កាលពីថ្ងៃចន្ទ ទី ២៦ ខែតុលា ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតដើម្បីបញ្ជាក់ពីការគាំទ្របេក្ខជនចៅក្រមតុលាការកំពូលលោកស្រី Amy Coney Barrett ឱ្យចូលកាន់តំណែង។ ជាលទ្ធផលទទួលបានសំឡេងគាំទ្រ ៥២ លើ ៤៨ សំឡេង។
ការតែងតាំងនេះធ្វើឡើងប្រមាណ ១ សប្ដាហ៍ប៉ុណ្ណោះ មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី ៣ ខែវិច្ឆិកា និង ១ ខែ ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសជ្រើសរើសលោកស្រីជាបេក្ខភាពចៅក្រមតុលាការកំពូល។
កាលពីថ្ងៃអាទិត្យ មេដឹកនាំសំឡេងភាគច្រើនក្នុងព្រឹទ្ធសភាលោក Mitch McConnell បាននិយាយថា៖ «ព្រឹទ្ធសភាកំពុងតែធ្វើអ្វីដែលត្រឹមត្រូវ។ យើងនឹងបញ្ជូននីតិវិធីតែងតាំងចៅក្រមតុលាការកំពូលទៅមុខបន្តទៀត ហើយនៅយប់ថ្ងៃស្អែកយើងនឹងមានសមាជិកថ្មីក្នុងតុលាការកំពូលសហរដ្ឋអាមេរិក»។
ឆ្លើយតបនឹងការប្រកាសរបស់លោក McConnell លោកChuck Schumer មេដឹកនាំសំឡេងភាគតិចក្នុងព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យបាននិយាយថា៖ «កាលពី ៤ ឆ្នាំមុន ស្ទើរតែគ្រប់សមាជិកមកពីបក្សសាធារណរដ្ឋទាំងអស់នៅក្នុងព្រឹទ្ធសភា ដែលដឹកនាំដោយមេដឹកនាំសំឡេងភាគច្រើន បានបដិសេធមិនពិចារណាសូម្បីតែបន្តិច ចំពោះការតែងតាំងចៅក្រមតុលាការកំពូលរបស់ប្រធានាធិបតីបក្សប្រជាធិបតេយ្យ ដោយសម្អាងលើហេតុផលថា យើងគួរតែរង់ចាំរហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតី ព្រោះប្រជាជនអាមេរិកសមនឹងអាចមានសំឡេងនៅក្នុងការជ្រើសរើសចៅក្រមថ្មី»។
ជាការកត់សម្គាល់ សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យបានព្យាយាមប្រើប្រាស់នីតិវិធីគ្រប់បែបយ៉ាង ដើម្បីបន្ថយល្បឿន ឬបញ្ឈប់ការតែងតាំងចៅក្រមតុលាការកំពូលទី៣ របស់លោក Trump នេះ បើទោះបីជាដឹងហើយថា នីតិវិធីតែងតាំងនេះនឹងនៅតែដើរទៅមុខ ដោយសារបក្សសាធារណរដ្ឋមានសំឡេងភាគច្រើន ៥៣-៤៧ ដែលគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ដក៏ដោយ។
កាលពីសប្ដាហ៍មុនសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យបានធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតរបស់គណៈកម្មាធិការតុលាការនៃព្រឹទ្ធសភាក្នុងន័យបង្អាក់នីតិវិធីការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ដតែងតាំង ប៉ុន្តែមិនជោគជ័យឡើយ ដោយសារសមាជិកបក្សសាធារណរដ្ឋ នៅតែបោះឆ្នោតបញ្ជូនការតែងតាំងនេះទៅមុខ។
សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យទាំង ៤៥ រូប សមាជិកបក្សឯករាជ្យ ២ រូប និងសមាជិកបក្សសាធារណរដ្ឋ ១ រូប បានបោះឆ្នោតប្រឆាំងនឹងការបញ្ជាក់ការតែងតាំងនេះ។
គួរជម្រាបថា ការតែងតាំងលោកស្រី Barrett នឹងធ្វើឱ្យចៅក្រមអភិរក្សនិយមមានសំឡេងភាគច្រើន គឺ ៦ សំឡេង ធៀបនឹងសំឡេងភាគតិចតែ ៣ សំឡេង នៃចៅក្រមសេរីនិយម។ ដូច្នេះការតែងតាំងនេះ ធ្វើឱ្យតុលាការកំពូលអាមេរិកមានភាពលម្អៀងទៅតាមគោលនយោបាយរបស់លោក Trump។
អ្នកនយោបាយមកពីបក្សប្រជាធិបតេយ្យជាច្រើន បានបង្ហាញភាពព្រួយបារម្ភថា តុលាការកំពូលអភិរក្សនិយមអាចនឹងលុបបំបាត់សមិទ្ធផលរបស់បក្សពួកគេ ដូចជា ច្បាប់ Affordable Care Act ដែលគេហៅថា Obamacare និងសិទ្ធិក្នុងការរំលូតកូនជាដើម។ សព្វថ្ងៃមានពាក្យបណ្ដឹងមិនទាន់បានសម្រេចមួយចំនួននៅចំពោះមុខតុលាការកំពូល ដែលទាក់ទងនឹងការបោះឆ្នោតតាមប្រអប់សំបុត្រ។ ការសម្រេចចិត្តរបស់តុលាការកំពូលលើពាក្យបណ្ដឹងទាំងនេះ អាចនឹងមានឥទ្ធិពលដល់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខផងដែរ។
កាលពីខែកក្កដា ទស្សនាវដ្ដី Newsweek បានចុះអត្ថបទវិភាគមួយដោយលើកឡើង អំពីសេណារីយ៉ូមួយថា លោក Trump អាចបន្តធ្វើប្រធានាធិបតី បើទោះបីជាលោកចាញ់ឆ្នោតក៏ដោយ។ ក្នុងសេណារីយ៉ូនោះ អ្នកនិពន្ធបានបង្ហាញពីឥទ្ធិពលរបស់តុលាការកំពូលក្នុងការដោះស្រាយជម្លោះសន្លឹកឆ្នោត។ បើសិនការសម្រេចរបស់តុលាការកំពូលបានធ្វើឱ្យគ្មានបេក្ខជនណា ១ ទទួលបានសំឡេង ២៧០ គ្រប់គ្រាន់សម្រាប់ទទួលជ័យជម្នះ នោះ រដ្ឋសភានឹងជាអ្នកតែងតាំងប្រធានាធិបតី ហើយព្រឹទ្ធសភាជាអ្នកតែងតាំងអនុប្រធានាធិបតី។
តែការតែងតាំងប្រធានាធិបតីនៅសភាតំណាងរាស្ដ្រ ឬរដ្ឋសភា គឺប្រព្រឹត្តទៅដោយបែងចែកសមាជិកជាក្រុមទៅតាមរដ្ឋដែលពួកគេតំណាង ហើយក្រុមនីមួយៗ មានសំឡេងបោះឆ្នោតតែ ១ គត់ ដែលសរុបមានតែ ៥០ សំឡេងប៉ុណ្ណោះ។ សម្រាប់អាណត្តិបច្ចុប្បន្នបក្សប្រជាធិបតេយ្យមានសំឡេងភាគច្រើន ២៣២ ធៀបនឹងសំឡេង ១៩៨ របស់គណបក្សសាធារណរដ្ឋក្នុងសភាតំណាងរាស្ត្រ តែបើសិនបែងចែកសមាជិកទៅតាមរដ្ឋ ដែលពួកគេតំណាង គណបក្សសាធារណរដ្ឋមានក្រុមចំនួន ២៦ ហើយគណបក្សប្រជាធិបតេយ្យមាន ២៤ ក្រុម។ សេណារីយ៉ូ ត្រូវបានគូសវាសបញ្ចប់ដោយលោក Trump ដូច្នេះលោកនឹងត្រូវបានសភាតំណាងរាស្ត្រ ឬរដ្ឋសភាបោះឆ្នោតឱ្យបន្តតំណែងជាប្រធានាធិបតីបន្តទៀត។
សូមបញ្ជាក់ផងដែរថា ចៅក្រមតុលាការកំពូលអាមេរិកមានតួនាទីពិនិត្យធម្មនុញ្ញភាពនៃច្បាប់សហរដ្ឋអាមេរិក និងរដ្ឋនីមួយៗ ជម្លោះរវាងរដ្ឋ និងរដ្ឋធានាសិទ្ធិពលរដ្ឋតាមរដ្ឋធម្មនុញ្ញ និងពិនិត្យលើរឿងក្ដីដែលអាចមានឥទ្ធិពលនៅទូទាំងប្រទេស។ ចៅក្រមតុលាការកំពូលមានអាណត្តិពេញ ១ ជីវិត មានន័យថា ប្រធានាធិបតី ១ រូប អាចមានឥទ្ធិពលដោយប្រយោលលើនយោបាយសហរដ្ឋអាមេរិកជាច្រើនឆ្នាំ តាមរយៈការតែងតាំងចៅក្រមតុលាការកំពូលអាមេរិកនេះឯង៕