ក្រុ​ង​ណាន​នីងៈ ក្រុម​អាជ្ញា​ធរ ​បាន​និយាយ​ថា ​មនុស្ស​​១៧​នាក់​ ត្រូវ​បាន​គេ​អះ​អាង​ថា​ស្លាប់​ ក្រោ​យ​ពី​ទូក​នាគ​ពីរ​គ្រឿង​ ក្រឡាប់​លិច​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​តំបន់​ស្វយ័ត​ Guangxi Zhuang​នៃ​ប្រទេស​ចិន។

ឧប្បត្តិ​ហេតុ​នោះ​ បាន​កើត​ឡើង​នៅ​ម៉ោង​១និង​៣០​នាទី​រសៀល​ នៅ​ពេល​ទូក​នាគ​ពីរ​គ្រឿង​ ​មាន​ប្រវែង​១៨​ម៉ែត្រ ​ដែល​ទូក​នីមួយៗ ​អាច​ដឹក​មនុស្ស​ បាន​៣០​នាក់​ បាន​ក្រឡាប់​នៅ​ក្នុង​អំឡុង​ពេល​ហ្វឹក​ហាត់អុំ​​នៅ​ទន្លេ​Taohuajiang ​ក្នុង​ក្រុង​ Guilin ជា​រដ្ឋ​ធានី​នៅ​ក្នុង​តំបន់។ ​មនុស្ស​ប្រហែល​៦០​នាក់​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​។

ទូក​៨​គ្រឿង​ និង​មនុស្ស​ជាង​២០០​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​ជួយ​សង្រ្គោះក្រុម​ជន​រង​គ្រោះ​ ​ដែល​ការ​ជួយសង្គ្រោះ​នោះ បាន​ចប់​នៅ​ម៉ោង​ប្រហែល​១០​យប់​។

ក្រុម​អាជ្ញា​ធរ​នៅ​ក្នុង​ក្រុង Guilin ​បាន​និយាយ​ថា ​អ្នក​ភូមិ​ជា​ច្រើន​នៅ​ក្នុង​ភូមិ Dunmu បាន​​​រៀប​ចំ​ការ​ហ្វឹក​ហាត់​អុំ​ ដោយ​មិន​បាន​ជូន​ដំណឹង​ដល់​ប៉ូលិស​ជា​មុន។ ​ អ្នក​រៀប​ចំ​ពីរ​នាក់ ​ត្រូវ​បាន​ឃាត់​ខ្លួន៕ Xinhua/PSA