ក្រុង​វ៉ាស៊ីនតោន៖ យោង​តាម​មន្ត្រី ​២ ​រូប ​​នៃ​​​ក្រសួង​សន្តិសុខ​​មាតុភូមិ​បាន​ឲ្យ​ដឹង​ថា​​ ការ​កើន​ឡើង​ការ​ចាប់​ខ្លួន​នៅ​​តាម​បណ្តោយ​ព្រំដែន​ម៊ិកស៊ិក​មួយ​ផ្នែក ត្រូវ​បាន​ជំរុញ​ដោយ​​​​ជន​ចំណាក​ស្រុក​​ដែល​កំពុង​កើន​ឡើង​បាន​ព្យាយាម​ចូល​ទឹក​អាមេរិក​ម្តង​ហើយ​ម្តង​ទៀត ខណៈ​​វិធានការ​​​ទប់ស្កាត់​​​ជំងឺ​រាតត្បាត​បាន​បណ្តេញ​អ្នក​ដែល​គេ​​ឃុំ​ខ្លួន​ភាគ​ច្រើន ​​មាន​ផល​ពិបាក​ពី​ការ​អនុញ្ញាត​ឲ្យ​ពួក​គេ​​​ព្យាយាម​ឆ្លង​​​ចូល ព្រំដែន​ដោយ​ខុស​ច្បាប់​​។

អង្គភាព​គយ ​និង​ការពារ​ព្រំដែន (CBP) ​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា ​ទីភ្នាក់ងារ​នេះ​ បាន​កត់ត្រា​អ្នក​ជាប់​ឃុំ​ចំនួន ​៤០ ៧៤៦ ​នាក់​ នៅ​ក្នុង​ខែ​កក្កដា ​រហូត​ដល់ ​២៤ ​ភាគរយ ​ពី​ខែ​មិថុនា​ និង​តួលេខ​កើន​ឡើង​ទ្វេដង​កាល​​ពី​ខែ​មេសា​ នៅ​ពេល​ដែល​មនុស្ស ​១៧ ០៨៦ ​នាក់ ​ត្រូវ​បាន​គេ​ចាប់​ឃុំ​ឃាំង។ ​ចាប់​តាំង​ពី​អនុវត្ត​វិធានការ​គ្រាអាសន្ន​មក​មន្ត្រី ​CBP មិន​បាន​លាត​ត្រដាង​អត្រា​នៃ​ការ​ប្រព្រឹត្ត​ខុស​នៅ​តាម​ព្រំដែន​​ទេ​» ជា​ភាគរយ​នៃ​ការ​ឃុំ​ខ្លួន​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​ឆ្លង​ព្រំដែន​ម្តង​ហើយ​ម្តង​ទៀត ​ប៉ុន្តែ​មន្ត្រី​អង្កេត​ប្រជាជន​ ​និង​​សុខភាព ​(DHS) បាន​និយាយ​ថា តួលេខ​នា​​ពេល​បច្ចុប្បន្ន​នេះ លើស​ពី ​៣០​ ភាគរយ​។

កាល​ពី​ចុង​ខែ​មីនា ​ខណៈ​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា ​បាន​ឆ្លង​រាលដាល ​រដ្ឋការ​របស់​លោក ​ដូណាល់ ត្រាំ​ បាន​ចាប់​ផ្តើម​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​ជា​ច្រើន​រៀបចំ​ឲ្យ​ជន​ចំណាក​ស្រុក​ និង​ដឹក​ពួក​គេ​ត្រឡប់​ទៅ​ម៊ិកស៊ិក​វិញ​ជំនួស​ឲ្យ​ការ​ចាប់​ពួក​គេ​ឃុំ​ខ្លួន​ឃុំឃាំង ​ជា​ទី​ដែល​អាច​ឆ្លង​វីរុស​កាន់​តែ​ច្រើន​ឡើង។ ​ជាង ​៩០ ​ភាគរយ​នៃ​អ្នក​ទាំង​អស់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ CBP ត្រូវ​បណ្តេញ​ចេញ​ពី​ប្រទេស​ភ្លាមៗ​ ​នៅ​ក្រោម​វិធានការ​គ្រាអាសន្ន​ ក្នុង​នោះ​ មាន​អនីតិជន និង​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន។

កម្រិត​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ខែ​មេសា ​ក្រោយ​ពី​វិធានការ​នានា​ត្រូវ​បាន​អនុវត្ត ​ប៉ុន្តែ​ការ​ឆ្លង​ព្រំដែន​បាន​កើន​ឡើង​តាំង​ពី​​ពេល​នោះ​មក​។

មន្ត្រី​អាមេរិក​រំពឹង​ថា ​និន្នាការ​នេះ​នឹង​នៅ​តែ​បន្ត​ ខណៈ​ស្ថានភាព​សេដ្ឋកិច្ច​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​​ម៊ិកស៊ិក​ និង​អាមេរិក​កណ្តាល​ដោយសារ​ជំងឺ​​​រាតត្បាត​៕ W.Post/PSA