កាល​ពីថ្ងៃ​ព្រហស្បតិ៍​ ទី​ ១៨ ​កុម្ភៈ​នេះ ប្រជាជន​មីយ៉ាន់ម៉ា​បាន​ផ្តុំគ្នា​ជិត​សកល​វិទ្យាល័យ​មួយ​ក្នុង​ទី​ក្រុងទី​ក្រុងហាំ​ហ្គោន​ ហើយ​បាន​ធ្វើ​បាតុកម្មតវ៉ា​ទៅនឹង​កង​កម្លាំង​យោធា។ ក្រោយពី​មាន​ការ​ប្រមូល​ផ្តុំគ្នា​ ដើម្បី​តវ៉ា​នឹង​រដ្ឋាភិបាល​ដឹកនាំ​ដោយយោធា​នៅ​មីយ៉ាន់​ម៉ា​បច្ចុប្បន្ន កង​ទាហ៊ាន​បានចាប់​ខ្លួន​មនុស្ស​ប្រហែល​ជា​ប្រមាណ ​៥០០​ នាក់​រួច​មក​ហើយ​។

ទោះ​បី​ជាយោធា​បាន​អំពាវនាវ​ឱ្យមន្រ្តី​រាជការ​វិល​ត្រឡប់​ចូល​ធ្វើការ​វិញ និង​គំរាម​ប្រើស​កម្មភាព​ណា​មួយ​ដើម្បី​បង្រ្កាប​ការ​ប្រមូល​ផ្តុំគ្នានេះ​ក៏​ដោយ ​ក្រុម​បាតុករ​ហា​ក់​បីដូច​ជា​មិនមាន​ការ​អន់ថយ​នៅ​ឡើយ​ទេ​។

កាល​ពីថ្ងៃ​ទី​១៧ កុម្ភៈ​យោធា​មីយ៉ាន់ម៉ា​បាន​ប្រកាសថា​មាន​តារា​ល្បីៗ​ចំនួន ៦ នាក់​ ដែល​រួមមាន​អ្នកដឹក​នាំរឿង​តួ​សម្តែង ​និង​អ្នកចំរៀង​ត្រូវ​បាន​ចោទ​ប្រកាន់ទាក់ទង​នឹង​ការ​តវ៉ា​នេះ​។ ការ​ចោទ​ប្រកាន់​អ្នក​ទាំង​ ៦​ នាក់នោះ ​គឺ​ក្រោម​ច្បាប់​ប្រឆាំង​នឹង​ការ​ញុះញង់​ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​មន្រ្តី​រាជការ​ឱ្យ​ចូល​រួមបាតុ​កម្ម​ជា​ជាង​ចូល​បម្រើ​ការងារ​ធម្មតា​។ ការ​ចោទ​ប្រកាន់​នេះ​អាច​ដាក់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ​២ ​ឆ្នាំ៕