កាលពី​ថ្ងៃ​ពុធ​ទី ២៨ មេសា ក្រុង​ហុងកុង​បានអនុម័ត​ច្បាប់​អន្តោប្រវេសន៍​ថ្មី​មួយ​ដែល​រួមបញ្ចូល​ទាំង​អំណាច​ ដើម្បី​បញ្ឈប់​ប្រជាជន​ចូល ឬ​ចាកចេញ​ពី​ទីក្រុង​នេះ។

ច្បាប់​នោះ​អនុញ្ញាត​ឱ្យ​ប្រធាន​ផ្នែក​អន្តោប្រវេសន៍​របស់​ទីក្រុង​រារាំង​ប្រជាជន​មិនឱ្យ​ឡើង​ជិះ​យន្តហោះ​ធ្វើដំណើរ​ទៅ និង​មកពី​ទីក្រុង​ណាមួយ។ ច្បាប់​នេះ​គឺ​មិនចាំបាច់​មាន​ដីកា​ពី​តុលាការ​ទេ​ហើយ​ក៏​មិនមាន​បណ្តឹង​ឧទ្ធរណ៍​ដែរ។

គណៈមេធាវី​ហុងកុង (HKBA) បាន​និយាយ​កាលពី​ខែកុម្ភៈ​ថា៖ «ប្រសិនបើ​ច្បាប់​ថ្មី​រារាំង​ប្រជាជន​ហុងកុង និង​អ្នក​ដទៃទៀត​ពី​ការចាកចេញ​ពី​តំបន់​នេះ វា​គួរតែ​តុលាការ​ជា​អ្នកសម្រេច​មិនមែន​ប្រធាន​ជា​អ្នកសម្រេចចិត្ត​នៅពេល​ចាំបាច់​ក្នុង​ការហាមឃាត់​ការធ្វើ​ដំណើរ​នោះទេ»។

លោកស្រី Chow Hang-tung មកពី​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ​ហុងកុង​បាន​និយាយថា៖ «យើង​បានឃើញ​ការអនុវត្ត​របស់​ចិន​ក្នុង​ការបង្ក្រាប​ក្រុម​អ្នកប្រឆាំង និង​មេធាវី​សិទ្ធិមនុស្ស​តាមរយៈ​ការរឹតត្បិត​លើ​ការធ្វើដំណើរ​របស់​ពួកគេ​នៅក្នុង និង​ក្រៅប្រទេស»៕