ក្រុង​ដាក្កាៈ ​សហព័ន្ធ​អង្គការ​កាកបាទ​ក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​អន្តរជាតិ (IFRC) ​បាន​ថ្លែង​ថា​ មនុស្ស​ជិត ​៦ ​លាន​នាក់ ​នៅ​ទូទាំង​អាស៊ី​ខាង​ត្បូង ​គឺ​ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង​ពី​ទឹក​ជំនន់​កាន់​តែ​ខ្លាំង​ឡើង​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​រដូវ​វស្សា ដោយ​បាន​​បង្ក​ឲ្យ​មនុស្ស​ជាង ​១ លាន​នាក់ ​បាន​រត់​ភៀស​ខ្លួន​នៅ​ក្នុង​រដ្ឋ​តែ​មួយ​គត់​របស់​ប្រទេស ​ឥណ្ឌា​។​

យោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​អង្គការ IFRC​ កាល​ពី​ថ្ងៃ​អង្គារ​ថា ​ក្រុម​បុគ្គលិក​ស្ម័គ្រ​ចិត្ត​របស់​អង្គការ​កាកបាទ​ក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​នៅ​ទូទាំង​ប្រទេស ​បង់ក្លាដែស​ ឥណ្ឌា​ និង​នេប៉ាល់ ​កំពុង​តែ​ប្រញាប់​ប្រញាល់​ដឹក​ជញ្ជូន​សម្ភារ​ផ្គត់ផ្គង់​ជា​បន្ទាន់ ​ទៅ​កាន់​សហគមន៍​មួយ​ចំនួន​ត្រូវ​បាន​គេ​រៀបចំ​នោះ​ ខណៈ​ស្ថានការណ៍​នៅ​ក្នុង​តំបន់​ជា​ច្រើន​ទំនង​ជា​កាន់​តែ​អាក្រក់​ខ្លាំង​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។​

អង្គការ​ IFRC ​បាន​ថ្លែង​ថា ​មនុស្ស​មួយ​ចំនួន​ទំនង​ជា​រង​ផល​ប៉ះពាល់​កាន់​តែ​ខ្លាំង​ឡើង​ និង​កំពុង​ព្រួយ​បារម្ភ​អំពី​ការ​ខ្វះខាត​ស្បៀង​អាហារ​ និង​ជំងឺ​ផ្ទុះ​ឡើង​ផង​ដែរ​។​

លោក​ Xavier​ Castellanos ​ជា​ប្រធាន​អង្គការ​ IFRC ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ បាន​ថ្លែង​ថា​៖ «​យើង​កំពុង​មើល​ឃើញ​មនុស្ស​រត់​ភៀស​ខ្លួន​កាន់​តែ​ច្រើន​ឡើង ​និង​ការ​កើន​ឡើង​នៃ​ការ​បាត់​បង់​មុខ​របរ​ ​ដោយសារ​តែ​ភ្លៀង​ធ្លាក់​ជា​រៀងរាល់​ថ្ងៃ។​ សហគមន៍​ទាំង​មូល​ត្រូវ​បាន​កាត់​ផ្តាច់​ដោយសារ​ទឹក​ជំនន់​កាន់​តែ​កើន​ឡើង​ ដោយ​បង្កើន​ហានិភ័យ​ដល់​ពលរដ្ឋ​ស្រេក​ឃ្លាន​ និង​ធ្លាក់​ខ្លួន​ឈឺ​»។​

ក្រុម​អ្នក​​ភូមិ​​​ធ្វើ​ដំណើរ​ដោយ​ជិះ​ទូក​នៅ​ក្បែរ​ផ្ទះ ១ ខ្នង ​ដែល​លិច​ទឹក​នៅ​សល់​តែ​ដំបូល​នៅ​ភូមិ ​Balimukh។ AFP

«​រាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​អស់​របស់​យើង​នៅ​ពេល​បច្ចុប្បន្ន​ ត្រូវ​បាន​ផ្តោត​ទៅ​លើ​មនុស្ស​ទាំង​អស់​នេះ​ និង​ការ​ធានា​ថា​ ពួក​គេ​បាន​ទទួល​ជំនួយ​ និង​ការ​គាំទ្រ​ ​ដើម្បី​ទប់ទល់​ជាមួយ​ទឹក​ជំនន់​នៅ​ពេល​ខាង​មុខ​នេះ​»។​

ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ​និង​ទឹក​ជំនន់​នៅ​រដូវ​វស្សា ​បាន​បង្ក​ឲ្យ​មនុស្ស​រត់​ភៀស​ខ្លួន ​និង​ស្លាប់​យ៉ាង​ច្រើន​ជា​រៀង​រាល់​ឆ្នាំ នៅ​ទូទាំង​អាស៊ី​ខាង​ត្បូង​។​

នៅ​រដ្ឋ​អាស៊េម​ភាគ​ឦសាន​ប្រទេស ​ឥណ្ឌា​ មនុស្ស​ជាង​មួយ​លាន​នាក់​បាន​រត់​ភៀស​ខ្លួន​ ក្រោយ​ពី​ទន្លេ​ប្រាម៉ាពូត្រា​ ដែល​ទឹក​បាន​ហូរ​ចេញ​ពី​ភ្នំ​ហិមាល័យ​ចូល​ទៅ​ប្រទេស ​ឥណ្ឌា​ បាន​ធ្វើ​ច្រាំង​ទន្លេ​បាក់​ហូរ​លាយ​ឡំ​ដោយ​ល្បាប់​ភក់​ជន់​លិច​ភូមិ​ជាង ​៧៤៩ ​ភូមិ​​។​

នៅ​នេប៉ាល់​ភាគ​អាគ្នេយ៍​ ស្រុក​មួយ​ចំនួន​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ ត្រូវ​បាន​ជន់​លិច​នៅ​ក្នុង​ទឹក ​និង​ពិបាក​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​កាកបាទ​ក្រហម​នោះ​​។​

កង​កម្លាំង​​ឆ្លើយ​តប​គ្រោះ​មហន្តរាយ​ឥណ្ឌា​ ​ស្វែង​រក​អ្នក​នៅ​រស់​ក្រោយ​អគារ​បាក់​នៅ​ក្រុង​ម៉ុមបៃ​។ AFP

ចំណែក​ឯ​ប្រទេស ​បង់ក្លាដែស​ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស ​៣​ បាន​រងគ្រោះ​ដោយ​ទឹក​ជំនន់​ ដោយ​បាន​ធ្វើ​ឲ្យ​មនុស្ស ​១៤ ​ពាន់​នាក់ ​រត់​ភៀស​ខ្លួន​ និង​លំនៅឋាន​ជាង ​១១ ​ពាន់​ខ្នង​រង​ការ​បំផ្លាញ​គ្មាន​សល់​។ ​ជាង​មួយ​សប្តាហ៍​មក​នេះ​ មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ បាន​បង្ក​ឲ្យ​មនុស្ស​ជាង ​២០០ ​នាក់​ស្លាប់ ​ដោយសារ​បាក់​ដី​នៅ​ក្រុង​បាហ្សារ​ ជា​ទីក្រុង​មួយ​នៅ​បង់ក្លាដែស​ភាគ​អាគ្នេយ៍​ ដោយ​បង្ខំ​ឲ្យ​មនុស្ស​ប្រហែល ​៩​ សែន​នាក់ រត់​ទៅ​រស់នៅ​ក្នុង​ជំរំ​បណ្តោះ​អាសន្ន​។​

លោក​ Castellanos ​បានថ្លែង​ថា៖ «​យើង​បាន​ដឹង​អំពី​ការ​រៀប​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​របស់​ពួក​គេ​។​ ទាំង​នៅ​ក្នុង​ប្រទេស​ទាំង ​៣​ ក្រុម​ការងារ​កាកបាទ​ក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​ បាន​ត្រៀម​សម្ភារ​ផ្គត់ផ្គង់​នៅ​ពេល​ភ្លៀង​ធ្លាក់​ខាង​មុខ​ ដូច្នេះ​ក្រុម​បុគ្គលិក​ស័្មគ្រ​ចិត្ត​ អាច​ដឹក​ស្បៀង​អាហារ​ផ្គត់ផ្គង់​ឲ្យ​បាន​ឆាប់​រហ័ស​ ដែល​ជំនួយ​ដំបូង​ គឺ​ទឹក​ស្អាត​ សម្រាប់​បរិភោគ ​ទី​ជម្រក​បណ្តោះ​អាសន្ន ​និង​សម្ភារ​អនាម័យ​ នឹង​ដឹក​ទៅ​កាន់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​នោះ​»​៕ Xinhua/SK