
លោក Toshimitsu Motegi ថ្លែងនៅក្នុងអំឡុងបើកកិច្ចប្រជុំសភានៅក្រុងតូក្យូ។ AFP
កាលពីថ្ងៃចន្ទ រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានចោទប្រកាន់ប្រទេសកូរ៉េខាងត្បូង ថា ប្រទេសនេះកាន់តែធ្វើឱ្យភាពតានតឹងនៃប្រទេសទាំង ២ រឹតតែអាក្រក់ឡើង ដោយបានទាមទារ «ខុសច្បាប់» ទាក់ទិននឹងករណីសងការខូចខាតដល់អតីតស្ត្រីជនជាតិកូរ៉េ ដែលត្រូវគេចាប់ទៅបម្រើការផ្លូវភេទ និងបង្ខំឱ្យធ្វើពលកម្មក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២។
បើយោងតាមសារព័ត៌មាន AP លោក ToshimitsuMotegi បាននិយាយក្នុងសុន្ទរកថា គោលនយោបាយការទូតនៅក្នុងសភា ថា សេចក្តីសម្រេចរបស់តុលាការកូរ៉េខាងត្បូងដែលបញ្ជាឱ្យជប៉ុនផ្តល់សំណងដល់ស្ត្រីកូរ៉េខាងត្បូងចំនួន ១២ នាក់ ដែលត្រូវបានរំលោភបំពានផ្លូវភេទនៅក្នុងផ្ទះបនយោធារបស់ជប៉ុនក្នុងអំឡុងពេលសង្គ្រាមនោះ គឺជា «ការវិវឌ្ឍមិនធម្មតាមួយដែលមិនអាចគិតគូរបានតាមច្បាប់អន្តរជាតិ និងសម្រាប់ទំនាក់ទំនងទ្វេភាគី» ។
លោក Motegi បាននិយាយថា៖ «យើងទទូចដល់កូរ៉េខាងត្បូងឱ្យកែប្រែការរំលោភច្បាប់អន្តរជាតិឱ្យបានឆាប់រហ័សបំផុត» និងធ្វើយ៉ាងណាឱ្យទំនាក់ទំនងប្រទេសទាំង ២ នេះ ល្អឡើងវិញ។
តុលាការក្រុងសេអ៊ូល បានប្រកាសនៅថ្ងៃទី ៨ ខែមករា ថា រដ្ឋាភិបាលជប៉ុនត្រូវផ្តល់ប្រាក់ ៩១ ៣៦០ ដុល្លារ ក្នុង ១ នាក់ដល់ស្ត្រីវ័យចំណាស់ទាំង ១២ នាក់នោះ ដែលបានដាក់ពាក្យបណ្តឹងកាលពីឆ្នាំ ២០១៣ ជុំវិញការរងទុក្ខវេទនារបស់ពួកគេក្នុងសម័យសង្គ្រាម។ អ្នកទាំង ១២ នាក់នេះ គឺស្ថិតនៅក្នុងចំណោមស្ត្រីរាប់ម៉ឺននាក់ទៀតនៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិកដែលត្រូវបានបញ្ជូនទៅឱ្យក្នុងផ្ទះបននៃទីបញ្ជាការកងទ័ពជប៉ុនជួរមុខកាលពីសម័យសង្គ្រាម។
សេចក្តីសម្រេចនេះ កាន់តែបន្ថែមភាពតានតឹងរឹតតែខ្លាំងឡើងដល់ប្រទេសទាំង ២ ខណៈទំនាក់ទំនងប្រទេសនេះបានធ្លាក់ក្នុងសភាពអាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ក្រោយមានសេចក្តីសម្រេចមួយទៀតរបស់កូរ៉េខាងត្បូងស្តីពីសកម្មភាពរបស់ជប៉ុនក្នុងអំឡុងអាណានិគមរបស់ខ្លួនក្នុងឆ្នាំ ១៩១០-១៩៤៥ ទៅលើឧបទ្វីបកូរ៉េ។
តុលាការកំពូលរបស់កូរ៉េខាងត្បូងនៅឆ្នាំ ២០១៨ បានបញ្ជាឱ្យក្រុមហ៊ុនជប៉ុនផ្តល់សំណងដល់ប្រជាជនកូរ៉េខាងត្បូងមួយចំនួនដែលត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងរោងចក្ររបស់ខ្លួនក្នុងអំឡុងពេលសង្គ្រាម។
ជម្លោះស្តីពីពលកម្មដោយបង្ខំនេះ បានរីករាលដាលក្លាយទៅជាជម្លោះពាណិជ្ជកម្មមួយរំពេច ហើយកូរ៉េខាងត្បូង ក៏បានគំរាមដកកិច្ចព្រមព្រៀងស្តីពីការចែករំលែកព័ត៌មានសម្ងាត់យោធាឆ្នាំ ២០១៦ ជាមួយជប៉ុន ដែលជាសមាសធាតុសំខាន់មួយនៃកិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់ជាមួយសហរដ្ឋអាមេរិក។
ប្រទេសជប៉ុន បានប្រឆាំងនឹងសេចក្តីសម្រេចនេះ ដោយនិយាយថា រាល់បញ្ហាសំណងក្នុងពេលសង្គ្រាមត្រូវបានដោះស្រាយក្រោមសន្ធិសញ្ញា ឆ្នាំ ១៩៦៥ រួចហើយ ដែលជប៉ុនត្រូវផ្តល់ជំនួយសេដ្ឋកិច្ចចំនួន ៥០០ លានដុល្លារដល់ប្រទេសនេះ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បាននិយាយកាលពីថ្ងៃចន្ទថា វាពិបាកក្នុងការធ្វើកិច្ចសហប្រតិបត្តិការទំនាក់ទំនងទ្វេភាគីណាស់ ប្រសិនបើក្រុងសេអ៊ូល និងតូក្យូខកខានក្នុងការស្វែងរកដំណោះស្រាយការទូតមុនពេលតុលាការកូរ៉េខាងត្បូង ខណៈដែលជប៉ុននៅតែបដិសេធមិនផ្តល់សំណងដល់ពលករកូរ៉េក្នុងសម័យសង្គ្រាម។
លោក Moon បានបន្តថា ការមិនព្រមទទួលស្គាល់សេចក្តីសម្រេចក្នុងការផ្ដល់សំណងដល់ស្ត្រីរងគ្រោះទាំងនោះពិតជាបង្កឱ្យមានភាពស្មុគស្មាញក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍របស់រដ្ឋាភិបាល ដើម្បីធ្វើឱ្យមានភាពប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសជប៉ុន។
លោក Motegi បានហៅប្រទេសកូរ៉េខាងត្បូងថា ជាប្រទេសជិតខាងដ៏សំខាន់មួយ ហើយបាននិយាយថា កិច្ចសហប្រតិបត្តិការរបស់កូរ៉េជាមួយប្រទេសជប៉ុន និងសហរដ្ឋអាមេរិក គឺជាអ្វីដែលមិនអាចខ្វះបានសម្រាប់សន្តិសុខក្នុងតំបន់រួមទាំងការឆ្លើយតបទៅនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងផងដែរ។
គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុន ក្រោមមូលនិធិរបស់ស្ត្រីអាស៊ីពាក់កណ្តាលរដ្ឋាភិបាលឆ្នាំ ១៩៩៥ បានផ្តល់សំណង និងលិខិតសុំទោសដល់ជនរងគ្រោះដែលធ្លាប់ត្រូវរំលោភបំពានផ្លូវភេទក្នុងពេលសង្គ្រាមពីប្រទេសចំនួន ៥ ដោយជម្លោះជាមួយប្រទេសទាំងអស់សុទ្ធតែដោះស្រាយរួច លើកលែងតែប្រទេសកូរ៉េខាងត្បូង។
យោងតាមក្រសួងការបរទេសជប៉ុនបានឱ្យដឹងថា ជនរងគ្រោះជនជាតិកូរ៉េចំនួន ៦១ នាក់ ទទួលបានប្រាក់ ៤៨ ២០០ ដុល្លារ ក្នុងម្នាក់ៗពីមូលនិធិសរុបតម្លៃ ៣,៥ លានដុល្លារ៕