ក្រុង​ញូវដែលី៖ ​កងទ័ព​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ជម្លោះ​ព្រំដែន​យ៉ាង​យូរ​រវាង​មហា​អំណាច​អាស៊ី​​ឥណ្ឌា​ និង​ចិន ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​លើក​ដំបូង នៅ​ក្នុង​រយៈពេល​ជិត​កន្លះ​សតវត្សរ៍ ​ដោយ​​ទាហាន​ឥណ្ឌា​យ៉ាង​តិច ​២០ ​នាក់​បាន​ស្លាប់​ នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ហិង្សា។ ​

ក្រុម​អ្នក​ជំនាញ​បាន​ព្រមាន​ថា​ ការ​ប៉ះ​ទង្គិច​គ្នា​នៅ​តាម​បណ្តោយ​ព្រំដែន​ភ្នំ​ហិមាល័យ ​គឺ​ជា​ការ​វិវឌ្ឍ​គួរ​ឲ្យ​ព្រួយ​បារម្ភ ​ដែល​អាច​កើន​កម្តៅ​ជាង​នេះ​ទៀត​ បន្ទាប់​ពី​ភាព​តាន​តឹង​បាន​កើត​ឡើង​ជា​ច្រើន​សប្តាហ៍ ​និង​ការ​ដាក់​ពង្រាយ​ទាហាន​រាប់​ពាន់​នាក់​បន្ថែម​ទៀត​ពី​ភាគី​ទាំង ​២​។

ជម្លោះ​វាយ​តប់​គ្នា​បាន​កើត​ឡើង​ជា​ញឹកញាប់​ រវាង​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ទាំង ២ ​របស់​ពិភព​លោក ឆ្លង​ព្រំ​ដែន​ប្រវែង ​៣ ៥០០ ​គីឡូ​ម៉ែត្រ​ ប៉ុន្តែ​មិន​ដែល​មាន​​នរណា​ម្នាក់​បាន​ស្លាប់​ទេ​ ចាប់​តាំង​ពី​ឆ្នាំ ​១៩៧៥ ​មក។

ក្រុង​ប៉េកាំង ​និង​ក្រុង​ញូវដែលី ​បាន​ស្តី​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​ការ​ប៉ះ​ទង្គិច​គ្នា ​នៅ​ក្នុង​ភូមិសាស្ត្រ​សម្បូរ​ដោយ​ថ្ម និង​ជា​ទី​គ្រោះថ្នាក់​នៃ​ជ្រលង​ភ្នំ​ហ្គាល់វ៉ាន​ដ៏​សំខាន់​ដែល​លាត​សន្ធឹង​នៅ​ចន្លោះ​តំបន់​ទីបេ​របស់​ចិន និង​តំបន់​ឡាដាក់ហ៍​របស់​ឥណ្ឌា​។ ​​

ប្រភព​កង​ទ័ព​ឥណ្ឌា​នៅ​តំបន់​នោះ​បាន​ប្រាប់​ AFP ថា ឧប្បត្តិហេតុ​នោះ​មិន​ទាក់​ទិន​ការ​បាញ់​ប្រហារ​ទេ​ ប៉ុន្តែ​ការ​ប៉ះ​ទង្គិច​ដៃ​ទល់​ដៃ​ដោយ​ហិង្សា។

សារព័ត៌មាន​ Hindustan ​បាន​រាយការណ៍​ថា ​ទាហាន​ទាំង​នោះ​ដាល់​គ្នា ​និង​គប់​ដុំ​ថ្ម​គ្នា​ទៅ​វិញ​ទៅ​មក ​ដោយ​ទាហាន​ចិន​បាន​វាយ​ប្រហារ​ទៅ​លើ​សម​ភាគី​ឥណ្ឌា​របស់​ពួក​គេ​ដំបង​ឈើ ​និង​ដំបង​​ដែក​គោល​នៅ​ក្នុង​អំឡុង​ការ​ប្រយុទ្ធ​គ្នា​ រយៈពេល​ជាង​ ៦ ​ម៉ោង​។ ​

ពី​ដំបូង​ឡើយ ​ឥណ្ឌា​បាន​ដាក់​ចំនួន​អ្នក​ស្លាប់​ត្រឹម​តែ ​៣ ​នាក់​ទេ​។

ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ​កងទ័ព​នោះ​បាន​បន្ថែម​ថា ​ទាហាន ​១៧ ​នាក់​បន្ថែម​ទៀត​ ដែល​បាន​រង​របួស​ធ្ងន់ធ្ងរ ​ពិបាក​ទ្រាំ​នឹង​សីតុណ្ហភាព​ក្រោម​សូន្យ ​និង​ធ្វើ​ឲ្យ​របួស​របស់​ពួក​គេ​ឈឺ​កាន់​តែ​ខ្លាំង។

កងទ័ព​ឥណ្ឌា​បាន​និយាយ​ថា ​មាន​អ្នក​ស្លាប់ ​និង​របួស​ទាំង​សង​ខាង​។

ក្រសួង​ការពារ​ជាតិ​ចិន​បាន​អះអាង​ថា​ ឧប្បត្តិហេតុ​នេះ​បាន​បណ្តាល​ឲ្យ​មាន​ស្លាប់ ​និង​របួស​ ប៉ុន្តែ​មិន​បាន​ថ្លែង​ថា​ ជន​រងគ្រោះ​ទាំង​នោះ​ជា​ជនជាតិ​អ្វី​ទេ​ឬ​ក៏​សេចក្តី​លម្អិត​នោះ​ទេ​។

អាមេរិក​ដែល​មាន​ភាព​ចម្រូងចម្រាស​ជាមួយ​ចិន​កាន់​តែ​កើន​ឡើង​ ប៉ុន្តែ​មើល​ឃើញ​ឥណ្ឌា​ជា​សម្ព័ន្ធមិត្ត​ដែល​ទើប​តែ​ងើប​ឡើង​នោះ​ បាន​និយាយ​ថា ខ្លួន​សង្ឃឹម​ថា​មាន​ដំណោះ​ស្រាយ​មួយ​ដោយ​សន្តិវិធី និង​ថា ខ្លួន​កំពុង​ធ្វើ​ការ​តាម​ដាន​ស្ថានការណ៍​នេះ​ យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​។ ​

អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំង ​២​ ធ្វើ​ការ​អត់ធ្មត់​ជា​អតិបរមា។

អតីត​ឯក​អគ្គរដ្ឋ​ទូត​ឥណ្ឌា​​ប្រចាំ​នៅ​ចិន​ និង​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ Nirupama Menon Rao ​បាន​ព្រមាន​ថា​៖ «​យើង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង ​២​»៕ AFP/PSA