ក្រុងហ្ស៊េរុយសាឡិមៈ កងទ័ព បាននិយាយថា អ្នកបើកបរប៉ាឡេស្ទីនម្នាក់កាលពីថ្ងៃសៅរ៍ បានបើករថយន្តបំបុកក្រុមទាហានអ៊ីស្រាអែលនៅក្នុងតំបន់វេសប៊ែងដោយបានបណ្តាលឲ្យបីនាក់រងរបួសស្រាល។
កងទ័ព បាននិយាយទៀតថា ការវាយប្រហារនោះ បានកើតឡើង ខណៈក្រុមទាហាន កំពុងធ្វើការល្បាតនៅក្នុងភូមិ Husan នៅភាគពាយព្យនៃក្រុង Bethlehem។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ព បាននិយាយថា ទាហានទាំងបីនាក់នោះ រងរបួសស្រាល និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយពីទទួលជំនួយជាដំបូង។
កងទ័ពនោះ បានបន្ថែមថា ការស្រាវជ្រាវរកជនសង្ស័យ បើករថយន្តបំបុកទាហានទាំងនោះ កំពុងដំណើរការ។
កាលពីខែមីនា ទាហានអ៊ីស្រាអែលពីរនាក់ ត្រូវបានគេសម្លាប់ និងពីរនាក់ផ្សេងទៀតរងរបួស នៅពេលពលរដ្ឋប៉ាឡេស្ទីនម្នាក់ បានបើករថយន្តបំបុកទាហានមួយក្រុមនៅក្នុងតំបន់វេសប៊ែងនោះ៕PSA