ក្រុងហាណូយៈ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជំនន់ទឹកភ្លៀងបានបណ្តាលឲ្យមនុស្ស ១៣ នាក់ស្លាប់ នៅវៀតណាមភាគកណ្តាល ខណៈប្រជាកសិករកំពុងប្រញាប់ប្រញាល់ជួយសង្រ្គោះដំណាំ និងបសុសត្វនៅមុនអាកាសធាតុដ៏អាក្រក់កើតឡើងនៅសប្តាហ៍នេះ។
ភ្លៀងធ្លាក់យ៉ាងខ្លាំង បានបណ្តាលឲ្យជន់លិចខេត្តចំនួន ៦ នៅភាគកណ្តាលនៃប្រទេសនេះ ចាប់តាំងពីថ្ងៃសៅរ៍ ដោយបានបណ្តាលឲ្យគោរាប់ពាន់ក្បាល និងមាន់ ងាប់ និងធ្វើឲ្យជន់លិចក្រុងជាច្រើនក្នុងនោះមានទីប្រជុំជនរមណីយដ្ឋាន ដាណាងផងដែរ។
ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កម្ពស់ទឹកភ្លៀងជាង ៥០ សង់ទីម៉ែត្រ បានធ្វើឲ្យប៉ះពាល់ដល់តំបន់ខ្លះ ដោយភ្លៀងធ្លាក់ខ្លាំង ត្រូវបានរំពឹងទុកថា នឹងមានបន្តនៅ ប៉ុន្មានថ្ងៃខាងមុខនេះ។
ប្រភពដដែលបានឲ្យដឹងទៀតថា៖ «មនុស្ស ១៣ នាក់បានស្លាប់ ខណៈម្នាក់ផ្សេងទៀត បានបាត់ខ្លួននៅក្នុងខេត្ត Quang Ngai»។
សេចក្តីរាយការណ៍បន្តថា ដំណាំប្រហែល ១២ ពាន់ហិកតាត្រូវបានបំផ្លាញ និងបសុសត្វ ប្រហែលជា ១៦ ម៉ឺនក្បាល បានងាប់។
កសិករម្នាក់នៅក្នុងខេត្ត Quang Nam បាននិយាយថា លោក បានបាត់បង់មាន់ជាច្រើនក្បាលនៅក្នុងទឹកជំនន់ ដោយបានធ្វើឲ្យលោកខាតបង់ប្រាក់អស់រាប់ម៉ឺនដុល្លារ។
លោក Nguyen Thanh ដែលត្រូវបានដកស្រង់សម្តីដោយកាសែត Tuoi Tre គ្រប់គ្រងដោយរដ្ឋនោះ បាននិយាយថា៖ «ទឹកជំនន់នោះ បានស្រកទៅវិញ ប៉ុន្តែមាន់រាប់ពាន់ក្បាលបានងាប់។ យើងត្រូវតែប្រមូលមាន់ងាប់ទាំងនោះយកទៅកប់ចោលដោយសារក្លិនស្អុយខ្លាំងពេកអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព៕