នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ​Yoshihide ​Suga ​ទើប​តែ​បញ្ចប់​ការ​ធ្វើ​ទស្សនកិច្ច​ក្រៅ​ប្រទេស​ជា​លើក​ដំបូង​របស់​លោក ​កាល​ពី​ថ្ងៃ​ពុធ​ ទី ​២១​ ខែ​តុលា​។ ​នេះ​ជា​ទស្សនកិច្ច​លើក​ដំបូង​តាំង​ពី​ពេល​លោក​ឡើង​កាន់​តំណែង​កាល​ពី​ខែ​មុន​។​ ដំណើរ​ទស្សនកិច្ច​រយៈពេល ​៤ ​ថ្ងៃ​ ពី​ថ្ងៃ ​១៨ ​តុលា ​ដល់​ថ្ងៃ ​២១ ​តុលា​ របស់​លោក ​Suga ​ទៅ​កាន់​ប្រទេស​វៀតណាម ​និង​ឥណ្ឌូនេស៊ី ​គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​សន្តិសុខ​ ជា​មួយ​នឹង​ប្រជាជាតិ​អាស៊ាន ​តាម​ចក្ខុ​វិស័យ ​«ឥណ្ឌូ-ប៉ាស៊ីហ្វិក​ សេរី ​និង​បើក​ចំហ​»​ ​ឬ​ហៅ​កាត់​ FOIP ​របស់​ជប៉ុន​ ដែល​ជា​គំនិត​នៃ​ការ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ក្នុង​ការ​ប្រឆាំង​នឹង​ចិន​។​

នៅ​វៀតណាម​លោក ​Suga ​បាន​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម​ លោក ​Nguyen ​Xuan ​Phuc​ នៅ​ក្រុង​ហាណូយ​ ហើយ​ភាគី​ទាំង ​២​ បាន​កំណត់​កិច្ច​ព្រមព្រៀង​ជា​មូលដ្ឋាន​មួយ​ ដែល​អនុញ្ញាត​ឱ្យ​ជប៉ុន​នាំ​ចេញ​ឧបករណ៍ និង​បច្ចេក​វិទ្យា​យោធា​ដល់​ប្រទេស​វៀតណាម​។​

នាយក​រដ្ឋមន្ត្រី​ជប៉ុន​រូប​នេះ ​នៅ​បាន​និយាយ​ទៀត​ថា ​«វៀតណាម ​គឺ​សំខាន់​ណាស់​ក្នុង​ការ​សម្រេច​នូវ​ចក្ខុវិស័យ ​FOIP​ របស់​យើង ​ហើយ​ក៏​ជា​ដៃ​គូ​ដ៏​មាន​តម្លៃ​ផង​ដែរ​»​ លោក​បាន​បន្ត​ទៀត​ថា​៖​ «​ប្រទេស​ជប៉ុន ​ក្នុង​នាម​ជា​ប្រជាជាតិ​ឥណ្ឌូ​-ប៉ាស៊ីហ្វិក ​នឹង​បន្ត​រួម​ចំណែក​ក្នុង​កិច្ចការ​រក្សា​សន្តិភាព ​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​នេះ​»​។​

រី​ឯ​លោក​នាយក​រដ្ឋមន្ដ្រី​វៀតណាម ​Xuan​ Phuc ​វិញ​ បាន​និយាយ​ថា​៖​ «​វៀត​ណាម​ស្វាគមន៍​ជប៉ុន​ ដែល​ជា​មហា​អំណាច​ពិភព​លោក​មួយ​ ឱ្យ​បន្ត​ចូលរួម​ចំណែក​យ៉ាង​សកម្ម ​រក្សា​ សន្តិភាព ​ស្ថិរភាព ​និង​វិបុល​ភាព​ក្នុង​តំបន់​ និង​ក្នុង​ពិភព​លោក​»​។​

ក្រៅ​ពី​កិច្ច​ពិភាក្សា​លើ​វិស័យ​សន្តិសុខ​ មេ​ដឹកនាំ​ទាំង ​២ រូប ​ក៏​បាន​ពិភាក្សា​លើ​សហ​ប្រតិបត្តិការ​ធ្វើ​ពិពិធកម្ម​លើ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ប្រទេស​ចិន​។​ ប្រទេស​វៀតណាម​ គឺ​ជា​ជម្រើស​ដ៏​ពេញ​និយម​សម្រាប់​ក្រុមហ៊ុន​ជប៉ុន​ធ្វើ​ពិពិធកម្ម​។ ​ក្រោម​កម្មវិធី​ធ្វើ​ពិធីកម្ម​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​នៅ​អាស៊ីអាគ្នេយ៍ ​ដែល​មាន​ឧបត្ថម្ភ​ធន​ចំនួន​ ២៣,៥​ ពាន់​លាន​យ៉េន ​(២២៥ ​លាន​ដុល្លារ​) ​ពី​រដ្ឋាភិបាល​ជប៉ុន​ ក្រុមហ៊ុន​ចំនួន ​១៥​ បាន​ផ្ដោត​ធ្វើ​ការ​វិនិយោគ​ទៅ​ប្រទេស​វៀតណាម​។​

លោក ​Suga ​និង​ Xuan​ Phuc ​ក៏​បាន​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ចំនួន ​២។ ​១ ​គឺ​សម្រាប់​ក្រុមហ៊ុន ​Marubeni ​Corp ​របស់​ជប៉ុន ​ធ្វើ​ការ​វិនិយោគ​ទឹក​ប្រាក់ ​១,៣ ពាន់​លាន​ដុល្លារ​ ក្នុង​ការ​សាងសង់​រោងចក្រ​អគ្គិសនី​មួយ​នៅ​ខេត្ត ​Can​ Tho ​ប្រទេស​វៀតណាម​ ​និង ​១ ​ទៀត ​រវាង​ក្រុមហ៊ុន ​Tokyo​ Gas ​Co ​Ltd ​និង​ក្រុមហ៊ុន ​Petro ​Vietnam ​Power ​Corp ​ដើម្បី​រួម​គ្នា​វិនិយោគ​ទឹក​ប្រាក់ ​១,៩​ ពាន់​លាន​ដុល្លារ​ ក្នុង​ការ​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ឧស្ម័ន​ធម្មជាតិ​មួយ​។​

ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី​វិញ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ លោក ​Joko​ Wi dodo​ ដោយ​យល់ព្រម​ពន្លឿន​កិច្ច​ចរចា​ស្ដីពី​ការ​នាំចេញ​ឧបករណ៍ ​និង​បច្ចេក​វិទ្យា​យោធា​របស់​ជប៉ុន​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី​ និង​បាន​សន្យា​រៀបចំ​ឱ្យ​រដ្ឋមន្ត្រី​ការពារ​ជាតិ ​និង​រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​សង​ខាង​ជួប​គ្នា​ឆាប់ៗ​នេះ​។​

ក្រោយ​កិច្ច​ប្រជុំ​ជាមួយ​នឹង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ លោក ​Yoshihide ​Suga ​បាន​និយាយ​ថា​ ​«ជប៉ុន​ប្រឆាំង​នឹង​សកម្មភាព​ទាំង​ឡាយ​ណា ​ដែល​បង្កើន​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាង​ត្បូ ង»​ លោក​បាន​បន្ត​ទៀត​ថា​៖​ «ការ​ឆ្លើយ​តប​របស់​យើង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​គឺ​មិន​សំដៅ​ប្រទេស​ណា​មួយ​ទេ​»​។​ ជាមួយ​គ្នា​នេះ​ លោក​ Yoshihide ​Suga​ ក៏​បាន​យល់​ព្រម​ផ្ដល់​ប្រាក់​កម្ចី​ចំនួន ​៥០ ពាន់​លាន​យ៉េន ​(៤៧០ ​លាន​ដុល្លារ​) ​ទៅ​ឥណ្ឌូនេស៊ី ​ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច​ដែល​រងគ្រោះ​ដោយសារ​ COVID-​19 ​ដោយ​ផ្តោត​លើ​ការ​ការពារ​គ្រោះ​មហន្តរាយ ​និង​ការ​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារពេទ្យ​សម្រាប់​ស្ថាប័ន​វេជ្ជសាស្ត្រ​។​

ការ​ធ្វើ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ទើប​ឡើង​តំណែង​ទៅ​កាន់​ប្រទេស​ទាំង ​២ ​នេះ​ កើត​ឡើង ​១ ​ខែ ​ក្រោយ​ពី​មាន​ជំនួប​វេទិកា​សន្តិសុខ ​«Quad​»​ នៅ​ទីក្រុង​តូក្យូ ​ដែល​មាន​ការ​ចូលរួម​ពី​សហរដ្ឋ​អាមេរិក ​ឥណ្ឌា ​និង​អូស្ត្រាលី​។​ ចិន​បាន​ចោទ​ប្រកាន់​ «​Quad​»​ ថា​គឺ​ជា​ការ​ឃុបឃិត​គ្នា​បង្កើត​អង្គការ ​«ណាតូ​អាស៊ី»​ ដើម្បី​ឡោម​ព័ទ្ធ​ប្រទេស​ចិន​។​ ខែ​ក្រោយ ​«​Quad​» ​នឹង​រួម​គ្នា​ធ្វើ​សមយុទ្ធ​កងទ័ព​ជើង​ទឹក​ខ្នាត​ធំ​មួយ​នៅ​មហា​សមុទ្រ​ឥណ្ឌា​។​

គួរ​បញ្ជាក់​ថា​ ប្រទេស​ជប៉ុន ​មាន​កិច្ច​ព្រមព្រៀង​ផ្ទេរ​បច្ចេកវិទ្យា​រួច​ស្រេច​ជាមួយ​ប្រទេស​ដទៃ​ទៀត​ ដែល​រួម​មាន​សហរដ្ឋ​អាមេរិក​ អង់គ្លេស ​និង​ម៉ាឡេស៊ី​។ ​រីឯ​ប្រទេស​វៀតណាម ​គឺ​ជា​ដៃ​គូ​ទី ​១២​ ហើយ​ជប៉ុន​ក៏​កំពុង​តែ​ចរចា​កិច្ច​ព្រមព្រៀង​ជាមួយ​ឥណ្ឌូនេស៊ី ​និង​ថៃ​។ ​ការ​នាំចេញ​ដំបូង​នៃ​ឧបករណ៍​យោធា​របស់​ជប៉ុន ​គឺ​បាន​ធ្វើ​ឡើង​នៅ​ខែ​សីហា ​នៅ​ពេល​ហ្វីលីពីន​បាន​ទិញ​យក​ប្រព័ន្ធ​រ៉ាដា​មួយ​។​

ជា​ការ​កត់​សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រទេស​ជប៉ុន ​ក៏​កំពុង​ព្យាយាម​ជំរុញ​ការ​នាំ​ចេញ​បច្ចេក​វិទ្យាយោធា​ទំនើបៗ​ ដែល​រួម​មាន​រថយន្ត​ម៉ារីន​ទំនើប ​ដ្រូន​​មុជ​ទឹក​ និង​បច្ចេកវិទ្យា​រាវ​រក​មីន​ ក្រោយ​បម្រាម​នាំ​ចេញ​អាវុធ​ដាក់​លើ​ខ្លួន​ឯង​ ត្រូវ​បាន​ដក​ចេញ​៕​