The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទាហាន​ឆ្មាំ​ជាតិ ២៥ ០០០ នាក់ ​នឹង​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​វ៉ាស៊ីនតោន ដើម្បី​ធានា​សុវត្ថិភាព​ពិធី​ចូល​កាន់​អំណាច​លោក Biden




ទាហាន​ឆ្មាំ​ជាតិ ២៥ ០០០ នាក់ ​នឹង​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​វ៉ាស៊ីនតោន ដើម្បី​ធានា​សុវត្ថិភាព​ពិធី​ចូល​កាន់​អំណាច​លោក Biden

Content image - Phnom Penh Post
ទាហាន​ឆ្មាំ​ជាតិ​អាមេរិក​ត្រូវ​បាន​ដាក់​ពង្រាយនៅ​វ៉ាស៊ីនត​​​ោន​។ រូបថត AFP

ទាហាន​ឆ្មាំ​ជាតិ ២៥ ០០០ នាក់ ​នឹង​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​វ៉ាស៊ីនតោន ដើម្បី​ធានា​សុវត្ថិភាព​ពិធី​ចូល​កាន់​អំណាច​លោក Biden

កាល​ពី​ថ្ងៃ​សៅរ៍​ ទី ​១៦ ទាហាន​ឆ្មាំ​ជាតិ​ជា​ច្រើន​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន​ ខណៈ​អភិបាល​រដ្ឋ​នីមួយៗ​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​បន្ទាន់​របស់​មន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ឱ្យ​បញ្ជូន​ទាហាន​បន្ថែម ​ដើម្បី​ធានា​សន្តិសុខ​នៃ​រដ្ឋធានី​នេះ​។

ថ្នាក់​ដឹកនាំ​យោធា​អាមេរិក​កាល​​ពី​ថ្ងៃ​ព្រហស្បតិ៍​ និង​ថ្ងៃ​សុក្រ​បាន​ចំណាយ​ពេល​ជា​ច្រើន ​ដើម្បី​ធ្វើ​ការ​ទាក់ទង​ទៅ​កាន់​​អភិបាល​រដ្ឋ​នីមួយៗ​បន្ទាប់​​ពី​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​បង្កើន​កងទ័ព​ក្នុង​ក្រុង​វ៉ាស៊ីនតោន​រហូត​ដល់​ទៅ ២៥ ០០០ នាក់ ដើម្បី​គាំទ្រ​ការ​ធានា​សន្តិសុខ​នៃ​ពិធី​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ Joe Biden នៅ​ថ្ងៃទី ​២០ ខាង​មុខ​នេះ។ អភិបាល​រដ្ឋ​ភាគ​ច្រើន​បាន​បង្ហាញ​ថា ​ពួក​គេ​នឹង​ជួយ​ តែ​បញ្ជាក់​ថា​ ពួក​គេ​នឹង​ផ្ដល់​អាទិភាព​ដល់​ការ​ធានា​​សុវត្ថិភាព​នៃ​រដ្ឋ​ពួក​គេ​មុន​។

អភិបាល​ខ្លះ​យល់​ព្រម​បញ្ជូន​បន្ថែម​ រីឯ​ខ្លះ​ទៀត​មិន​អាច​បញ្ជូន។ ​អភិបាល​រដ្ឋ​ Pennsylvania លោក​ Tom Wolf បាន​បង្កើន​ចំនួន​ដែល​​លោក​បាន​សន្យា​បញ្ជូន​ទ្វេដង​ពី​ទាហាន​ពី ​១ ០០០ នាក់​ទៅ ​២ ០០០ នាក់​។ ​រដ្ឋ​ Minnesota​ បន្ទាប់​​បី​បាន​ពិនិត្យ​លើ​ស្ថានភាព​សន្តិសុខ​របស់​ខ្លួន​​បាន​បង្កើន​ការ​បញ្ជូន​ឆ្មាំ​ជាតិ​ពី ១៣០ នាក់ ​ទៅ​ ៨៥០ នាក់​។

អភិបាល​រដ្ឋ ​Ohio ​លោក ​Mike​ DeWine ​បាន​យល់ព្រម​​​បញ្ជូន​ទាហាន​ ៧០០ នាក់ ​តែ​ក្រោយ​មក​លោក​បាន​បន្ថែម​ទាហាន​ចំនួន ៣០០ ​នាក់​ទៀត​ ខណៈ​ពេល​ដែល​លោក​បញ្ជា​ឱ្យ​ដាក់​ពង្រាយ​ទាហាន​នៅ​អគារ​សភា​រដ្ឋ​ Ohio​។​

សរុប​មក​ ត្រឹម​ថ្ងៃ​សៅរ៍ មាន​ជើង​ហោះហើរ​ជាង ១៣០ ដឹក​ទាហាន​ឆ្មាំ​យ៉ាង​តិច ​៧ ០០០ ​នាក់ ​ទៅ​កាន់​មូលដ្ឋាន​ទ័ព​អាកាស​រួម Andrews នៅ​រដ្ឋ ​Maryland ​ដែល​ជាប់​នឹង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​។ នេះ​បើ​តាម​តាម​​មន្ត្រី​សហរដ្ឋ​អាមេរិក​ដែល​បាន​និយាយ​ទៅ​កាន់​ភ្នាក់ងារ​ព័ត៌មាន AP ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​។ ​ទាហាន​រាប់​ពាន់​នាក់​ទៀត ​គឺ​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ និង​រថយន្ត​យោធា​។

ការ​ដាក់​ពង្រាយ​បន្ថែម​ទាហាន​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ភ័យ​ខ្លាច​ថា ​ក្រុម​ជ្រុល​និយម​ គឺ​កំពុង​​​រៀបចំ​ធ្វើ​ការ​វាយ​ប្រហារ​ក្រុង​វ៉ាស៊ីនតោន​ម្ដង​ទៀត​ បន្ទាប់​​ពី​​មាន​ការ​ធ្វើ​កុបកម្ម​វាយ​សម្រុក​ចូល​អគារ​សភា​កាល​ពី​ថ្ងៃ​ទី​ ៦ មករា ​ដែល​ឈាន​ដល់​ការ​ស្លាប់​បាតុករ​ ៤ នាក់​ និង​ប៉ូលិស​ ១ នាក់​។ FBI បាន​ប្រាប់​ទៅ​កាន់​ភ្នាក់ងារ​ប៉ូលិស​ទូទាំង​ប្រទេស​ថា ​​បាតុកម្ម​តវ៉ា​ដោយ​ក្រុម​អ្នក​គាំទ្រ​ប្រធានាធិបតី​ Donald Trump ប្រដាប់​ដោយ​អាវុធ​អាច​នឹង​កើត​ឡើង​នៅ​រដ្ឋ​ទាំង​ ៥០ ចាប់​ពី​ថ្ងៃ​សៅរ៍​ រហូត​ដល់​ថ្ងៃ​លោក​ Biden ចូល​កាន់​អំណាច​។

កាល​ពី​ថ្ងៃ​ទី ​៦ ខែមករា ​មាន​ទាហាន​ឆ្មាំ​ជាតិ​ត្រឹម​តែ​ជាង​ ១០០ នាក់​ប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​​ពង្រាយ​នៅ​វ៉ាស៊ីនតោន​ ដើម្បី​ធ្វើ​ការ​យាម​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ និង​ច្រក​ចូល​ស្ថានីយ​រថភ្លើង​ក្រោម​ដី​។ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការ​ធ្វើ​កុបកម្ម​ ទាហាន​ឆ្មាំ​ជាតិ​រដ្ឋធានី​វ៉ាស៊ីនតោន​ ១ ១០០ នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​​​​កាន់​អគារ​សភា​។ នៅ​ថ្ងៃ​បន្ទាប់​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា ​​​អំពើ​ហិង្សា​អាច​កើត​ឡើង​ មន្ត្រី​យោធា​បាន​ស្នើសុំ​ឱ្យ​អភិបាល​រដ្ឋ​ជិត​ខាង​ជួយ​បញ្ជូន​ទាហាន ៦ ២០០ នាក់​បន្ថែម​។

មក​ដល់​ពេល​នេះ ​រដ្ឋធានី​វ៉ាស៊ីន​តោន​ គឺ​មាន​លក្ខណៈ​កាន់​​តែ​ស្រដៀង​នឹង​ជំរំ​យោធា​ ដោយសារ​មាន​ទាហាន​ដើរ​ល្បាត​កាន់​តែ​ច្រើន​ការ​ដាក់​រនាំង​បិទ​ផ្លូវ​ ការ​ដាក់​របង​បន្លា​នៅ​អគារ​សំខាន់ៗ និង​ការ​ដាក់​បម្រាម​គោចរ​ពី​ម៉ោង​ ៦ យប់​ដល់​ ៦ ព្រឹក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កង​ឆ្មាំ​ជាតិ​អាមេរិក​ គឺ​ជា​ប្រភេទ​កង​ជីវពល​​ដើរ​តួ​ជា​ទាហាន​បម្រុង​នៃ​កង​ទ័ព​ជើង​គោក និង​កង​ទ័ព​ជើង​អាកាស​អាមេរិក​។ រដ្ឋ​នីមួយៗ​នៃ​សហរដ្ឋ​អាមេរិក​ មាន​កង​ឆ្មាំ​ជាតិ​រៀងៗ​ខ្លួន​ ដែល​ជា​ធម្មតា​ស្ថិត​ក្រោម​អំណាច​របស់​អភិបាល​រដ្ឋ​នោះ ​ដោយ​ជា​រឿយៗ​អភិបាល​រដ្ឋ​បាន​ប្រើប្រាស់​កង​ឆ្មាំ​ជាតិ​ក្នុង​ការ​បង្ក្រាប​​​ក្រុម​បាតុករ​ហិង្សា​ ឬ​បំពេញ​បេសកកម្ម​សន្តិសុខ​ផ្សេងៗ។ ក្រសួង​ការពារ​ជាតិ​អាមេរិក​អាច​ទាញ​យក​កង​ឆ្មាំ​ជាតិ​មក​ប្រើប្រាស់​ក្នុង​គោល​បំណង​ខាង​លើ​ ឬ​បញ្ជូន​ទាហាន​កង​ឆ្មាំ​ជាតិ​ទៅ​ធ្វើ​សង្គ្រាម​នៅ​បរទេស​៕

អត្ថបទគួរចាប់អារម្មណ៍