យ៉ាង​ហោច​ណាស់​ទាហាន​ឆ្មាំ​ជាតិ​ចំនួន ៧ ០០០ នាក់​ នឹង​បន្ត​ដាក់​ពង្រាយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​​ រហូត​ដល់​ពាក់​កណ្ដាល​ខែ​មីនា​ នេះ​បើ​តាម​សំដី​របស់​លោក​ឧត្ដមសេនីយ៍​ Daniel Hokansonប្រធាន​ការិយាល័យ​កង​ឆ្មាំ​ជាតិ​។

កាល​ពី​ថ្ងៃ​សៅរ៍ ​ទី​ ១៦ ទាហាន​ឆ្មាំ​ជាតិ​យ៉ាង​ហោច​ណាស់​ ២៥ ០០០ នាក់ ​មក​ពី​ទូទាំង​ប្រទេស​ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​វ៉ាស៊ីនតោន​ ដើម្បី​ធានា​សុវត្ថិភាព​ពិធី​ចូល​កាន់​អំណាច​របស់​ប្រធានាធិបតី​ Joe Biden​ ក្រោយ​ពី​ក្រុម​អ្នក​គាំទ្រ​លោក​ Donald Trump ធ្វើ​កុបកម្ម​វាយ​សម្រុក​ចូល​អគារ​សភា​។

ក្រៅ​ពី​ការ​រក្សា​ទាហាន​ក្នុង​រដ្ឋធានី​ លោក​ឧត្ដមសេនីយ៍ Hokanson ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ទាហាន​ឆ្មាំ​ជាតិ​តិច​ជាង ២០០ នាក់​ ដែល​បាន​ផ្ដល់​សន្តិសុខ​នៅ​ថ្ងៃ​ពិធី​ចូល​កាន់​អំណាច​ បាន​ឆ្លង​ជំងឺ​កូវីដ ១៩​ ជា​អត្រា​ឆ្លង​ទាប​ជាង ១ ភាគ​រយ​៕