ក្រុងម៉ៃអាមីៈ លោក ដូណាល់ ត្រាំ ពីថ្ងៃអាទិត្យ បានបង្កើនការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងលោកស្រី ហ៊ីឡារី គ្លីនតុន ដោយ កេងចំណេញពីការសម្រេចចិត្តរបស់អគ្គនាយក FBI លោក James Comey ក្នុងការបើកការស៊ើបអង្កេតជាថ្មី លើអ៊ីមែលរបស់លោកស្រីខណៈយុទ្ធនាការឃោសនាបោះឆ្នោតអាមេរិកបានឈាន ដល់ដំណាក់កាលចុងក្រោយ។
រយៈពេល ១០ ថ្ងៃ មុនពេលប្រទេសនេះទៅបោះឆ្នោតជ្រើស រើសអតីតរដ្ឋមន្ត្រីការបរទេស ឬ មហាសេដ្ឋីបក្សសាធារណរដ្ឋវោហារបំភ្លៃ កំពូលប៉ូលិសអាមេរិក លោក James Comey បានធ្វើឲ្យខ្លួនឯងស្ថិតនៅចំកណ្តាលនៃការចាប់អារម្មណ៍។
ទាំងលោកស្រី គ្លីនតុន និងគូប្រជែងបក្សសាធារណរដ្ឋ លោកដូណាល់ ត្រាំ បានបង្កើតសម្ពាធ លើលោក Comey ដើម្បីបើកចំហពីបំណងរបស់ខ្លួន និងបញ្ចប់ ការប៉ាន់ស្មាន មុនពេលថ្ងៃបោះ ឆ្នោតថ្ងៃទី ៨ វិច្ឆិកា។
អគ្គនាយក FBI រូបនោះ បានសរសេរទៅកាន់ក្រុមអ្នកធ្វើច្បាប់ពីថ្ងៃសុក្រ ដោយប្រកាសថា ក្រុមភ្នាក់ងាររបស់លោកកំពុងស៊ើបអង្កេតអ៊ីមែលដែលទើបនឹងរកឃើញថ្មី ដោយធ្វើការស៊ើបអង្កេតជាថ្មី ដែលក្រុមឃោសនាលោកស្រីគ្លីនតុនបានគិតថា ចប់សព្វ គ្រប់តាំងពីខែកក្កដានោះ។
ដោយឃោសនាក្នុងរដ្ឋខូឡូរ៉ាដូ ភាគខាងលិច ដែលមានទំនោរទៅលោកស្រី គ្លីនតុន លោកត្រាំ បានជេរប្រទេចអ្វីដែលលោកបាន ហៅថា ការប្រព្រឹត្តព្រហ្មទណ្ឌនិងខុសច្បាប់របស់គូប្រជែងលោកដើម្បីស្រែកព្រមៗគ្នាថា «ដាក់ គុកនាង!»។
នៅក្នុងការឃោសនាបន្ទាប់ក្នុង ក្រុង Phoenix រដ្ឋ Arizona លោកត្រាំ វ័យ ៧០ ឆ្នាំ បានថ្លែងថា៖ «នេះគឺជារឿងអាស្រូវនយោបាយធំបំផុត ចាប់តាំងពីមានរឿងអាស្រូវ Watergate ហើយវាគឺជាក្តីសង្ឃឹមជ្រៅបំផុតរបស់មនុស្ស គ្រប់រូបដែលថា នៅទីបំផុត យុត្តិធម៌ នឹងត្រូវផ្តល់ជូនយ៉ាងល្អស្អាត»។
ថ្វីបើ លោកស្រីគ្លីនតុន នៅតែ ស្ថិតលើផ្លូវទៅកាន់ការបោះឆ្នោត ក្រុមឃោសនាលោកស្រី មានការ ខឹងសម្បា ដែលសន្ទុះខ្លួនត្រូវបានពន្យឺតនៅពេលចុងក្រោយ។ នៅចំពោះមុខក្រុមអ្នកគាំទ្ររាប់ ពាន់នាក់នៅរដ្ឋផ្លរីដា លោកស្រី បាននិយាយថា វាចម្លែកណាស់ ដែលផ្តល់ព័ត៌មានតូចមួយ បែបនោះនៅពេលការបោះឆ្នោត ជិតចូលមកដល់៕