ក្រុង​ស៊ីដនីៈ រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី លោកស្រី Marise Payne បាន​ទៅ​ទស្សនកិច្ច​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ជា​ប្រទេស​មួយ​ដែល​ពេល​ថ្មីៗ​នេះ អង្គការ​សហ​ប្រជាជាតិ រក​ឃើញ​ថា​បាន​ធ្វើ​អ្វី ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អំពើ​ប្រល័យ​ពូជ​សាសន៍​ប្រឆាំង​ទៅ​នឹង​ជន​ភាគ​តិច​មូស្លីម​រ៉ូហ៊ីងយ៉ា កាល​ពី​ឆ្នាំ ២០១៧។

យោងតាម​ការវាយតម្លៃ​ខ្លះ​បាន​ឲ្យ​ដឹងថា មាន​ជនភាគតិច​មូស្លីម​រ៉ូហ៊ីងយ៉ា​ប្រហែល ពី ១០ ពាន់ ទៅ ២០ ពាន់​នាក់ ត្រូវ​បាន​គេ​សម្លាប់ និង ជាង ៧៥ ម៉ឺន​នាក់​ទៀត បាន​រត់​គេច​ខ្លួន ពី​មីយ៉ាន់ម៉ា​ទៅ​កាន់​ប្រទេស​បង់ក្លាដែស ជាទី​ដែល​ពួកគេ បច្ចុប្បន្ន​នេះ រស់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​បណ្តោះ​អាសន្ន នៅ​ក្នុង​ក្រុង​បាហ្សារ។

ចំណែកឯ​សកម្មភាព​ដ៏​សាហាវ នៅតែ​កើតមាន​បន្ត​ប្រឆាំង​ជន​រ៉ូហ៊ីងយ៉ា និង​ក្រុម​ជន​ជាតិ​ភាគ​តិច​ភូមា ដែល​រស់​នៅ​ក្នុង​ប្រទេស​នោះ ដែល​ភាគ​ច្រើន​ក្នុង​ចំណោម​ពួកគេ​ត្រូវ​ដក​ហូត​សញ្ជាតិ​អស់​រយៈពេល​ជិត ៣០ ឆ្នាំ​មក​ហើយ។

ថ្វីបើ​មាន​បញ្ហា​បែបនេះ​ក្តី ក៏​ប្រទេស​អូស្ត្រាលី នៅតែ​ជា​ប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​លោក​ខាង​លិច ដែល នៅ​បន្ត​ទំនាក់​ទំនង​ជាមួយ​របប​យោធា Tatamadaw ដ៏​សាហាវ​ឃោរ​ឃៅ ហើយ ក៏​ជា​រឿង​មួយ ធ្វើ​ឲ្យ​មិន​ចុះ​សម្រុង​ជាមួយ​អាមេរិក កាណាដា សហភាព​អឺរ៉ុប អង់គ្លេស និង​បារាំង ក្នុង​ចំណោម​ប្រទេស​ផ្សេងៗ​ទៀត។

រដ្ឋាភិបាល​នៃ​ប្រទេស​អូស្ត្រាលី បាន​បញ្ជាក់ថា ជំនួយ​ដែលមាន​ទឹកប្រាក់​ប្រហែល ៤០ ម៉ឺន​ដុល្លារ​អូស្ត្រាលី​ជា​រៀង​រាល់​ឆ្នាំ គឺ​ត្រូវ​បាន​គេ​កំណត់​ថា​ជា​ជំនួយ​មនុស្ស​ធម៌ ជំនួយ​សម្រាប់​គ្រោះ​មហន្តរាយ​នានា ការ​រក្សា​សន្តិភាព និង ការ​បណ្តុះ​បណ្តាល​ភាសា​អង់គ្លេស ដែល ត្រូវ​បាន​គេ​រៀបចំ​បង្ហាញ​ដល់​យោធា​មីយ៉ាន់ម៉ា អំពី​មធ្យោបាយ​ខ្លះៗ​របស់ កង​កម្លាំង​ការពារ​ជាតិ​ដ៏​ទំនើប និង​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ក៏បាន​បង្ហាញ​សារៈ​សំខាន់​នៃ​ការ​គោរព​ច្បាប់​មនុស្ស​ធម៌​អន្តរជាតិ​ផង​ដែរ៕