កាល​ពី​ថ្ងៃ​អាទិត្យ ទី ២៨ មីនា​នេះ ​ទាហាន​មីយ៉ាន់ម៉ា​បាន​បើក​ការ​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​មនុស្ស​ចូលរួម​ពិធី​បុណ្យសព​របស់​បាតុករ ១ រូប ​ដែល​ក្នុង​ចំណោម​បាតុករ​ចំនួន ១១៤ រូប ​ស្លាប់ ១ ថ្ងៃ​មុន។

សាក្សី​បាន​ឱ្យ​ដឹង​ថា​ បន្ទាប់​កាំភ្លើង​បាន​ផ្ទុះឡើង​អ្នក​កាន់​ទុក្ខ​បាន​រត់គេច​ពី​ពិធី​បុណ្យសព​របស់​និស្សិត​អាយុ ២០ ឆ្នាំ ឈ្មោះ ThaeMaungMaung ប៉ុន្តែ​មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​ភ្លាមៗ​អំពី​អ្នក​ស្លាប់​ និង​របួស​ទេ។ ព្រឹត្តិការណ៍​នេះ​បាន​កើត​ឡើង​នៅ​ទីក្រុង Bago ដែល​ស្ថិត​ជិត​អតីត​រដ្ឋធានី Yangon។

ពិធី​បុណ្យ​សព​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ បាន​ក្លាយ​ជា​ឱកាស​ដើម្បី​បាតុកម្ម​តវ៉ា​នឹង​រដ្ឋាភិបាល​យោធា។

នៅ​ទីក្រុង Bhamo ភាគ​ខាង​ជើង​រដ្ឋ Kachin មាន​ក្រុម​មនុស្ស​ជាច្រើន​ស្រែក​ពាក្យស្លោក​ប្រជាធិបតេយ្យ​ហើយ​បាន​លើក​ម្រាមដៃ ៣ ដែល​ជា​និមិត្តរូប​នៃ​ការ​ប្រឆាំង​នឹង​ដណ្ដើម​អំណាច​ក្នុង​ពិធី​បុណ្យសព​ស្ត្រី​អាយុ ៣៦ ឆ្នាំ​ម្នាក់ ​ឈ្មោះ ShweMyint ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កងសន្តិសុខ​កាល​ពី​ថ្ងៃ​សៅរ៍។

សារព័ត៌មាន​បណ្ដាញ​សង្គម​ក្នុង​ស្រុក​បាន​រាយការណ៍​ថា ​ដំបូង​ឡើយ​យោធា​បាន​រឹបអូស​យក​សាកសព​របស់​នាង ហើយ​បដិសេធ​មិន​ប្រគល់​ឱ្យ​វិញ លុះត្រា​តែ​ក្រុម​គ្រួសារ​របស់​នាង​បាន​ចុះហត្ថលេខា​លើ​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ការ​ស្លាប់​របស់​នាង​មិន​បណ្ដាល​មកពី​ពួក​គេ។

នៅ​ក្នុង​ទីក្រុង Yangon ក្រុម​អ្នក​កាន់​ទុក្ខ​បាន​លើក​ម្រាមដៃ ៣ នៅ​ពេល​ដែល​ហែសព​របស់​កុមារា​អាយុ ១៣ ឆ្នាំ ១ រូប ​ឈ្មោះ ​Sai Wai Yan ដែល​ត្រូវ​បាន​បាញ់​ស្លាប់​នៅ​ពេល​លេង​នៅ​ខាង​ក្រៅ​ផ្ទះ។

កាល​ពី​ថ្ងៃ​សៅរ៍ ទី ២៧ មីនា ដែល​ជា​ថ្ងៃ​ទិវា​កង​យោធា​មីយ៉ាន់ម៉ា ប្រទេស​នេះ​បាន​ចូល​កំណត់ត្រា​តួលេខ​ខ្ពស់ មួយ​នៃ​ចំនួន​អ្នក​ស្លាប់​តាំង​ពី​ការ​បាតុកម្ម​តវ៉ា​របប​យោធា​ចាប់​ផ្ដើម។ មនុស្ស ១១៤ នាក់​បាន​ស្លាប់ ដែល​ភាគ​ច្រើន​នៅ​ទីក្រុង Yangon និង ​Mandalay។ យោង​តាម​របាយការណ៍​ព័ត៌មាន យ៉ាង​ហោច​ណាស់​មាន​កុមារ​ចំនួន ៦ នាក់ ​ដែល​មាន​អាយុ​ចន្លោះ​ពី ១០ ទៅ ១៦ ឆ្នាំ គឺ​ក្នុង​ចំណោម​អ្នក​ស្លាប់។ ក្រុម​បាតុករ​បាន​ហៅ​ជន​រងគ្រោះ​ទាំង​នេះ​ថា «ផ្កាយ​ធ្លាក់»។

បើ​ទោះបី​មិន​មាន​ការ​រាយការណ៍​ថា ​មាន​បាតុកម្ម​ខ្នាត​ធំ​បាន​កើត​ឡើង​នៅ​ថ្ងៃ​អាទិត្យ សមាគម​ជំនួយ​សម្រាប់​អ្នក​ទោស​នយោបាយ​បាន​និយាយ​ថា​ មាន​មនុស្ស ១២ នាក់​ផ្សេង​ទៀត ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​ឧប្បត្តិហេតុ​ផ្សេងៗ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ធ្វើ​ឱ្យ​ចំនួន​ជន​ស៊ីវិល​ដែល​ត្រូវ​បាន​ស្លាប់​តាំងពី​រដ្ឋប្រហារ​ថ្ងៃទី ១ ខែកុម្ភៈ ​កើន​ដល់ ៤៥៩ នាក់។

បន្ថែម​ពី​លើ​នេះ​ពលរដ្ឋ​មីយ៉ាន់ម៉ា​រស់នៅ​ជិត​ព្រំដែន​រាប់ពាន់​នាក់​បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ថៃ បន្ទាប់​ពី​យោធា​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគ​តិច​ដែល​បាន​បង្កើន​ការ​វាយ​ប្រហារ​ពួក​គេ បន្ទាប់​ពី​ព្រឹត្តិការណ៍​រដ្ឋប្រហារ។

សហភាព​ជាតិ​ការ៉ែន (KNU) ដែល​ជា​ក្រុម​ប្រដាប់​អាវុធ ១ បាន​និយាយ​ថា យន្ដហោះ​ចម្បាំង​បាន​វាយ​ប្រហារ​លើ​ភូមិ Day Pu No ប្រហែល​ម៉ោង ៨:០០ ដោយ​ធ្វើ​មនុស្ស ២ នាក់​ស្លាប់ និង​បង្ខំ​អ្នក​ស្រុក​ឱ្យ​ជ្រកកោន​នៅ​កន្លែង​ផ្សេង​ទៀត។ មុន​ការ​វាយ​ប្រហារ​នេះ KNU បាន​លុកលុយ​ប៉ុស្តិ៍​យោធា​មួយ​នៅ​ជិត​ព្រំដែន​ដោយ​បាន​សម្លាប់​មនុស្ស ១០ នាក់។

ក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​បាន​ផ្ទុះ​ឡើង​រវាង​កងទ័ព និង​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគ​តិច​មួយ​ចំនួន ដែល​គ្រប់គ្រង​ទឹកដី​នៅ​ក្នុង​ប្រទេស។

ការ​ប្រយុទ្ធ​គ្នា​មួយ​ទៀត​ក៏​បាន​ផ្ទុះ​ឡើង​ផង​ដែរ​កាល​ពី​ថ្ងៃ​អាទិត្យ ជាមួយ​ក្រុម​ប្រដាប់អាវុធ​មួយ​ទៀត​ឈ្មោះ​ថា កងទ័ព​ឯករាជ្យ​កាឈីន (KIA) នៅ​តំបន់​ជីក​រ៉ែ​ត្បូង​ថ្លើម​ថ្ម ឬ​ថ្ម​ហ្គិច​ខាង​ជើង​ប្រទេស។

អំពើហិង្សា​ដែល​កំពុង​កើន​ឡើង​នេះ បាន​ជំរុញ​ឱ្យ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​មីយ៉ាន់ម៉ា លោក Tom Andrews ធ្វើ​ការ​ចោទ​ប្រកាន់​រដ្ឋាភិបាល​យោធា​បាន​ប្រព្រឹត្ត «ឃាតកម្ម​ទ្រង់ទ្រាយ​ធំ» និង​រិះគន់​សហគមន៍​អន្តរជាតិ​ថា ​មិន​បាន​ធ្វើ​អ្វី​គ្រប់គ្រាន់ ​ដើម្បី​បញ្ឈប់​រឿង​នេះ។

ការ​រិះគន់​ពី​បរទេស ការ​ដាក់​ទណ្ឌកម្ម​ពី​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន និង​ការ​ធ្វើ​បាតុកម្ម​ស្ទើរ​តែ​រាល់​ថ្ងៃ​នៅ​ទូទាំង​ប្រទេស​ដែល​ចាប់​ផ្ដើម​តាំង​ពី​ពេល​របប​យោធា​បាន​កាន់​អំណាច និង​ឃុំ​ខ្លួន​មេ​ដឹកនាំ​ស៊ីវិល​លោកស្រី​ អ៊ុងសាន ស៊ូជី បាន​បរាជ័យ​ក្នុង​ការ​បញ្ចុះបញ្ចូល​ឱ្យ​មេ​ដឹកនាំ​យោធា​បោះបង់​អំណាច​ពួក​គេ។

បណ្ដា​ប្រទេស​ដែល​រួមមាន​សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ និង​សហភាព​អឺរ៉ុប​បាន​ធ្វើ​ការ​ថ្កោលទោស​ជាថ្មី​ម្ដង​ទៀត ​ចំពោះ​អំពើ​ហិង្សា​នេះ។

«វា​ជា​រឿង​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច វា​មិន​គួរ​ឱ្យ​ជឿ» ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​និយាយ​បែប​នេះ​ហើយ​បន្ត​ទៀត​ថា៖ «ផ្អែក​តាម​របាយការណ៍​ខ្ញុំ​ទទួល​បាន​ថា ​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​សម្លាប់ ដោយ​មិន​ចាំបាច់»។

មន្ត្រី​ការ​ទូត​កំពូល​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​ទាមទារ​ឱ្យ​មេ​ដឹកនាំ​យោធា​ចុះ​ចេញ​ពី​តំណែង ដោយសារ​អ្វី​ដែល​លោក​ហៅ​ថា​ជា «ផ្លូវ​ឥត​ន័យ» នៃ​ការ​អំពើ​ហិង្សា​ប្រឆាំង​នឹង​ប្រជាជន​របស់​ពួក​គេ។

លោក Borrell បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «យើង​នឹង​បន្ត​ប្រើ​យន្តការ​របស់​សហភាព​អឺរ៉ុប​ដែល​រួម​មាន​ការ​ដាក់ទណ្ឌកម្ម ដើម្បី​កំណត់​គោលដៅ​ទៅ​លើ​ជនល្មើស​នៃ​អំពើហិង្សា​នេះ និង​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ងាក​ចេញ​ពី​មាគ៌ា​ប្រជាធិបតេយ្យ និង​សន្តិភាព​របស់​មីយ៉ាន់ម៉ា»។

យោធា​របស់​ប្រទេស​មីយ៉ាន់ម៉ា ​បាន​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃទី ១ ខែ​កុម្ភៈ ដោយ​និយាយ​ថា ការ​បោះឆ្នោត​កាល​ពី​ខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លង​ទៅ ដែល​គណបក្ស​របស់​លោក​ស្រី ​ស៊ូជី ​ទទួល​ជ័យជម្នះ គឺ​ត្រូវ​លួច​បន្លំ ដែល​ជា​ការ​អះអាង​មួយ​ច្រានចោល​ដោយ​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត។ លោកស្រី ​ស៊ូជី ​នៅ​តែ​ស្ថិត​ក្នុង​ការ​ឃុំឃាំង​នៅ​ទីតាំង​សម្ងាត់​មួយ ហើយ​សមាជិក​ជា​ច្រើន​ទៀត​នៃ​គណបក្ស​របស់​លោក​ស្រី​ក៏​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ផងដែរ៕