាំ​ទាំង​ពីរ​បាន​ឯក​ភាព​​ ធ្វើ​ការ​សហ​ការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ ​ដើម្បី​ទទួល​បាន​ជោគ​ជ័យ​នៃ​កិច្ច​ជំនួប​ជា​ប្រវត្តិ​សាស្ត្រ​នៅ​ក្នុង​ប្រ​ទេស​ សិង្ហ​បុរី​ នៅ​ថ្ងៃ​ទី ​១២ ​ខែ​មិថុនា ​ដែល​នឹង​ជា​កិច្ច​ជំនួប​ដំបូង​រវាង​ប្រធានា​ធិបតី​ អាមេរិក​ នា​ពេល​បច្ចុប្បន្ន ​និង ​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង។​

ពួក​គេ ​កំណត់​ជួប​គ្នា​ក្នុង​ក្រុង​វ៉ាស៊ីន​តោន ​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ​។​

ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​ភ្លាម​ៗ​ របស់​កូរ៉េ​ខាង​ជើង ​កើត​ឡើង​ បន្ទាប់​ពី​យុទ្ធ​នាការ​ស្វែង​រក​ការ​គាំទ្រ​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍ ​ដែល​បាន​ធ្វើ​ឲ្យ​មេ​ដឹក​នាំ ​លោក ​គីម ​ជុង​អ៊ុន ​បើក​កិច្ច​ជំនួប​កំពូល​ជា​ប្រវត្តិ​សាស្ត្រ​ជា​មួយ​​ លោក​ មូន​ និង​ ជួប​ពីរ​ដង​ជា​មួយ​ប្រធានា​ធិបតី ​ចិន ​លោក​ ស៊ី​ ជិនភីង​៕​