ខេត្ត​ចាយ៉ា​​ពូរ៉ាៈ ​មន្ត្រី​ម្នាក់​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ទឹក​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ខេត្ត​​ប៉ាពួ​ភាគ​ខាង​កើត​ឥណ្ឌូនេស៊ី​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ចំនួន ​៥៨ ​នាក់ ​ស្លាប់ ​ខណៈ​ក្រុម​រុករក​ និង​ជួយ​សង្គ្រោះ​បាន​ខិតខំ​ប្រឹងប្រែង​ ដើម្បី​ជួយ​ជន​រងគ្រោះ​រាប់​សិប​នាក់​ដោយ​មហន្តរាយ​នេះ។ ​

ទឹក​ជំនន់​នៅ​ក្នុង​តំបន់​សែនតានី​នៅ​ក្បែរ​រដ្ឋធានី​ចាយ៉ាពួរ៉ា​បង្ក​ឡើង​ដោយ​ភ្លៀង​ខ្លាំង ​និង​បាក់​ដី​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ ៧០ ​នាក់​រង​របួស​។​​​

អ្នក​នាំពាក្យ​ទី​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ​លោក ​Sutopo Purwo Nugroho​ បាន​ថ្លែង​ថា​ ផ្ទះ​សំបែង​រាប់​សិប​ខ្នង​ ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​ទឹក​ជំនន់​។ ​

លោក​ បាន​បន្ថែម​ថា​៖ «ចំនួន​ស្លាប់ និង​រង​របួស​ និង​ផល​ប៉ះពាល់​ពី​មហន្តរាយ​នេះ​ទំនង​ជា​អាច​កើន​ឡើង ​ខណៈ​ក្រុម​រុករក​ និង​ជួយ​សង្គ្រោះ​កំពុង​ប្រឹងប្រែង​ទៅ​ឲ្យ​ដល់​តំបន់​នានា​ដែល​រង​ផល​ប៉ះពាល់»។​​

«ទឹក​ជំនន់​ហូរ​លឿន​នេះ​ទំនង​ជា​បង្ក​​មក​ពី​បាក់​ដី​»។​

ទឹក​ស្រក​ទៅ​វិញ ​ប៉ុន្តែ​ក្រុម​មន្ត្រី​ នៅ​តែ​ព្យាយាម​ជួយ​ជម្លៀស​ប្រជាជន​ចេញ​ពី​តំបន់​ដែល​រង​ការ​ប៉ះ​ពាល់​ខ្លាំង​។

លោក​ Nugroho ​បាន​ថ្លែង​ថា​៖ ​«ក្រុម​អ្នក​រុករក​ និង​ជួយ​សង្គ្រោះ​នៅ​តែ​ធ្វើ​ការ​ជម្លៀស​និង​មិន​បាន​ទៅ​ដល់​តំបន់ ​ដែល​រង​ផលប៉ះ​ពាល់​ខ្លាំង​ដោយសារ​ដើម​ឈើ​រលំ ​ដុំ​ថ្ម​ ភក់​ និង​សម្ភារ​ដទៃ​ទៀត»។ ​

បើ​យោង​តាម​អ្នក​សែត​ AFP ​ម្នាក់ នៅ​កន្លែង​កើត​ហេតុ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​តំបន់​ដូយ៉ូ​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់ ​ដែល​ត្រូវ​រង​ផលប៉ះ​ពាល់​ខ្លាំង​ជាង​គេ​​បំផុត​​មាន​តំបន់​លំនៅឋាន​មួយ ​សម្បូរ​ដោយ​ដុំ​ថ្ម​ធំៗ ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ រមៀល​ធ្លាក់​ពី​ភ្នំ​​នៅ​ក្បែរ​នោះ ដោយសារ​ទឹក​ជំនន់​​៕ AFP/PSA