អង្គនីតិប្បញ្ញត្តិ​របស់​ប្រទេស​ចិន ​កំពុង​ជជែក​ដេញ​ដោល​លើ​សេចក្តី​ណែនាំ​ទាក់ទិន​នឹង​សេចក្តី​ព្រាង​មួយ​ដែល​នឹង​ធ្វើ​ឱ្យ​ទីក្រុង​ប៉េកាំង ខិតជិត​ទៅ​រក​ការ​គ្រប់គ្រង​ប្រព័ន្ធ​បោះឆ្នោត​របស់​ហុងកុង​ពេញ​លេញ​បន្ថែម​ទៀត ខណៈ​ដែល​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្នុង​តំបន់​ជិត​មក​ដល់។

បើ​ទោះបី​ជា ទីក្រុង​ប៉េកាំង មិន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​លម្អិត​ទាក់ទិន​នឹង​សេចក្ដី​ព្រាង​នេះ​ជា​សាធារណៈ​នៅ​ឡើយ ​ប៉ុន្តែ​នេះ គឺ​ជា​ការ​គូស​បញ្ជាក់​អំពី​ជំហាន​ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់ប្តូរ​យ៉ាង​ធំធេង ដែល​នឹង​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​ត្រួត​ពិនិត្យ​បេក្ខជន​សម្រាប់​ក្រុម​ប្រឹក្សា​នីតិប្បញ្ញត្តិ​របស់​ហុងកុង និង​រៀបចំ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​មួយ ដើម្បី​សម្រេច​ជ្រើសរើស​យក​ប្រធាន​ប្រតិបត្តិ​ប្រចាំ​តំបន់​នេះ។

ក្នុង​ចំណោម​គោលការណ៍​ដែល​បាន​ស្នើ​ឡើង​ដោយ​ទីក្រុង​ប៉េកាំង មាន​គោលការណ៍​មួយ​ចំនួន ដែល​មាន​បំណង​ចង់​បង្កើន​ទំហំ​ក្រុម​ប្រឹក្សាធម្មនុញ្ញ និង​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ទីក្រុង​ហុងកុង។ គណៈកម្មាធិការ​នោះ ក៏​នឹង​ត្រួត​ពិនិត្យ​បេក្ខភាព​ដែល​ឈរ​ឈ្មោះ​សម្រាប់​មុខ​តំណែង​ជា​ក្រុមប្រឹក្សា​នីតិប្បញ្ញត្តិ​ទាំង​អស់ ដោយ​ធានា​ថា ​បេក្ខភាព​ខាង​ទីក្រុង​ប៉េកាំង​និង​មាន​វត្តមាន​ភាគ​ច្រើន​នៅ​ក្នុង​ស្ថាប័ន​នីមួយៗ។

នៅ​ក្នុង​សុន្ទរកថា​មួយ​កាល​ពី​សប្តាហ៍​មុន លោក Xia Baolong មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​ហុងកុង​បាន​និយាយ​ថា៖ «អំណាច​រដ្ឋបាល​នៅ​ហុងកុង ត្រូវ​តែ​រក្សា​នៅ​ក្នុង​ដៃ​អ្នក​ស្នេហា​ជាតិ​ចិន»។

លោក Eric Tsang មន្ត្រី​ជាន់​ខ្ពស់​នៅ​ហុងកុង​បាន​ឱ្យ​ដឹង​បន្ថែម​ពីនេះ​ទៀតថា៖ «អ្នក​មិន​អាច​និយាយ​ថា អ្នក​ជា​អ្នក​ស្នេហា​ជាតិ​បាន​ទេ បើ​អ្នក​មិន​ស្រឡាញ់ ​ឬ​គោរព​ការ​ដឹកនាំ​របស់​បក្ស​កុម្មុយនីស្ត​ចិន​នោះ»។

មន្ត្រី​ដែល​ត្រូវ​បាន​តែងតាំង​ពី​ទីក្រុង​ប៉េកាំង​បាន​ត្រៀម​រៀបចំ​ការ​ផ្លាស់ប្តូរ​ការ​បោះឆ្នោត​ទាំងនេះ​អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍​មុន​នឹង​មាន​កិច្ច​ប្រជុំ​នយោបាយ​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ចិន ​មក​ដល់។

នាយក​ប្រតិបត្តិ​បច្ចុប្បន្ន​របស់​ហុងកុង អ្នកស្រី Carrie Lam បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាល​ពី​ខែ​មុន​ថា៖ «ការ​ដែល​ចិន​ចង់​ឱ្យ​មាន​ការ​កែ​តម្រូវ​ប្រព័ន្ធ និង​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ហុងកុង​នេះ​ក៏​ដោយ​សារ​ចង់​ឱ្យ​ប្រាកដប្រជា​ថា ​អ្នក​ដែល​កំពុង​គ្រប់គ្រង​ទីក្រុង​ហុងកុង ​គឺ​ជា​អ្នក​ស្នេហា​ជាតិ​ពិត​ប្រាកដ»។

ការ​ប្រកាស​ជា​សាធារណៈ​អំពី​សំណើ​នេះ បាន​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ដោយ​មន្ត្រី​ជាន់​ខ្ពស់​បក្ស​កុម្មុយនីស្ត​ម្នាក់ ​គឺ​លោក Zhang Yesui។ ភ្លាមៗ​នោះ​ប្រព័ន្ធ​បោះឆ្នោត​របស់​ហុងកុង​ទើប​លេច​ឡើង​នៅ​ក្នុង​របៀបវារៈ​នៃ​សន្និបាត​ប្រជាជន​ជាតិ​របស់​ប្រទេស​ចិន ​ប៉ុន្មាន​ម៉ោង មុន​កិច្ច​ប្រជុំ​នយោបាយ​ប្រចាំ​ឆ្នាំ​ប៉ុណ្ណោះ។ ដោយ​ឡែក សភា​ចិន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អនុម័ត​គោលការណ៍​ដែល​ស្នើ​ឡើង​នេះ ត្រឹម​ថ្ងៃទី ១១ ខែ​មីនា ​ស្រប​ពេល​ដែល​កិច្ច​ប្រជុំ​បញ្ចប់​ដូច​គ្នា ហើយ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាន់​ខ្ពស់​នឹង​បង្កើត​ច្បាប់​អនុវត្ត​លម្អិត​បន្ថែម​ទៀត​​នៅ​ពេល​ក្រោយ។

លោក Simon Cartledge អ្នក​និពន្ធ​សៀវភៅ​នៅ​លើ​ប្រព័ន្ធ​នយោបាយ​ទីក្រុង​ហុងកុង​នេះ​បាន​និយាយ​ថា៖ «នេះ​ជា​ការ​ផ្ដល់​ឱកាស​ឱ្យ​ទីក្រុង​ប៉េកាំង គ្រប់គ្រង​ទីក្រុង​នេះ​បន្ថែម​ទៀត។ ប៉ុន្តែ ខ្ញុំ​មើល​មិន​ឃើញ​ថា ការ​ផ្លាស់ប្ដូរ​ថ្មី​នេះ នឹង​អាច​ដោះស្រាយ​បញ្ហា​អភិបាលកិច្ច​សំខាន់ ដែល​កំពុង​កើត​ឡើង​នៅ​ហុងកុង​បាន​ប៉ុនណា​នោះ​ទេ ប៉ុន្តែ​ដំណោះស្រាយ​ដែល​មិន​មាន​គណនេយ្យភាព​របស់​រដ្ឋាភិបាល​នេះ​សឹង​តែ​មិនមែន​ជា​ការ​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​ហុងកុង​ទាល់​តែសោះ»។

ទីក្រុង​ហុងកុង បាន​វិល​ត្រឡប់​មក​ស្ថិត​ក្នុង​ការ​គ្រប់គ្រងរ​បស់​ប្រទេស​ចិន ​ក្នុង​ឆ្នាំ ១៩៩៧ ដោយ​ចិន​បាន​សន្យា​ថា នឹង​ធ្វើ​ឱ្យ​មាន​សិទ្ធិ​ស្វ័យភាព និង​សេរីភាព​ឱ្យ​ប្រជាជន​នៅ​តំបន់​នេះ។ ប៉ុន្តែ​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​បច្ចុប្បន្ន កំពុង​ត្រូវ​បាន​គេ​បោសសម្អាត​ចេញ​បណ្ដើរៗ និង​ពេលខ្លះ​ត្រូវ​បាន​ទីក្រុង​ប៉េកាំង ​ប្រើ​អំពើហិង្សា​ដាក់​តាំង​ពី​ឆ្នាំ ២០១៩ មក។

ផ្ទុយ​ទៅ​វិញ អតីត​នាយក​ប្រតិបត្តិ ២ រូប ​របស់​ហុងកុង​បែរ​ជំរុញ​ឱ្យ​ប្រជាជន​ខ្លួន​ប្រកាន់​ខ្ជាប់​នូវ​ការ​គ្រប់គ្រង​ពី​ទីក្រុង​ប៉េកាំង ទៅ​វិញ។ លោក​ Tung Chee-hwa នាយក​ប្រតិបត្តិ​ដំបូង​របស់​ទីក្រុង​ហុងកុង ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​នៃ​សន្និសីទ​ពិគ្រោះ​យោបល់​នយោបាយ​ប្រជាជន​ចិន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ កាល​ពី​ថ្ងៃ​សុក្រ ដោយ​លើក​ហេតុផល​ថា ​ទីក្រុង​ហុងកុង​បាន​ឈាន​ដល់​ចំណុច​កំពូល​មួយ ហើយ​ដែល​ត្រូវ​ការ «ការ​ធ្វើ​កំណែ​ទម្រង់» មួយ។

លោក Leung Chun-ying ដែល​ជា​នាយក​ប្រតិបត្តិ​ហុងកុង​ត្រឹម​ឆ្នាំ ២០១៧ និង​បច្ចុប្បន្ន​ជា​ប្រតិភូ​មួយ​រូប​នៅ​ក្នុង​អង្គ​នីតិប្បញ្ញត្តិ​របស់​ប្រទេស​ចិន បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​មួយ​ថា ក្រុម​ប្រឆាំង​នយោបាយ​ជា​ច្រើន នៅ​ក្នុង​តំបន់​គឺ «ក្រុម​បំបែក​ខ្លួន» ដែល​ប្រឆាំង​នឹង​ច្បាប់​របស់​ទីក្រុង​ប៉េកាំង។ លោក​បាន​និយាយ​ថា៖ «នៅ​ហុងកុង​អំណាច​ស្វយ័ត ដែល​យើង​ទទួល​សាទរ​សុទ្ធតែ​បាន​ពី​ទីក្រុង​ប៉េកាំង»។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​សមាជិក​នីតិប្បញ្ញត្តិ​ជាង​ពាក់កណ្តាល​ប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​ជ្រើសរើស​តាមរយៈ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ជា​សមាមាត្រ​មួយ​ដែល​កាន់​តែ​ធ្លាក់ចុះ​ថែម​ទៀត នៅ​ក្រោម​ប្រព័ន្ធ​កំណែ​ទម្រង់​ថ្មី​នេះ។ ដោយ​ឡែក​សម្រាប់​អាសនៈ​ផ្សេង​ទៀត​នៅ​ក្នុង​អង្គ​នីតិប្បញ្ញត្តិ ​និង​គណៈកម្មាធិ​​​ការ​រៀបចំ​ការ​បោះឆ្នោត ត្រូវ​បាន​ជ្រើសរើស​ដោយ​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក និង​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​គេ​លុប​ចោល​ផង​ដែរ៕