ក្រុងវ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក គឺលោក រ៉ូបឺត អូប្រៀន កាលពីថ្ងៃអង្គារ បានអំពាវនាវឲ្យកូរ៉េខាងជើងឈប់បង្កហេតុ ហើយងាកមករកតុចរចាវិញប្រសើរជាង។
ការអត្ថាធិប្បាយរបស់លោក រ៉ូបឺត អូប្រៀន បានធ្វើឡើងក្រោយពីប្រទេសកូរ៉េខាងជើង បានកម្ទេចការិយាល័យទំនាក់ទំនងអន្តរកូរ៉េមួយ ដោយសារមិនពេញចិត្ត ជុំវិញខិត្តប័ណ្ណឃោសនាប្រឆាំងក្រុងព្យុងយ៉ាង ដែលបានបង្ហោះចេញពីទឹកដីកូរ៉េខាងត្បូង ដោយក្រុមអ្នករត់ចោលប្រទេស ប៉ុន្តែបន្ទាប់មកកូរ៉េខាងជើង បានពន្យារផែនការចាត់វិធានការយោធា ប្រឆាំងកូរ៉េខាងត្បូង។
លោក រ៉ូបឺត អូប្រៀន បានថ្លែងថា អាមេរិកចង់ឃើញកូរ៉េខាងជើងទទួលបានអនាគតសេដ្ឋកិច្ចដ៏ភ្លឺស្វាង» មួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់មេដឹកនាំលោក គីម ជុងអ៊ុន ហើយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែប្តេជ្ញាធ្វើឲ្យ «សន្តិភាពយូរអង្វែង» នៅឧបទ្វីបកូរ៉េ។
លោក រ៉ូបឺត អូប្រៀន បានថ្លែងនៅក្នុងសិក្ខាសាលាដ៏សំខាន់មួយ ដែលបានរៀបចំធ្វើឡើងដោយមជ្ឈមណ្ឌល ដើម្បីផលប្រយោជន៍ជាតិថា៖ «ការរីកចម្រើនពិតប្រាកដនៅកូរ៉េខាងជើង មានការយឺតយ៉ាវ» ដោយបាននិយាយសំដៅទៅលើការចរចាលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរ រវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង។
លោកបានថ្លែងថា៖ «ប៉ុន្តែទ្វារចរចា និងការរីកចម្រើន នៅតែបើកចំហសម្រាប់កូរ៉េខាងជើងជានិច្ច»។
លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានជួបគ្នា ៣ ដង ចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៨ ដើម្បីព្យាយាមឲ្យឈានទៅរកកិច្ចព្រមព្រៀងមួយ ស្តីពីការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជាថ្នូរទៅនឹងការធ្វើសម្បទានរបស់អាមេរិក។
នៅក្នុងជំនួបកំពូលដំបូងនៅក្នុងប្រទេសសិង្ហបុរី ក្រុមមេដឹកនាំប្រទេសទាំង ២ បានយល់ព្រមធ្វើការឲ្យឈានទៅរកការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរទាំងស្រុង នៅឧបទ្វីបកូរ៉េ ធ្វើឲ្យទំនាក់ទំនងទ្វេភាគីបានល្អប្រសើរ និងធ្វើឲ្យរបបមួយនេះមានសន្តិភាពយូរអង្វែង។
ការអនុវត្តកិច្ចព្រមព្រៀងនោះ បានជាប់គាំងស្របពេលមានការខ្វែងគំនិតគ្នា ជុំវិញទំហំនៃការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការដកទណ្ឌកម្មរបស់អាមេរិក។
លោក រ៉ូបឺត អូប្រៀន បានថ្លែងថា៖ «យើងបានប្តេជ្ញាទំនាក់ទំនង និងដើម្បីឲ្យទទួលបានគោលដៅជាច្រើន ដែលបានចាប់ផ្តើមធ្វើឡើង នៅឯកិច្ចប្រជុំកំពូលនៅប្រទេសសិង្ហបុរី»។
លោក រ៉ូបឺត អូប្រៀន បានថ្លែងថា៖ «យើងបានបន្តអំពាវនាវកូរ៉េខាងជើង ឲ្យបញ្ចៀសការបង្កហេតុផ្សេងៗ ហើយត្រូវគោរពកាតព្វកិច្ចឲ្យស្ថិតនៅក្រោមដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងត្រឡប់មកអនុវត្តកិច្ចចរចាប្រសើរជាង» ដោយលោកបាននិយាយសំដៅទៅលើបម្រាមរបស់អង្គការសហប្រជាជាតិ ជុំវិញការធ្វើតេស្តបច្ចេកវិទ្យាមីស៊ីលបាលីស្ទិក និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ក្រុងវ៉ាស៊ីនតោនបានអំពាវនាវជាបន្តបន្ទាប់ ឲ្យូកូរ៉េខាងជើងងាកមករកតុចរចា ខណៈអាមេរិកបានសង្កត់ធ្ងន់ថា ខ្លួននៅតែត្រៀមលក្ខណៈខាងយោធារួចជាស្រេច ដើម្បីឆ្លើយតបរាល់ការបង្កហេតុណាមួយពីសំណាក់កូរ៉េខាងជើងជានិច្ច។
កាលពីថ្ងៃចន្ទ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ស្តេបហែន ប៊ឺហ្គាន់ បានថ្លែងថា នៅមានពេលវេលាសម្រាប់ភាគីទាំង ២ ដើម្បីធ្វើ «ឲ្យរីកចម្រើនក្នុងទិសដៅ ដែលភាគីទាំង ២ ចង់ធ្វើនោះ»៕ Yonhap/SK