ក្រុង​ហ្សាការតាៈ​ ទាហាន​ឥណ្ឌូនេស៊ី​រាប់​ម៊ឺន​នាក់​ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ដង​ផ្លូវ​នានា​នៃ​ក្រុង​ហ្សាការតា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ខណៈ​ឱសាន​វាទ​បាន​ឈាន​ដល់​សម្រាប់​អ្នក​ប្រជែង​តំណែង​ប្រធានាធិបតី​ ដើម្បី​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍​ជុំវិញ​ការ​អះអាង​ពី​ការ​លួច​បន្លំ​យ៉ាង​ទូលំ​ទូលាយ ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​មុន​នេះ​។

យ៉ាង​តិច​មនុស្ស ​៦ ​នាក់ ​បាន​ស្លាប់ ​ដែល​តាម​ការ​រាយការណ៍​ក្នុង​នោះ​ មាន​សិស្ស​​វិទ្យាល័យ​វ័យ ​១៧ ​ឆ្នាំ ​ម្នាក់​ក្រោយ​ពី​មាន​អំពើ​កុបកម្ម ​២ ​រាត្រី​ ខណៈ​ប៉ូលិស​បាន​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​អ្នក​តវ៉ា ​ដែល​ប្រឆាំង​នឹង​លោក ​ជូកូ ​វីដូដូ​ ដែល​ជាប់​ឆ្នោត​ប្រធានាធិបតី​ជា​ថ្មី។

អំពើ​ហិង្សា​នោះ ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​អះអាង​ពី​គូ​ប្រជែង​របស់​លោក​ វីដូដូ​ គឺ​លោក ​Prabowo Subianto​ ជា​ឧត្តមសេនីយ៍​ចូល​និវត្តន៍​ថា ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី ​១៧ ​ខែ ​មេសា ​មាន​ការ​លួច​បន្លំ។

គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃ​អង្គារ ​បាន​អះអាង​ថា ​លោក ​វីដូដូ បាន​រង​ការ​រិះគន់​ពី​លោក​​​ Subianto ដែល​គ្រោង​ដាក់​ពាក្យ​បណ្តឹង​ផ្លូវ​ការ​នៅ​តុលាការ​រដ្ឋ​ធម្មនុញ្ញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។

បុរស​វ័យ ​៦៧ ​ឆ្នាំ​រូប​នេះ​ បាន​អំពាវនាវ​ឲ្យ​ភាព​ស្ងប់ស្ងាត់​ និង​បាន​ថ្លែង​ថា​ លោក​ នឹង​បន្ត​ដំណើរការ​តាម​ផ្លូវ​ច្បាប់​ដើម្បី​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​នោះ​ដោយ​ការ​ប្រឆាំង​របស់​លោក​នឹង​លោក ​វីដូដូ ​កាល​ពី​ឆ្នាំ ​២០១៤ បាន​បរាជ័យ។

ក្រុម​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ និង​អ្នក​វិភាគ​មិន​ខ្វល់​ពី​ការ​អះអាង​របស់​លោក​ Subianto​ ទេ​។

ប៉ុន្តែ​ភាគ​ច្រើន​នៃ​អ្នក​គាំទ្រ​របស់​លោក​ទំនង​ជា​ជឿ​ថា​ មាន​ការ​លួច​បន្លំ​មិន​អាច​ទប់ស្កាត់​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​​ធំ​ទី​៣ ​នៅ​ក្នុង​ពិភព​លោក​ បន្ទាប់​ពី​ឥណ្ឌា ​និង​អាមេរិក។

ផ្លូវ​នានា​នៃ​រដ្ឋធានី​នេះ ​មាន​ភាព​ស្ងប់ស្ងាត់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ប៉ូលិស​ និង​ទាហាន​បាន​តាម​ដាន​សភាពការណ៍​នៅ​កណ្តាល​ក្រុង​នេះ​នៅ​ក្នុង​នោះ​មាន​អគារ​ទីភ្នាក់ងារ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ ដែល​ជា​ចំណុច​កណ្តាល​នៃ​ការ​ផ្ទុះ​អំពើ​ហិង្សា និង​វិមាន​ប្រធានាធិបតី ស្រប​ពេល​មាន​ការ​ភ័យ​ខ្លាច​កើត​មាន​ភាព​ចលាចល​ថែម​ទៀត៕ AFP/PSA ​